កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជាប់​ពិន័យ​៥​ប្រកួត​ដោយសារ​កាត​ក្រហម និង​រុញ​អាជ្ញាកណ្តាល​
15, Aug 2017 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) ដាក់ពិន័យ​មិន​ឲ្យ​ចូល​លេង​៥​ប្រកួត ក្រោយ​ទទួលបាន​កាត​ក្រហម និង​រុញ​អាជ្ញាកណ្តាល នា​ជ័យជម្នះ ៣-១  ក្នុងការ​ប្រកួត​ជើង​ទីមួយ ពានរង្វាន់ Spanish Super Cup នៅ​ទឹកដី Barcelona កាលពី​ថ្ងៃអាទិត្យ​។​



Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយ​ចូល​លេង​ជា​កីឡាករ​បម្រុង​នៅលើ​ទឹកដី Camp Nou របស់ Barcelona​។ ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ បានទទួល​កាត​លឿង​លើក​ទី​១ ដោយសារតែ​រូបគេ​បាន​ដោះអាវ ដើម្បី​អបអរ​គ្រាប់​បាល់​ដែល​ខ្លួន​បាន​ស៊ុត​បញ្ចូល​ទី ដែល​ជួយ​ឲ្យ Real Madrid នាំមុខ​បណ្តោះអាសន្ន ២-១ នៅ​ទី​៨០ ។​

២​នាទី​ក្រោយមក ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ ដោយសារ​អាជ្ញាកណ្តាល​មើ​ល​ឃើញថា រូបគេ​ធ្វើ​ពុត​ជា​ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់​ដើម្បី​ចំណេញ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​។ ការបណ្តេញចេញ​នេះ ធ្វើ​ឲ្យ Ronaldo មាន​កំហឹង​យ៉ាងខ្លាំង ដោយ​គេ​បាន​យកដៃ​ច្រាន​ខ្នង​លោក​អាជ្ញាកណ្តាល De Burgos Bengoetxea​។​

​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ បានសម្រេច​ពិន័យ Ronaldo ១​ប្រកួត​សម្រាប់​ការទទួលបាន​កាត​ក្រហម និង​៤​ប្រកួត​ទៀត​ចំពោះ​ការ​រុញ​មន្ត្រី​អាជ្ញាកណ្តាល រួមទាំង​ការពិន័យ​ជា​ប្រាក់​ប្រមាណ​៤៥០០​ដុល្លារ​អាមេរិក​ផងដែរ​។ រីឯ​ក្លិប Real Madrid ផ្ទាល់ រង​ការពិន័យ​ជាង​២០០០​ដុល្លារ​អាមេរិក​។​

​ការជាប់​ពិន័យ​នេះ មានន័យថា Ronaldo នឹងត្រូវ​អវត្តមាន​នៅ​ជំនួប Spanish Super Cup ជើង​ទី​ពីរ​ជាមួយ Barcelona និង​ជំនួប​ដំបូង​នៃ​ក្របខណ្ឌ La Liga ជា​បន្តបន្ទាប់​ជាមួយ Deportivo La Caruna, Valencia, Levante និង Real Sociedad​។​

​ទោះបីជា​យ៉ាងណាក៏ដោយ RFEF បើកផ្លូវ​ដល់ Real Madrid ក្នុងការ​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់ខ្លួន​៕


Tag:
 ​បាល់ទាត់​
  Ronaldo
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com