បទវិភាគ
មិត្ត​អ្នកអាន​ពី​រំដួល​៖ អ្នក​បន្តវេន​នៅ​កម្ពុជា​អាច​ប្រឈម​បញ្ហា​សុខភាព​ខ្លាំង​?
03, Oct 2017 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញុំ​ជា​ប្រជាជន​រំដួល​ម្នាក់​ហើយក៏​ជា​អ្នកតាមដាន​សារព័ត៌មាន​ថ្មីៗ ដែល​តែងតែ​និយាយ​ពី​ចំនុច​អវិជ្ជមាន​ពី​សង្គម​ខ្ញុំ​ដែរ​។ ខ្ញុំ​ទទួលស្គាល់ថា បញ្ហា​ភាគច្រើន​ដែល​សារព័ត៌មាន​ថ្មីៗ​បានលើកឡើង គឺជា​ការណ៍​ពិត​។ នៅពេលនេះ ខ្ញុំ​ក៏​សូម​ចែករម្លែក​បញ្ហា​ដ៏​សំខាន់​មួយទៀត​ដែល​សង្គម​របស់ខ្ញុំ​បាន និង​កំពុង​ជួបប្រទះ​។ ខ្ញុំ​មិន​ចង់ឃើញ កម្ពុជា​ជួប​បញ្ហា​ដូចគ្នា​នោះទេ​។ នោះ​គឺ បញ្ហា​សុខភាព​របស់​«​អ្នក​បន្តវេន​»​ដែល​បង្កឡើង​ដោយ​ចំណីអាហារ​ដែលមាន​សារធាតុ​គីមី​។ វា​ជា​បញ្ហា​សុខភាព​សាធារណៈ​។



​ខ្ញុំ​ស្គាល់​ប្រទេស​កម្ពុជា​។ ខ្ញុំ​ជា​អ្នក​ស្រឡាញ់​ប្រទេស​កម្ពុជា​ជា​ពន់ពេក ហើយ​ខ្ញុំ​ក៏​តែង​តាមដាន​វឌ្ឍនភាព​នៃ​ប្រទេស​នេះដែរ​។ ខ្ញុំ​ស្ញប់ស្ញែង​ការពុះពារ​ប្រឹងប្រែង​របស់​ប្រជាជាតិ​មួយ​នេះ​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​របស់​ពួកគេ ក្រោយពី​សង្គ្រាមស៊ីវិល​បាន​ចប់​ទាំងស្រុង​នៅក្នុង​ឆ្នាំ​១៩៩៨​។ ជាមួយនឹង​ធនធានមនុស្ស​ដែល​នៅ​សេសសល់​ពី​សង្គ្រាម និង​ក្នុងស្ថានភាព​ជា​ប្រទេស​ក្រីក្រ​មួយ​កាលពី​២០ ឬ​៣០​ឆ្នាំមុន រដ្ឋាភិបាល​បាន​ព្យាយាម​បន្តិច​ម្តងៗ បើកចំហ​ទ្វារ ផ្តល់ឱកាស​ដល់​ពលរ​ដ្ឋ​របស់ខ្លួន​។ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ យុវជន​ខ្មែរ​ច្រើនឡើងៗ​បាន​ត្រឡប់​ពី​ការសិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​នានា មក​ចូលរួម​កសាង​មាតុភូមិ​របស់​ពួកគេ តាមរយៈ​រដ្ឋ និង​ឯកជន​។ ក្នុងពេល​បច្ចុប្បន្ននេះ ខ្ញុំ​ក៏​ឃើញ កុមារ និង​យុវជន​កម្ពុជា​ដ៏​មាន​សមត្ថភាព​កំពុងតែ​លេច​ត្រដែត​ឡើង​កាន់តែច្រើន​ដែរ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ច្រើន​ចំពោះ​អនាគត​នៃ​ប្រទេស​ដែល​ស្ថិតនៅ​ចំ​កណ្តាល​នៃ​សហគម​អាស៊ាន​មួយ​នេះ​។​

​ចាប់ពីពេលនេះ​រហូតដល់​៣០​ឆ្នាំ ឬ​៥០​ឆ្នាំ​ទៅមុខទៀត ប្រទេស​នេះ​នៅតែ​ត្រូវការ​ធនធានមនុស្ស​ដែលមាន​សុខភាព​រឹងប៉ឹង និង​មាំទាំ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ជឿនលឿន​។ ប៉ុន្តែ កម្ពុជា​ដែលមាន​ឈ្មោះថា​ជា​ប្រទេស​កសិកម្ម និង​សម្បូរ​ត្រី​នោះ មិនអាច​ផ្គត់ផ្គង់​បន្លែ​ត្រី​សាច់​គ្រប់គ្រាន់​ឲ្យ​ពលរដ្ឋ​ក្នុងប្រទេស​ដែល​បានកើត​កាន់តែច្រើន​បានឡើយ​។ ការ​នាំចូល​បន្លែ​ត្រី​សាច់​ដែលមាន​សារធាតុ​គីមី​ពី​ប្រទេសជិតខាង អាហារ​ខូចគុណភាព និង​ទំនិញ​ក្លែងក្លាយ​ជាច្រើន ត្រូវបាន​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ដឹងឮ​ជាទូទៅ​។ មិនមែន​មានតែ​ទំនិញ​នាំចូល​នោះទេ កសិករ​ខ្មែរ​ខ្លួនឯង​ក៏បាន​ប្រើប្រាស់​សារធាតុ​គីមី​លើសលប់​ដើម្បី​ពួកគេ​អាច​ផ្គត់ផ្គង់​ទីផ្សារ និង​ទទួលបាន​ចំណូល​ចិញ្ចឹម​គ្រួសារ​ផង​។ នេះ​យើង​មិនទាន់​រាប់បញ្ចូល ចំនីអាហារ​ខូចគុណភាព និង​ទំនិញ​ក្លែងក្លាយ​ដែល​សមត្ថកិច្ច​រកឃើញ​ម្តងៗ​ក្នុង​ទ្រង់ទ្រាយ​ធំ​ផង​។ ទំនិញ​ក្លែងក្លាយ​ទាំងនោះ មាន​ទាំង​ទំនិញ​នាំចូល និង​មាន​ទាំង​ការ​លួច​ផលិត​នៅក្នុង​ស្រុក​។​

​តាមរយៈ​សារព័ត៌មាន និង​ការនិយាយ​ប្រាប់​ពី​មិត្តភក្តិ​ជា​ជនជាតិខ្មែរ ខ្ញុំ​បានដឹងថា ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ បញ្ញវន្ត​របស់​កម្ពុជា​បាន និង​កំពុង​បរិភោគ​អាហារ​ដែល​គ្មាន​សុវត្ថិភាព​។ កូនចៅ​ជំនាន់​ក្រោយ​ដ៏​ឈ្លាសវៃ​ដែល​កំពុង​ចម្រើន​វ័យ ក៏​កំពុង​បរិភោគ​តិច ឬ​ច្រើន​អាហារ​ដែល​គ្មាន​សុវត្ថិភាព​។ បន្លែ​ដែល​បំពោក​ដោយសារ​ធាតុគីមី​លើ​ល​លប់​នឹង​បញ្ចេញ​ឥទ្ធិពល​របស់​វា​នៅ​ឆ្នាំ​ខាងមុខៗ​។​

​កាលពី​ឆ្នាំ​២០១១ អ្នកកាសែត​ជនជាតិ​ស្វី​សម្នាក់​បានមក​សរសេរ​ព័ត៌មាន​ស៊ើបអង្កេត​ពី​សុវត្ថិភាព​អាហារ​នៅ​កម្ពុជា​ដោយ​ដាក់​ចំណងជើង​ថា «​ហ្វ័​រ​ម៉ុ​ល បូរ៉ា​ក់ និង​ថ្នាំ​សម្លាប់​សត្វល្អិត នៅលើ​ចាន​ម្ហូប​របស់​ពលរដ្ឋ​កម្ពុជា​»​។ ចំណងជើង​នេះ មិន​មានន័យ​ឆ្ងាយ​ពី «​ពលរដ្ឋ​កម្ពុជា​កំពុង​បរិភោគ​ថ្នាំពុល​»​នោះឡើយ​។ ចំណង​អត្ថបទ​នេះ​ធ្ងន់ធ្ងរ​បន្តិច​មែន តែ​វា​ក៏​ប្រហែលជា​មិន​ខុស​ទាំងស្រុង​ដែរ​។​

​បញ្ហា​សុខភាព​សាធារណៈ បានកើត​ឡើង​១០​ឆ្នាំ​មកហើយ​។ តើ​១០​ឆ្នាំនេះ យុវជន និង​ពលរដ្ឋ​សកម្ម​ដែលជា​អ្នក​បំពេញការងា​រកសា​ង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ប៉ុន្មាន​នាក់​បាន​បរិភោគ​អាហារ​ដែល​គ្មាន​សុវត្ថិភាព​ទាំងនេះ​? តើ​ក្នុងពេល​១០​ឆ្នាំ​ខាងមុខ ពួកគេ​នៅតែមាន​សុខភាព​រឹងមាំ​ល្អ ដើម្បី​បំពេញការងារ​ផង និង​ចែករម្លែក​ចំណេះដឹង​មក​មនុស្ស​ជំនាន់​ក្រោយ​ផង​នោះ​? កុមារា កុមារី និង​យុវជន​ខ្មែរ​បច្ចុប្បន្ននេះ ដែល​ពូកែៗ តើ​ពួកគេ​នឹងមាន​ជំងឺ​ក្រពះ ពោះវៀន ថ្លើម មហារីក​នានា ក្នុងពេល​១០​ឆ្នាំ ឬ​២០​ឆ្នាំ​ខាងមុខ​ដែរឬទេ បើ​ពួកគេ​នៅ​បន្ត​បរិភោគ​អាហារ​ដែល​គ្មាន​សុវត្ថិភាព​ដូច​សព្វថ្ងៃនេះ​? តើ​១០​ឆ្នាំ ២០​ឆ្នាំ ឬ​៣០​ឆ្នាំ​ខាងមុខ វា​នឹង​អាចមាន​វិបត្តិ​ធនធានមនុស្ស​នៅ​កម្ពុជា​ដែរឬទេ​? បានន័យថា អ្នក​បង្រៀន និង​អ្នក​ចែករម្លែក​ក៏​ឈឺ ហើយ​អ្នកទទួល ឬ​អ្នក​បន្តវេន ក៏​ឈឺ​។​

​គ្មាន​អ្វីដែល​ពិបាកធ្វើ ឬ​ធ្វើ​មិនបាន ជាង​អ្វីដែល​បានដឹង​ហើយ​មិន​ធ្វើ​នោះឡើយ​។ ហើយ​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ ដែល​អាជ្ញាធរ​នៃ​ប្រទេស​នីមួយៗ​ត្រូវបាន​ប្រយ័ត្ន​បំផុត​។ ពីព្រោះ​ការ​ថ្លោះធ្លោយ​តែមួយ​ដង ផ្តល់​ផលប៉ះពាល់​ធំធេង និង​អស់​តម្លៃ​ច្រើនណាស់​សម្រាប់​ប្រទេសមួយ ជាពិសេស​ជីវិត​មនុស្ស​។

​ខ្ញុំ​បានដឹង​តាមរយៈ​សារព័ត៌​មានមក​ថា ពេលខ្លះ​សម្តេច ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នោះ តែង​បាន​ស្តីបន្ទោស មន្ត្រី និង​សមាជិក​រាជរដ្ឋាភិបាល​របស់លោក​ថា ពួកគេ​មិន​ព្រម​ធ្វើការ និង​ដោះស្រាយ​បញ្ហា​នានា ហើយ​ចាំតែ​សម្តេច​ស្រែក​បញ្ជា ទើប​ពួក​«​ដុតដៃដុតជើង​»​។ រឿង​ដូច្នេះ​មិនគួរ​កើតមានឡើង​ញឹកញាប់​ពេក​ទេ​។ មន្ត្រី​ដែល​បាន​ប្រាក់បៀវត្សរ៍​ពី​ប្រជាជន បើ​មិន​តបស្នង​ប្រជាជន​វិញ តើ​គេ​ត្រូវ​សង​ទៅ​អ្នកណា​?

​ខ្ញុំ​សង្ឃឹមថា សារព័ត៌មាន​ថ្មីៗ​នឹង​មើលឃើញ​ឆន្ទៈ​ល្អ​របស់ខ្ញុំ ហើយ​ផ្សព្វផ្សាយ​លិខិត​មិត្ត​អ្នកអាន​របស់ខ្ញុំ​ដោយ​អនុគ្រោះ​៕

​ពី​ពលរដ្ឋ​រំដួល​ដែល​ស្រឡាញ់​កម្ពុជា​


© រក្សាសិទ្ធិដោយ thmeythmey.com