ជាតិ
តុលាការកំពុងបើកសវនាការ បន្ទាប់ពីចោទលោក សួន សេរីរដ្ឋា ចំនួន៣ករណី
× ភ្នំពេញ៖ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានសម្រេចចោទប្រកាន់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចំនួន៣ករណី ជុំវិញការរិះគន់មកលើកងកម្លាំងប្រដាប់អាវុធលើបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃទី១៣ សីហា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមរយៈ Telegram ថា ព្រះរាជអាជ្ញារង បានសាកសួរនិងពិនិត្យសំណុំរឿងនេះរួចហើយ ដោយឃើញថាអង្គហេតុនៃការរិះគន់របស់លោក សួន សេរីរដ្ឋា នោះពិតជាបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ។
តាមរយៈអង្គហេតុនេះ ព្រះរាជអាជ្ញារងលោក សៀង សុខ បានសម្រេចចោទប្រធានគណបក្សអំណាចខ្មែរ ពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ,បទល្មើស ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមលោក លី សុផាន់ណា ដែលបានបន្ថែមថា នៅពេលនេះ តុលាការដំបូងរាជធានីភ្នំពេញ កំពុងតែបើកសវនាការជំនុំជម្រះសំណុំរឿងរបស់លោក សួន សេរីរដ្ឋា។
អ្នកនាំពាក្យសាលាដំបូងរូបនេះ បានញ្ជាក់ដូច្នេះថា៖«ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា ៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ»។
សមត្ថកិច្ចបានចាប់ខ្លួនលោក សួន សេរីរដ្ឋា កាលពីថ្ងៃទី១៣ សីហា។ មូលហេតុដែលសមត្ថកិច្ច ចាប់ខ្លួនប្រធានគណបក្សអំណាចខ្មែរនេះ ក្រោយលោក សេរីរដ្ឋា អត្ថាធិប្បាយរិះគន់ជុំវិញរឿងរដ្ឋាភិបាលបញ្ជូនទ័ពទៅកាន់ទឹកដីខេត្តស្ទឹងត្រែង នៅពេលដែលកងទ័ពឡាវចូលមកកម្ពុជា។ លោក សួន សេរីរដ្ឋា បានរិះគន់យ៉ាងនេះថា« បើសង្គ្រាមកើតឡើងជាមួយប្រទេសឡាវមែន កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់យ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង»៕
Tag:
សួន សេរីរដ្ឋា
តុលាការ
កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com