ជាតិ
កូន​ក្រពើ​ត្រី​៩​ក្បាល​បាន​ញាស់ ក្រោយ​រកឃើញ​លើកដំបូង​នៅ​១០​ឆ្នាំ​ចុងក្រោយ នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​
15, Aug 2017 , 7:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គការ WCS
រូបភាពពីហ្វេសប៊ុកអង្គការ WCS
​កូន​ក្រពើ​ត្រី​ដែលជា​ប្រភេទ​ជិ​តុត​ពូជ​បំផុត នៅលើ​សាកលលោក ចំនួន ៩​ក្បាល បាន​ញាស់​ដោយ​ជោគជ័យ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេត​សត្វ​ល្មូ​ន ខេត្តកោះកុង​។ សំបុក​ពងក្រពើ​ត្រី​ទាំងនេះ មាន​សរុប​១៩​ពង ត្រូវបាន​រកឃើញ​កាលពី​ចុងខែ​មិថុនា​កន្លងទៅ នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ដែលជា​រកឃើញ​សំបុក​លើកដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។​


 
​កូន​ក្រពើ​ត្រី ឬ​ក្រពើ​ព្រៃ ដែលជា​ប្រភេទ​ជិ​តុត​ពូជ​បំផុត​នៅលើ​សាកលលោក ចំ​នួ​៩​ក្បាល ក្នុងចំណោម​ពង​១៩ បាន​ញាស់​ដោយ​ជោគជ័យ នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេត​សត្វ​ល្មូ​ន ខេត្តកោះកុង​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) និង​រដ្ឋបាល​ជលផល សំបុក​ពង​រប​ស់វា ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល អង្គការ​WCS និង​ប្រជា​សហគមន៍ ប្រទះឃើញ​នៅពេល​ដើរល្បាត​កាលពី​ថ្ងៃទី​២៨ ខែមិថុនា នៅ​ត្រពាំង​កៀន​តុ ស្ថិត​ក្នុងភូមិ​ព្រះអង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ពងក្រពើ​ត្រី​ទាំងអស់នេះ ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​យកទៅ​ថែរក្សា នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស រហូតដល់​ពួកវា​ញាស់​នៅពេលនេះ​។​

​លោក Lonnie McCaskill អ្នកជំនាញ​ផ្នែក​សត្វ​ក្រពើ និង​ជា​ជំនួយការ​នាយក​ប្រចាំ​សួនសត្វ Prospect Park សហរដ្ឋអាមេរិក បាន​និយាយថា ការរកឃើញ​សំបុក​លើកដំបូង​បង្អស់​សម្រាប់​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល បញ្ជាក់ថា​ក្រពើ​ត្រី​នៅតែមាន​វត្តមាន​រស់នៅ និង​បន្ត​ពូជ​នៅទីនេះ​។​

​ក្រពើ​ត្រី ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN  ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក ខណៈ​ចំណួន​របស់​ពួកវា​នៅតែ​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។
​បើតាម​អង្គការ​WCS  ពួកវា​មាននៅ​តែ​ក្នុងប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​តែប៉ុណ្ណោះ​។ ចំនួន​របស់​វា​នៅលើ​សាកលលោក មាន​ប្រមាណ​៤១០​ក្បាល ក្នុងនោះ​ចន្លោះ​១០០​ទៅ​៣០០​ក្បាល កំពុង​រង​ស់​នៅក្នុង​ព្រៃ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេសមួយ​សំខ​នា់​បំផុត​សម្រាប់​ការអភិរក្ស​សត្វ​ក្រពើ​ត្រី​នេះ​កុំ​ឲ្យ​បាត់បង់​។

​អ្នកស្រី ទុន សារ៉ន អ្នកមើល​ថែទាំ​សត្វ​នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង បាន​ថ្លែងថា អ្នកស្រី​រំភើប​ណាស់ ដែល​បានឃើញ​កូន​ក្រពើ​ត្រី​ទាំងអស់នេះ ព្រោះនេះ​ជា​លើកដំបូង​ហើយ ដែល​គាត់​បាន​ថែទាំ​ចាប់តាំងពី​វា​បានមក​មជ្ឈមណ្ឌល​។ អ្នកស្រី ទុន សារ៉ន បន្ថែម​ដូច្នេះ​៖«​មុនពេល​ឃើញ​មុខ​កូន​ក្រពើ​ត្រី​ទាំងអស់នេះ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ឮ​សំឡេង​ពួកវា​ចេញពី​ក្នុង​ពង​។ វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត ព្រោះ​ខ្ញុំ​ដឹងថា​ពួកវា​កំពុងតែ​ញាស់​»​។ 

​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង ស្ថិត​ក្នុងស្រុក​មណ្ឌលសីមា បង្កើតឡើង​ដើម្បី​ចិញ្ចឹម​ថែរក្សា និង​បង្កាត់​ពុ​ជ​សត្វ​ល្មូ​ន​។ មជ្ឈមណ្ឌល​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋបាល​ជល​បាល និង​អង្គការ WCS ដើម្បី​សង្គ្រោះ​ប្រភេទ​សត្វ​ល្មូ​ន ដូចជា​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​ជាដើម​។ កូន​អណ្តើ​ហ្លួង និង​ក្រពើ​ត្រី ដែល​ញាស់​ចេញពី​សំបុក ដែល​ទទួលបាន​ការការពា​រ នឹង​នាំមក​មជ្ឈមណ្ឌល​នេះ ដើម្បី​ចិញ្ចឹម ថែរក្សា និង​លែង​ឲ្យ​ទៅ​រស់នៅក្នុង​ធម្ម​ចា​តិ​វិញ នៅពេល​វា​ធំ អាច​រស់នៅ​ដោយ​ខ្លួនឯងបាន​។​

​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្តកោះកុង​របស់​អង្គការ WCS និយាយថា កូន​ក្រពើ​ត្រី​នេះ បង្ហាញ​ពី​ការចាប់ផ្តើម​យ៉ាង​ល្អ​សម្រាប់​មជ្ឈមណ្ឌល​អភិរ​ក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បង្កាត់​ពូជ​ប្រភេទ​សត្វ​ល្មូ​ន​នាពេល​អនាគត​។ វា​ក៏​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ការអភិរក្ស​ក្រពើ​ត្រី​នៅ​ក​ម្ពូ​ជា ព្រោះ​ចំនួន​របស់​វា​ក្នុង​ធម្ម​ចា​តិ​នៅតែ​បន្ត​ធ្លាក់ចុះ​។​

​កូន​ក្រពើ​ត្រី​ទាំងអស់នេះ នឹងត្រូវ​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល ដើម្បី​ចិញ្ចឹម ថែរក្សា និង​លែង​និង​លែង​ឲ្យ​ទៅ​រស់នៅក្នុង​ធម្ម​ចា​តិ​វិញ នៅពេល​វា​ធំ អាច​រស់នៅ​ដោយ​ខ្លួនឯងបាន​។ លោក សោម ស៊ីថា បញ្ជាក់បន្ថែម​ដូច្នេះ​៖«​យើង​នឹង​ថែ​ទាំង​ពួកវា​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​វា​អាច​រស់នៅក្នុង​ធម្មជាតិ​បាន​។ យើង​នឹង​លែង​ពួកវា​មួយចំនួន​ទៅក្នុង​ធម្មជាតិ និង​មួយចំនួនទៀត​យើង​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល ដើម្បី​បង្កាត់​ពូជ​»​។​

​នៅ​កម្ពុជា ការរស់នៅ​របស់​ក្រពើ​ត្រី ប្រឈម​នឹង​ការគំរាមកំហែង​ជាច្រើន​ដូចជា ការនេសាទ​ខុសច្បាប់ ពិសេស​ការចាប់​សម្រាប់​ផ្គត់ផ្គង់​ដល់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​អំឡុង​ទស្សវត្ស​១៩៩០ និង​២០០០ ការបំផ្លាញ​ទីជម្រក ការថយចុះ​ចំណីអាហារ​ក្នុង​ធម្មជាតិ ការបាត់បង់​ឱកាស​ប​ន្ត​ពូជ ការបាត់​ពូជ​សុទ្ធ​នៅក្នុង​ធម្មជាតិ និង​ការធូររលុង​ក្នុងការ​អនុវត្ត​ច្បាប់​ជាដើម​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល ថ្លែងថា​លោក​រីករាយ​ខ្លាំងណាស់ ចំពោះ​វត្ត​មានកូន​ក្រពើ​ត្រី​ទាំងអស់នេះ ព្រោះ​វា​ប្រភេទ​រងគ្រោះ​ចិត​ផុត​ពូជ​បំផុត​ក្នុង​សាកលលោក ។ លោក បញ្ជាក់​ដូច្នេះ​៖«​យើង​អាច​បង្កើន​ចំនួន​របស់​វា​ក្នុង​ធម្មជាតិ​។ ពួកវា​ត្រូវការ​ការអភិរក្ស​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​បាត់បង់​»​។

​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល ក៏បាន​ថ្លែងអំណរគុណ និង​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ ចូលរួម​អភិរក្ស​សត្វ​ប្រភេទ​កម្រ​នេះ ដោយ​បញ្ឈប់​ការ​បរបាញ់ ការប្រមូល​ពង​កូន និង​ការបំផ្លាញ​ទីជម្រក​ធម្មជាតិ​របស់​វា​៕

Tag:
 ក្រពើ​ត្រី​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com