អន្តរជាតិ
ប្រមុខ​ការពារជាតិ​៖«​អាមេរិក​មិន​ចង់​ប្តូរ​របប​កូរ៉េខាងជើង​ទេ តែបើ​ហ៊ាន​វាយ​កោះ​ហ្គា​ម​ដឹង​តែមាន​សង្គ្រាម​»
15, Aug 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ទី​ស បាន​លើកឡើងថា អាមេរិក​មិនមាន​ចំណាប់អារម្មណ៍​ក្នុងការ​ផ្តួលរំលំ ឬ​ប្តូរ​របប​ដឹកនាំ​កូរ៉េខាងជើង​ឡើយ ហើយក៏​រឹ​តែ​មិន​មានបំណង​ព​ន្លឿ​ន​ការរួបរួម​គ្នា​រវាង​កូរ៉េ​ទាំងពីរ​ដែរ​។ លោក​ក៏​ឆ្លៀត​ព្រមាន​ជាថ្មី​ថា​ឲ្យ​តែ​មី​ស៊ី​ល​កូរ៉េខាងជើង​ធ្លាក់​លើដី​អាមេរិក រួមទាំង​កោះ​ហ្គា​ម គឺ​មានន័យថា សង្គ្រាម​កើតឡើង​ហើយ​។ ប៉ុន្តែ​ប្រមុខ​ការពារជាតិ​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ឡើយ​ថា អាមេរិក​នឹងធ្វើ​អ្វី​ឲ្យ​ប្រាកដ​ក្នុងករណី​ដែលមាន​ការវាយប្រហារ​បែបនេះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា ការសម្រេចចិត្ត​គ្រប់យ៉ាង​ស្ថិត​លើដី​ប្រធានាធិបតី រួមទាំង​សភា​ផងដែរ​។​



​ចុង​សប្តាហ៍​កន្លងទៅ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ទី​ស បានបញ្ជាក់​ជាថ្មី​ក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Wall Street Journal ថា អាមេរិក​គ្មាន​ចំណាប់អារម្មណ៍​ក្នុងការ​ប្តូរ​របប​ដឹកនាំ​កូរ៉េខាងជើង និង​ចង់​ព​ន្លឿ​ន​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ឡើយ​។ ការបញ្ជាក់​ជាថ្មី​នេះ​កើតឡើង​ស្រប​ពេលដែល​កូរ៉េខាងជើង​និង​អាមេរិក​ប្រឈមមុខគ្នា​កាន់តែខ្លាំង ក្រោយ​កូរ៉េខាងជើង​គំរាម​បាញ់​មី​ស៊ី​ល​សំដៅ​តំបន់​ក្បែរ​កោះ​ហ្គា​ម​នៅត្រឹម​ពាក់កណ្តាល​ខែសីហា​នេះ​។

​ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បាន​បញ្ជាក់ថា អាមេរិក​នៅតែ​ចង់​ប្រើប្រាស់​នយោបាយ​ការទូត​ដើម្បី​បន្ធូរ​បន្ថយកម្តៅ​នៅ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​ទាំង​លោក ម៉ា​ទី​ស និង រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន បាន​សង្កត់ធ្ងន់ថា​ការទូត​មាន​ទម្ងន់​ក៏​ចាំបាច់​ត្រូវមាន ចំណាត់ការ​យោធា​ដូចគ្នា​។​

​លោក ម៉ា​ទី​ស អះអាង​ដូច្នេះ​៖« អាមេរិក​គ្មាន​ចំណាប់អារម្មណ៍​ចង់​ប្តូរ​របប​ដឹកនាំ​ឬ ព​ន្លឿ​ការរួបរួម​គ្នា​រវាង​កូរ៉េ​ទាំងពីរ​ឡើយ​។ យើង​មិន​ស្វែងរក​លេស​ដើម្បី​ដាក់​ទ័ព​អាមេរិក​នៅ​ភាគ​ខាងជើង​តំបន់​គ្មាន​យោធា​ឡើយ ហើយ​យើង​ក៏​គ្មាន​បំណង​ចង់​ធ្វើបាប​ប្រជាជន​កូរ៉េខាងជើង​ដែល​រងទុក្ខវេទនា​អស់​ពេល​ជា​យូរ​ឆ្នាំ​ទាំង​នោះដែរ​។​

​ប្រមុខ​ការពារជាតិ​អាមេរិក​ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ចិន​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ផងដែរ ព្រោះ​ចិន​មាន​ទឹកមាត់ប្រៃ និង​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ដឹកនាំ​ក្រុង​ព្យុង​។ ចិន​អាច​ប្រើប្រាស់​ទម្ងន់​ការទូត​និង​សេដ្ឋកិច្ច​ដាក់​សម្ពាធ​កូរ៉េខាងជើង​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់​ផងដែរ​។​

​គួរ​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា ចិន​បានសម្រេច​ផ្អាក​ការនាំ​ចូល​អាហារ​សមុទ្រ រ៉ែ​ដែក និង​ដែក​ពី​កូរ៉េខាងជើង ដោយ​ព្យាយាម​អនុវត្តតាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​នេះដែរ​។​

​ដោយឡែក​លោក ម៉ា​ទី​ស ក៏បាន​រម្លឹក​ជាថ្មី​ថា អាមេរិក​នៅតែមាន​ឆន្ទៈ​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​កូរ៉េខាងជើង​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​របស់ខ្លួន​ក្នុង​ការផ្អាក​ការផលិត​អាវុធ និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាមុនសិន​។​

​ម៉ា​ទី​ស​ព្រមាន​៖ «​បើ​មី​ស៊ី​ល​កូរ៉េខាងជើង​ធ្លាក់​លើដី​អាមេរិក មានន័យថា​សង្គ្រាម​ផ្ទុះឡើង​»

​ដោយឡែក ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​នៅតែ​ក្តៅ និង​តានតឹង​ខ្លាំង​ក្រោយ​ភាគី​ទាំងសងខាង​អាមេរិក​និង​កូរ៉េខាងជើង​ផ្ទុះ​សង្គ្រាមពាក្យសម្តី​និង​ចង់​ប្រើ​កម្លាំង​រៀងខ្លួន​។  បច្ចុប្បន្ន​គេ​កំពុង​រង់ចាំ​មើលថា តើ​កូរ៉េខាងជើង​នឹង​សម្រេច​បាញ់​មី​ស៊ី​ល​ផ្លោង​សំដៅ​កោះ​ហ្គា​ម​ដែលមាន​មូលដ្ឋានទ័ព​អាមេរិក​ស្ថិតនៅ​ឬ​អត់​នៅ​សប្តាហ៍​នេះ ព្រោះ​កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​សម្រេច​ផែនការ​បាញ់​មី​ស៊ី​ល​នេះ​រួចស្រេច​ហើយ​។ បើសិនជា​មានការ​វាយប្រហា​រ​ដោយ​មី​ស៊ី​ល​ចូល​កោះ​ហ្គា​មមែ​ន​នេះ គេ​ប្រហែលជា​អាច​នឹង​ឃើញ​សង្គ្រាម​ផ្ទុះឡើង​ផង​ក៏​មិនដឹង ព្រោះ​អាមេរិក​បាន​ព្រមាន​ជាមុន​ហើយ​ថា ការវាយប្រហារ​លើ​កោះ​ហ្គា​ម​មានន័យ​ស្មើ​ប្រកា​សនឹង​សង្គ្រាម​ប្រឆាំង​អាមេរិក​»​។​

 ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ជេ​ម ម៉ា​ទី​ស បាន​ព្រមាន​កូរ៉េខាងជើង​នៅ​ដើម​សប្តាហ៍​នេះ​ថា បើសិនជា​កូរ៉េ​ខាង​ហ៊ាន​បាញ់​មី​ស៊ី​ល​លើទឹក​ដី​កោះ​ហ្គា​ម  សង្គ្រាម​នឹង​កើតឡើង​ភ្លាមៗ​។ យោងតាម​សារព័ត៌មាន South China Morning Post លោក​បានបញ្ជាក់​ដូច្នេះ​៖« វា​អាច​នឹង​រាលដាល​ទៅជា​សង្គ្រាម​យ៉ាង​ឆាប់រហ័ស​។ ពិត​ហើយ​វា​ប្រាកដជា​សង្គ្រាម​។ ប្រសិនបើ​ក្រុង​ព្យុងយ៉ាង​វាយប្រហារ​អាមេរិក ខ្ញុំ​សន្និដ្ឋានថា គេ​នឹង​ក្លាយជា​សញ្ញា​នៃ​ការចាប់ផ្តើម​សង្គ្រាម​»​។​

​មកដល់​បច្ចុប្បន្ន​ទាហាន​អាមេរិក ៧​ពាន់​នាក់ រួមទាំង​ក្រុមគ្រួសារ​កំពុងស្ថិត​នៅ​កោះ​ហ្គា​ម ហើយ​ប្រជាជន​សរុប​ដែល​រស់នៅក្នុង​ទឹកដី​នេះ​មាន​រហូតដល់ ១៧​ម៉ឺន​នាក់​ឯណោះ​។ ដូច្នេះហើយ​អាមេរិក​ក៏​បារម្ភ​ផងដែរ​ក្រែង​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​នៅពេល​ខាងមុខ​ពី​សំណាក់​កូរ៉េខាងជើង​នោះ​។

​យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​អាមេរិក​ហាក់បីដូចជា​មិនទាន់​កំណត់​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​ថា តើ​អាមេរិក​ត្រូវធ្វើ​ដូចម្តេច​ឬ ឆ្លើយតប​យ៉ាងដូចម្តេច​បើសិនជា​មានការ​វាយប្រហា​រ​មែន​នោះ​។ លោក​គ្រាន់តែ​សង្កត់ធ្ងន់ថា ការប្រកាសសង្គ្រាម​ជា​អំណាច​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​រួមបញ្ចូល​ទាំង​សា​ផងដែរ​៕


Tag:
 ជេ​ម ម៉ា​ទី​ស​
  អាមេរិក​
  ​កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com