កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បង្ហាញ​ភាពខ្លាំង Huddersfield ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល រីឯ Chelsea ចាញ់​
14, Aug 2017 , 10:08 am        
រូបភាព
ដោយ: រួបរួម
​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ Premier League របស់​អង់គ្លេស បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទីមួយ​របស់ខ្លួន ដោយ​ចាប់ផ្តើម​ពី​ជ័យជម្នះ ៤-៣ ដ៏​ប្រផិតប្រផើយ​របស់ Arsenal លើ Leicester City កាលពី​ថ្ងៃ​សុក្រ រហូតដល់​ជ័យជម្នះ​ដ៏​ធំ​ក្នុង​លទ្ធផល ៤-០ របស់ Manchester United លើ​ក្រុម​ភ្ញៀវ West Ham United កាលពី​រាត្រី​ថ្ងៃអាទិត្យ​។​



Romelu Lukaku រកបាន​២​គ្រាប់ ហើយ Anthony Martial និង Paul Pogba បន្ថែម​បាន​ម្នាក់​១​គ្រាប់ ដើម្បី​នាំ Manchester United ឈ្នះ West Ham United ៤-០ នៅលើ​ទឹកដី Old Trafford​។ ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jose Mourinho ឡើង​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន ប្រចាំ​សប្តាហ៍​ទី​១ នៃ​ក្របខណ្ឌ Premier League​។​

​ក្លិប​ចំណូល​ថ្មី Huddersfield Town បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​ជ័យជម្នះ ៣-០ នៅលើ​ទឹកដី Selhurs Park របស់ Crystal Palace​។ Joel Ward បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាន​ចូល​ទី​ខ្លួនឯង​នៅ​នាទី​២៣ ហើយ​៣​នាទី​ក្រោយមក Steve Mounie ជួយ​ឲ្យ Huddersfield បង្កើន​ការនាំ​មុខ ២-០ ។ នៅ​ជាង​១០​នាទី មុន​បញ្ចប់​ការប្រកួត Mounie បន្ថែម​បាន​១​គ្រាប់​ទៀត ហើយ​នេះ​ក៏​ជា​ជ័យជម្នះ​លើកដំបូង​ផងដែរ​សម្រាប់ Huddersfield បន្ទាប់ពី​អវត្តមាន​នៅ​ក្របខណ្ឌ​កំពូល​៤៥​ឆ្នាំ​។​

Manchester City និង Tottenham Hotspur សុទ្ធតែ​ទទួលបាន​ជ័យជម្នះ ២-០ នៅក្រៅ​ទឹកដី​។ គ្រាប់​បាល់​បញ្ចូល​ទី​របស់ Sergio Aguero នៅ​នាទី​៧០ និង​គ្រាប់​បញ្ចូល​ទី​ខ្លួនឯង​របស់ Lewis Dunk នៅ​៥​នាទី​បន្ទាប់​នាំ​ឲ្យ Manchester City ឈ្នះ​ម្ចាស់ផ្ទះ Brighton & Hove Albion ដែលជា​ចំណូល​ថ្មី ២-០ រីឯ Dele Alli និង Ben Davies នាំ​ឲ្យ Tottenham Hotspur បំបាក់ Newscastle ដែល​នៅសល់​គ្នា​១០​នាក់​។​

Arsenal, Burnley, Everton និង West Brom ក៏​ទទួលបាន​៣​ពិន្ទុ​ផងដែរ​ពី​ការប្រកួត​សប្តាហ៍​ទីមួយ​។ Alexandre Lacazette បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​បាល់​បញ្ចូល​ទី​ផ្លូវការ​ទី​១​សម្រាប់ Arsenal និង​ជា​គ្រាប់​បាល់​ដំបូង​ប្រចាំរ​ដួ​វ​កាល​ក្នុង​ជ័យជម្នះ ៤-៣ របស់ Arsenal លើ Leicester​។ Burnley ផ្តល់​មេរៀន​ខកចិត្ត​ដល់​ម្ចាស់​ការពារ​ជើងឯក Chelsea ដែលមាន​គ្នា​ត្រឹម​៩​នាក់ ក្នុង​លទ្ធផល ៣-២ ។ Wayne Rooney នាំ​ជ័យជម្នះ ១-០ លើ Stoke City នា​ការ​បង្ហាញខ្លួន​សារជាថ្មី​នៅ Everton ខណៈ Ahmed Hegazi នាំ West Brom ឈ្នះ​ភ្ញៀវ Bournemouth ១-០ ផងដែរ​នា​ការបង្ហាញ​វត្តមាន​លើកដំបូង​របស់ខ្លួន​។​

​សម្រាប់​ការប្រកួត​គូ​ផ្សេងទៀត Miguel Britos បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​នាទី​បន្ថែម នាំ​ឲ្យ Watford តាម​ស្មើ​ក្រុម​ភ្ញៀវ Liverpool ៣-៣ ។ ដោយឡែក​ការប្រកួត រវាង Southampton និង Swansea City នៅ​កីឡដ្ឋាន St.Mary’s Stadium ជា​ជំនួប​តែ​១​គត់​ដែល​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​សប្តាហ៍​ទី​១ ៕

​រូបថត​ទាំងអស់​៖ PremierLeague.com


Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com