កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជាប៉ះហ្វីលីពីនក្នុងជំនួបបើកឆាកពូល B នាម៉ោង៧ និង៤៥នាទីល្ងាចនេះ
× ប្រធានក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា សឿយ វិសាល រំពឹងអាចរកបានច្រើនគ្រាប់ពីក្រុម U22 ហ្វីលីពីនសម្រាប់ការជួបបើកឆាកពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី នាវេលាម៉ោង៧:៤៥នាទីយប់ថ្ងៃទី១៥ សីហា នៅកីឡដ្ឋាន Selayang Municipal Council Stadium។ ប៉ុន្តែគ្រូបង្វឹកក្រុម U22 កម្ពុជា លោក Leonardo Viotrino អះអាងថា ការប្រកួតនេះនឹងតានតឹងជាងការជួបគ្នាដំបូងក្នុងវគ្គជម្រុះ AFC U23 កាលពីពេលកន្លងទៅ។
ក្រុម U22 កម្ពុជា នឹងប៉ះក្រុម U22 ហ្វីលីពីនលើកទី២ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាវេលាម៉ោង៧:៤៥នាទីយប់ថ្ងៃអង្គារ ទី១៥ ខែសីហា នេះ នៅកីឡដ្ឋាន Selayang Municipal Council Stadium ខណៈលើកទី១ជួបគ្នាក្នុងវគ្គជម្រុះពាន់រង្វាន់ AFC U23 Championship ដោយកម្ពុជាបានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ១-០។
សម្រាប់ការជួបគ្នាម្តងទៀតក្នុងថ្ងៃបើកឆាកពូល B នាយប់នេះដែរ ខ្សែការពារ និងជាប្រធានក្រុម U22 កម្ពុជា សឿយ វិសាល រំពឹងអាចរកគ្រាប់បានច្រើនពីហ្វីលីពីនជាងការជួបគ្នាលើកទី១នៅវគ្គជម្រុះ AFC U22 Championship។ ការរំពឹងបែបនេះ ដោយសារ វិសាល អះអាងថា U22 កម្ពុជាមានការសហការគ្នាបានល្អជាងលើកមុនក្រោយហ្វឹកហាត់រួមគ្នាកន្លងមកនេះ។
កីឡាករ សឿយ វិសាល បានប្រាប់សារព័ត៌មានថ្មីៗកាលពីពេលកន្លងទៅថា៖«ពេលយើងប៉ះហ្វីលីពីនក្នុងដី គឺយើងបានព្យាយាមវាយសម្រុកណាស់ដែរ តែសំណាងយើងបានតែមួយគ្រាប់ ហើយសម្រាប់ការប៉ះគ្នានៅស៊ីហ្គេមយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរកគ្រាប់បាល់ឲ្យបានច្រើនជាងនេះ»។
បើនិយាយពីសមត្ថភាពរវាងក្រុមទាំងពីរ វិសាល យល់ថា ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែបច្ចេកទេសមានការខុសគ្នាបន្តិចបន្តួច។ ខ្សែការពាររូបនេះបានបញ្ជាក់ថា៖«សមត្ថភាពរបស់យើងនឹងហ្វីលីពីន យើងមិនល្អដាច់គេប៉ុន្មាននោះទេ តែគ្រាន់ថាបច្ចេករបស់យើងល្អជាងហ្វីលីពីនប្រហែលជា៦០ភាគរយ ហើយកម្លាំងរបស់យើងក៏ជាងផងដែរ»។
ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា លោក Leonardo Vitorino បានអះអាងក្នុងសន្និសីទមុនថ្ងៃចេញដំណើរកាលពីកន្លងទៅថា ការជួបគ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកនេះនឹងមានការតានតឹងជាងការជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship ព្រោះហ្វីលីពីនអាចត្រៀមខ្លួនបានល្អជាងមុន។ តែយ៉ាងណា គ្របង្វឹករូបនេះ អះអាងថា U22 កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតមួយនេះ។
មុនជំនួបរវាងក្រុមទាំងពីរខាងលើ ក៏មានការប្រកួតពីរគូទៀតផងដែរក្នុងថ្ងៃបើកឆាកពូល B នេះ ខណៈ U22 ឥណ្ឌូនេស៊ី ប៉ះ ថៃ នៅកីឡដ្ឋាន Shah Alam Stadium នាវេលាម៉ោង៣រសៀល U22 វៀតណាម ជួប ទីម័រខាងកើតនៅកីឡដ្ឋាន Selayang Municipal Council Stadium។
សម្រាប់ការប្រកួតបើកឆាកពូល A កាលពីថ្ងៃទី១៤ ខែសីហា U22 មីយ៉ាន់ម៉ាបានយកឈ្នះ U22 សិង្ហបុរី ២-០ នៅកីឡដ្ឋានSelayang Stadium មុនក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីយកឈ្នះ U22 ព្រុយណេ ២-១ នៅកីឡដ្ឋាន Selayang Stadium៕
Tag:
SEA Games 2017
សឿយ វិសាល
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com