ជាតិ
សំណង់​ខុសច្បាប់​ជាង​១០០​ត្រូវបាន​រុះរើ​ក្នុង​រយៈពេល​៤​ថ្ងៃ​
14, Aug 2017 , 8:39 pm        
រូបភាព
សៀមរាប​៖ ចាប់ពី​ថ្ងៃទី​១០ សីហា នៃ​ដំណើរការ​ប្រតិបត្តិការ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​១ និង​តំបន់​២ ក្នុង​តំបន់​អង្គរ មកដល់​ត្រឹម​ថ្ងៃទី​១៣ សីហា មាន​សំណង់​ជាង​១០០​ហើយ ដែល​ត្រូវបាន​រុះរើ​។ សំណង់​ទាំងនោះ ភាគច្រើន​ត្រូវបាន​ម្ចាស់​សុំ​រុះរើ​ដោយ​ខ្លួនឯង​។​



​របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា មាន​សំណង់​ចំនួន​១០៩​ករណី បាននិងកំពុង​រុះរើ ក្នុង​រយៈ​៤​ថ្ងៃ គឺ​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០១៧​។ របាយការណ៍​បន្ថែមថា ក្នុងចំណោម​១០៩​ករណី ៦៥​ករណី រុះរើ​បាន​ទាំងស្រុង និង​៤៤​ករណី​ទៀត ត្រូវបាន​ម្ចាស់​សុំ​រុះរើ​ខ្លួនឯង ដោយមាន​កិច្ចសន្យា​កំណត់​ថ្ងៃ​ច្បាស់លាស់​។​

​គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ បាន​ប្រតិបត្តិការ​លើ​គោលដៅ​ទាំងអស់​ចំនួន​៥ រួមមាន​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​អង្គរធំ ស្រុក​ពួក និង​ស្រុក​បន្ទាយស្រី​។ ដោយឡែក​នៅតែ​ស្រុក​ពួក​ប៉ុណ្ណោះ ដែល​មិនទាន់​ដំណើរ​ការចុះ​រុះរើ ព្រោះ​មាន​ករណី​តិចតួច​ជាងគេ​។​

​គួរ​រម្លឹក​ដែរ​ថា មានការ​តវ៉ា​ពី​សំណាក់​ម្ចាស់​សំណង់​មួយចំនួន​ផងដែរ​នៅ​ថ្ងៃ​ចុះ​រុះរើ​ដំបូង​។ ប៉ុន្មាន​ថ្ងៃនេះ​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​បាន​បន្ទន់ឥរិយាបថ និង​ព្រម​រុះរើ​ដោយ​ស្ម័គ្រចិត្ត​៕



Tag:
 សំណង់​ខុសច្បាប់​
  សៀមរាប
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com