អន្តរជាតិ
កូរ៉េខាងជើងអាចបាត់ចំណូល១ពាន់លានដុល្លា ព្រោះចិនហាមខ្លួននាំចូលអាហារសមុទ្រ,រ៉ែដែក...
× ចិនបានសន្យាអនុវត្តទណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបានពេញលេញនិងតឹងរ៉ឺងដោយបញ្ឈប់ការនាំចូលដែក រ៉ែដែក និង គ្រឿងសមុទ្រពីកូរ៉េខាងជើង។ ចិនប្តេជ្ញាអនុវត្តទណ្ឌកម្មថ្មីនេះក្រោយពេលដែលមានការគំរាមធ្វើសង្គ្រាមរវាងអាមេរិក និងកូរ៉េខាងជើង។
នៅថ្ងៃចន្ទទី១៤ខែសីហា ក្រុងប៉េកាំងបានប្រកាសពីគម្រោងអនុវត្តទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីមានសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងដែលបង្កការព្រួយបារម្ភដល់សហគមន៍អន្តរជាតិ។ ចិនសន្យាបញ្ឈប់ការនាំចូលដែក រ៉ែដែក និងគ្រឿងសមុទ្រពីកូរ៉េខាងជើងចាប់ពីថ្ងៃអង្គារទី១៥ខែសីហានេះតទៅ។
ចិនដែលជាសមាជិកអចិន្ត្រៃយ៍មួយក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរនោះបានយល់ព្រមលើដំណោះស្រាយដាក់ទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើងនៅថ្ងៃទី៦ខែសីហាកន្លងទៅ។ទណ្ឌកម្មថ្មីនេះធ្វើឡើងដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកឆ្លងទ្វីបពីរដងនិងការគំរាមរបស់កូរ៉េខាងជើងថាខ្លួនអាចបាញ់តំបន់ណាក៏បានក្នុងទឹកដីអាមេរិកផង។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុងប៉េកាំងបានសន្យាអនុវត្តទណ្ឌកម្មថ្មីនេះឲ្យបានពេញលេញនិងតឹងរ៉ឹងបំផុត បន្ទាប់ពីត្រូវអាមេរិកចោទថា ខ្លួនមិនបានព្យាយាមដាក់សម្ពាធទៅលើកូរ៉េខាងជើងដើម្បីរដ្ឋកុម្មុយនីស្តនេះបញ្ឈប់ការបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។
ពាក់ព័ន្ធបញ្ហានេះលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងដូច្នេះថា៖ «ចិនប្រាកដជាអនុវត្តសេចក្ដីសម្រេចនេះដោយពេញលេញ និងតឹងរ៉ឹង ១០០ភាគរយ»។
ដោយឡែក ក្រសួងពាណិជ្ជកម្មចិនផ្សព្វផ្សាយថាបច្ចុប្បន្ននេះការនាំចូលធ្យូងថ្ម ដែក រ៉ែដែក និងគ្រឿងសមុទ្រ នឹងត្រូវហាមឃាត់ទាំងអស់។ កាលពីខែកុម្ភៈ ចិនក៏ធ្លាប់ប្រកាសផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងដែរ។
គួរបញ្ជាក់ដែរថា ការផ្អាកការនាំចូលធ្យូងថ្មរបស់ក្រុងប៉េកាំងនេះធ្វើឲ្យចំណូលកូរ៉េខាងជើងខាតអស់១,២ពាន់លានដុល្លារ បើប្រៀបនឹងចំណូលសរុបកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលត្រីនិងគ្រឿងសមុទ្រកើនពី ១៣,៦ លានដុល្លារក្នុងខែឧសភាដល់ ៤៦,៧លានដុល្លារគិតត្រឹមខែមិថុនាកន្លងទៅនេះ។
ម្យ៉ាងវិញទៀត ក្នុងរយៈពេលប្រាំខែដើមឆ្នាំនេះ ចិនបាននាំចូលរ៉ែមានតម្លៃ៧៤,៤លានដុល្លារ ដែលស្ទើរតែស្មើនឹងតម្លៃរ៉ែដែលចិននាំចូលក្នុងឆ្នាំ ២០១៦ទាំងមូល។ ជារួម ការបញ្ឈប់ការនាំចូលដែក រ៉ែ និងគ្រឿងសមុទ្រពីកូរ៉េខាងជើងរបស់ចិនអាចនឹងធ្វើឲ្យកូរ៉េខាងជើងខាតប្រាក់ចំណូលអស់ប្រហែល ១ពាន់លានក្នុងមួយឆ្នាំឯណោះ៕
Tag:
ចិន
កូរ៉េខាងជើង
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com