កីឡាជាតិ
ជាតិ
SEA Games៖ កាយសម្ព័ន្ធកម្ពុជារំពឹងបានលទ្ធផលល្អក្រោយហ្វឹកហាត់នៅចិន៤ខែ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ រូបភាពពីហ្វេសប៊ុក NOCC
× តាមរយៈការហ្វឹកហាត់៤ខែនៅ ចិន របស់កីឡាករ សំ រីម បានធ្វើឲ្យអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា រំពឹងថា កាយសម្ព័ន្ធកម្ពុជានឹងទទួលបានលទ្ធផលល្អពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ឆ្នាំនេះ។ ការរំពឹងបែបនេះ ដោសសារ លោក មើលឃើញពីការរីកចម្រើនខ្លាំងរបស់ សំ រីម ដែលជាកីឡាករតែម្នាក់គត់ដែលសហព័ន្ធបញ្ជូនឲ្យចូលរួមការប្រកួតនេះ។ លោក ណយ ផាណា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីព្រឹកថ្ងៃទី១៣ សីហា ដើម្បីយកកីឡាករ សំ រីម ដែលកំពុងហ្វឹកហាត់នៅទីនោះទៅចូលរួមការប្រកួតមួយនេះ។
ទោះបីកីឡាកាយសម្ព័ន្ធមិនបានដាក់គោលដៅឈានដល់ដណ្តើមបានមេដាយក៏ដោយ ប៉ុន្តែតាមរយៈការហ្វឹកហាត់៤ខែនៅ ចិន ដែលជាប្រទេសសក្តានុពលផ្នែកកីឡានេះរបស់កីឡាករ សំ រីម បានធ្វើឲ្យ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជារំពឹងទទួលបានលទ្ធផលល្អប្រសើរពីការប្រកួតកីឡាហ្គេមនៅម៉ាឡេស៊ី។ ទោះបីឱកាសដណ្តើមបានមេដាយមានតិចសម្រាប់កម្ពុជា ប៉ុន្តែ លោក អះអាងថា វានឹងក្លាយជាការប្រកួតមួយដ៏ស្វិតស្វាញ និងមានការប្រកួតប្រជែងខ្ពស់។
ក្រោយទទួលបានការហ្វឹកហាត់រយៈពេល៤ខែជាមួយប្រទេសសក្តានុពល លោក ណយ ផាណា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមិននិយាយក្នុងកម្រិតទទួលបានមេដាយនោះទេ ប៉ុន្តែខ្ញុំគិតថា ការប្រកួតនេះនឹងមានការប្រកួតប្រជែងគ្នាដ៏តឹងតែងមួយ។ ទោះបីប្រទេសជាច្រើនដែលធ្លាប់ទទួលបានមេដាយ ប៉ុន្តែនៅពេលគេដឹងថា យើងហ្វឹកហាត់នៅចិន គេមានការបារម្ភ ព្រោះគេដឹងថា កីឡាកាយសម្ព័ន្ធពេលទៅហ្វឹកហាត់នៅចិន គឺមានគុណផលល្អ»។
អ្វីដែលធ្វើឲ្យលោកអគ្គលេខាធិការរូបនេះកាន់តែមានទំនុកនោះ គឺការរីកចម្រើនខ្លាំងផ្នែកបច្ចេកទេស និងសមត្ថភាពលើសពីការរំពឹងទុករបស់កីឡាករ សំ រីម ក្រោយទទួលបានការហ្វឹកហាត់នៅចិនមួយរយៈមកនេះ។ «តាមរយៈការហ្វឹកហាត់នៅចិន ខ្ញុំសង្កេតឃើញថា សមត្ថភាពរបស់កីឡាករ សំ រីម មានការកើនឡើងច្រើនមែនទែន ធ្វើឲ្យយើងមិននឹកស្មានដល់។ ការរីកចម្រើនដ៏ខ្លាំងនេះ ដោយសារទីនោះ កន្លែងហ្វឹកហាត់ប្រកបដោយបច្ចេកទេសពេញលេញ»។ នេះជាសម្តីរបស់លោក ណយ ផាណា។
ដើម្បីត្រៀមចូលរួមប្រកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនកីឡាករ សំ រីម ឲ្យទៅហ្វឹកហាត់នៅចិន រយៈពេល៤ខែចាប់ពីខែមេសា ដល់ខែសីហា។ ការហ្វឹកហាត់រយៈពេល៤ខែនេះ ដោយបានការឧបត្ថម្ភទាំងស្រុងពីលោក Gordon Tang អនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបាន ចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិននៅព្រឹកថ្ងៃទី១៣ ខែសីហា ដើម្បីទៅយកកីឡាករ សំ រីម ដែលកំពុងហ្វឹកហាត់នៅទីនោះឲ្យចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី។ សម្រាប់ការចាកចេញទៅចិននេះដែរ លោក នឹងស្នាក់នៅទីនោះរយៈពេល២ថ្ងៃ ដើម្បីជួបថ្លែងអំណរគុណភាគីចិនមុនបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែសីហា។
កីឡាករ សំ រីម នឹងចូលហ្វឹកហាត់និងស្នាក់នៅជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា ដើម្បីត្រៀមការប្រកួតចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែសីហា។ លោកបានបញ្ជាក់ថា សម្រាប់ថ្លៃស្នាក់នៅនិងហូបចុករយៈពេល៥ថ្ងៃមុនការប្រកួតមកដល់ ដោយទទួលការឧបត្ថម្ភពីលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោក សុខ ហុង អនុប្រធានសហព័ន្ធ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបញ្ជូនកីឡាករ សំ រីម តែម្នាក់នោះទេឲ្យចូលរួមក្រោមការដឹកនាំរបស់លោក ណយ ផាណា។ សំ រីម នឹងប្រកួតលើវិញ្ញាសាកម្រាល និងសេះលោត៕
Tag:
កាយសម្ព័ន្ធ
ណយ ផាណា
SEA Games 2017
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com