ជាតិ
គ​.​ជ​.​ប​៖ ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជាង ១.៤ លាន​នាក់
15, Aug 2017 , 3:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នក​ចុះឈ្មោះបោះ​ឆ្នោត​ថ្មី មាន ១,៤១២,១៤៩ នាក់​។  នេះ​បើតាម​តារាង​ស្ថិតិ​ប៉ាន់ស្មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដែល​បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ​។



​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែងថា អ្នក​ចុះឈ្មោះបោះឆ្នោត​ថ្មី​ទាំងនេះ គឺជា​អ្នក​យុវជន ដែល​គ្រប់​អាយុ​បោះឆ្នោត អ្នក​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នក​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ការ​បោះឆ្នោះ​ឃុំ​/​សង្កាត់​។ ការ​ថ្លែង​របស់ លោក ទេព នីថា ធ្វើឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប ក្នុង​ពិធី​ប្រកាស​ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​។

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ធម្មតា​ក្នុង​មួយឆ្នាំ កំណើន​យុវជន​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​មាន​ប្រមាណ​៣០​ម៉ឺន​នាក់ ចំនួន​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​ចេញ និង​ពលរដ្ឋ​ដែល​មិនបាន​ចុះឈ្មោះ​កាល​ឆ្នាំ​២០១៦ ដែល​នៅសល់​ជាង​១​លាន​នាក់​»​។   

​ដោយឡែក ពាក់ព័ន្ធ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោតជាតិ​វិញ ត្រូវបាន លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ថ្លែងថា កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៧០​ថ្ងៃ ពោល គឺ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧​។ 

​បើតាម​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​របស់​គជប ពលរដ្ឋ​ខ្មែរ​មាន​សរុប ១៥,៨៨៣,២៥០ នាក់ ពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ​មាន​ចំនួន ៩,៧៨៨,២៣៩ នាក់ អ្នក​ត្រៀម​លុបឈ្មោះ​ចេញ​មាន ៨០,២៦៣​នាក់ ខណៈ​ការិយាល័យ​បោះឆ្នោត​មាន​សរុប ២៣,៤៧០៕      


Tag:
 បោះឆ្នោត​
 ​ បញ្ជី​ឈ្មោះ​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com