កីឡាជាតិ
ជាតិ
SEA Games៖ កាយសម្ព័ន្ធ​កម្ពុជា​រំពឹង​បាន​លទ្ធផល​ល្អ​ក្រោយ​ហ្វឹកហាត់​នៅ​ចិន​៤​ខែ​
13, Aug 2017 , 6:39 pm         744
រូបភាព
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ រូបភាពពីហ្វេសប៊ុក NOCC
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ រូបភាពពីហ្វេសប៊ុក NOCC
​តាមរយៈ​ការហ្វឹកហាត់​៤​ខែ​នៅ ចិន របស់​កីឡាករ សំ រី​ម បានធ្វើ​ឲ្យ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា រំពឹងថា កាយសម្ព័ន្ធ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំនេះ​។ ការរំពឹង​បែបនេះ ដោ​ស​សារ លោក មើលឃើញ​ពី​ការរីកចម្រើន​ខ្លាំង​របស់ សំ រី​ម ដែលជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​សហព័ន្ធ​បញ្ជូន​ឲ្យ​ចូលរួម​ការប្រកួត​នេះ​។  លោក ណ​យ ផា​ណា បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​កាលពី​ព្រឹក​ថ្ងៃទី​១៣ សីហា ដើម្បី​យក​កីឡាករ សំ រី​ម ដែល​កំពុង​ហ្វឹកហាត់​នៅ​ទីនោះ​ទៅ​ចូលរួម​ការប្រកួត​មួយ​នេះ​។


​ទោះបី​កីឡា​កាយសម្ព័ន្ធ​មិនបាន​ដាក់​គោលដៅ​ឈានដល់​ដណ្តើមបាន​មេដាយ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការហ្វឹកហាត់​៤​ខែ​នៅ ចិន ដែលជា​ប្រទេស​សក្តានុពល​ផ្នែក​កីឡា​នេះ​របស់​កីឡាករ សំ រី​ម បានធ្វើ​ឲ្យ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រំពឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ពី​ការប្រកួត​កីឡា​ហ្គេម​នៅ​ម៉ាឡេស៊ី​។ ទោះបី​ឱកាស​ដណ្តើមបាន​មេដាយ​មាន​តិច​សម្រាប់​កម្ពុជា ប៉ុន្តែ លោក អះអាងថា វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ស្វិតស្វាញ និង​មានការ​ប្រកួតប្រជែង​ខ្ពស់​។

​ក្រោយ​ទទួលបាន​ការហ្វឹកហាត់​រយៈពេល​៤​ខែ​ជាមួយ​ប្រទេស​សក្តានុពល លោក ណ​យ ផា​ណា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​និយាយ​ក្នុង​កម្រិត​ទទួលបាន​មេដាយ​នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា ការប្រកួត​នេះ​នឹងមាន​ការប្រកួតប្រជែង​គ្នា​ដ៏​តឹងតែង​មួយ​។ ទោះបី​ប្រទេស​ជាច្រើន​ដែល​ធ្លាប់​ទទួលបាន​មេដាយ ប៉ុន្តែ​នៅពេល​គេ​ដឹងថា យើង​ហ្វឹកហាត់​នៅ​ចិន គេ​មានការ​បារម្ភ ព្រោះ​គេ​ដឹងថា កីឡា​កាយសម្ព័ន្ធ​ពេល​ទៅ​ហ្វឹកហាត់​នៅ​ចិន គឺមាន​គុណ​ផល​ល្អ​»​។​

​អ្វីដែល​ធ្វើ​ឲ្យ​លោក​អគ្គលេខាធិការ​រូបនេះ​កាន់តែ​មាន​ទំនុក​នោះ គឺ​ការរីកចម្រើន​ខ្លាំង​ផ្នែក​បច្ចេកទេស និង​សមត្ថភាព​លើសពី​ការរំពឹងទុក​របស់​កីឡាករ សំ រី​ម ក្រោយ​ទទួលបាន​ការហ្វឹកហាត់​នៅ​ចិន​មួយរយៈ​មកនេះ​។ «​តាមរយៈ​ការហ្វឹកហាត់​នៅ​ចិន ខ្ញុំ​សង្កេតឃើញថា សមត្ថភាព​របស់​កីឡាករ សំ រី​ម មានការ​កើនឡើង​ច្រើន​មែនទែន ធ្វើ​ឲ្យ​យើង​មិន​នឹកស្មាន​ដល់​។ ការរីកចម្រើន​ដ៏​ខ្លាំង​នេះ ដោយសារ​ទីនោះ កន្លែង​ហ្វឹកហាត់​ប្រកបដោយ​បច្ចេកទេស​ពេញលេញ​»​។ នេះ​ជាស​ម្តី​របស់លោក ណ​យ ផា​ណា​។

​ដើម្បី​ត្រៀម​ចូលរួម​ប្រ​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បញ្ជូន​កីឡាករ សំ រី​ម ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ចិន រយៈពេល​៤​ខែ​ចាប់ពី​ខែមេសា ដល់​ខែសីហា​។ ការហ្វឹកហាត់​រយៈពេល​៤​ខែ​នេះ ដោយបាន​ការឧបត្ថម្ភ​ទាំងស្រុង​ពី​លោក Gordon Tang អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។



​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ដើម្បី​ទៅយក​កីឡាករ សំ រី​ម ដែល​កំពុង​ហ្វឹកហាត់​នៅ​ទីនោះ​ឲ្យ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​។ សម្រាប់​ការចាកចេញ​ទៅ​ចិន​នេះដែរ លោក នឹង​ស្នាក់​នៅ​ទីនោះ​រយៈពេល​២​ថ្ងៃ ដើម្បី​ជួប​ថ្លែងអំណរគុណ​ភាគី​ចិន​មុន​បន្តដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៥ ខែសីហា​។

​កីឡាករ សំ រី​ម នឹង​ចូល​ហ្វឹកហាត់​និង​ស្នាក់នៅ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែសីហា ដើម្បី​ត្រៀម​ការប្រកួត​ចន្លោះ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៨ ខែសីហា​។ លោក​បាន​បញ្ជាក់ថា សម្រាប់​ថ្លៃ​ស្នាក់នៅ​និង​ហូបចុក​រយៈពេល​៥​ថ្ងៃមុន​ការប្រកួត​មកដល់ ដោយ​ទទួល​ការឧបត្ថម្ភ​ពី​លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​លោក សុខ ហុង អនុប្រធាន​សហព័ន្ធ​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បញ្ជូន​កីឡាករ សំ រី​ម តែ​ម្នាក់​នោះទេ​ឲ្យ​ចូលរួម​ក្រោម​ការដឹកនាំ​របស់លោក ណ​យ ផា​ណា​។ សំ រី​ម នឹង​ប្រកួត​លើ​វិញ្ញាសា​កម្រាល និង​សេះ​លោត​៕ 

Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next