ជាតិ
រកឃើញក្រឡបុរាណផលិតនៅស.វទី១១ នៅក្បែរប្រាសាទទន្លេស្ងួត
× សៀមរាប៖ ក្រឡបុរាណមួយ ដែលអ្នកជំនាញអះអាងថា ផលិតនៅចន្លោះស.វទី១១ ដល់ស.វទី១៥ ត្រូវបានប្រទះឃើញដោយចៃដន្យ ដែលនៅមិនឆ្ងាយប៉ុន្មានពី ប្រាសាទទន្លេស្ងួត។ ក្រឡនេះ ត្រូវបានគេប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់ដាក់អំបិល ស្ករ ប្រហុកជា ដើម។
លោកស្រី សាប គួន អាយុ៦៨ឆ្នាំ បានសម្រេចប្រគល់ក្រឡបុរាណមួយ ដល់អាជ្ញាធរជាតិអប្សរា ក្រោយប្រទះឃើញដោយចៃដន្យ និងបានរក្សាទុករយៈពេល៣ខែ កន្លងមក។ លោកស្រីបានបញ្ជាក់ថា បានឆាយដីដាំពោត និងបានឃើញដោយចៃដន្យក៏យកមករក្សាទុក ដោយមិនដឹងថាជាក្រឡបុរាណនោះទេ។
ការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានលម្អិតព័ត៌មានថា ពេលឃើញក្រឡ នោះភ្លាម លោកស្រី សាប គួន ដែលមានផ្ទះនៅខាងត្បូងប្រាសាទទន្លេស្ងួត មិនហ៊ានយកទុកលើផ្ទះ ឬប្រើប្រាស់អ្វីនោះដែរ ព្រោះខ្លាចជារបស់អពមង្គល និងអាចនាំទុក្ខចូលក្នុងគ្រួសារ ដោយទុកនៅក្រោមផ្ទះធម្មតា។ បែបនេះក្តី រំលងប្រហែលមួយខែមុន លោកស្រី សាប គួន បានធ្លាក់ខ្លួនឈឺ និងបានបូលគ្រូមើលថាគាត់មានរបស់បុរាណទុកនៅក្នុងផ្ទះ។
ដោយសារជំនឿនេះហើយ ទើបលោកស្រី សាប គួន សម្រេចយកដំណឹងនេះទៅប្រាប់ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា និងបានសម្រេចប្រគល់ក្រឡនេះទៅរក្សាទុក ក្រោយដឹងថា ជាវត្ថុបុរាណ និងមានតម្លៃ។
អ្នកជំនាញផ្នែកកុលាលភាជន៍ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា «ក្រឡនេះធ្វើអំពីដីដុត សម្រាប់ដាក់វត្ថុច្រើនប្រភេទដូចជា អំបិល ស្ករ ប្រហុក និងវត្ថុរាវផ្សេងៗទាក់ទងជីវិតប្រចាំថ្ងៃ។ ក្រឡនេះផលិតនៅស្រុកខ្មែរ ចន្លោះសតវត្សទី១១ទៅ១៥នៃគ.ស។ តាមរយៈក្រឡនេះ វាបានបង្ហាញពីទំនាក់ទំនងមួយរវាងមនុស្សសម័យមុននិងបច្ចុប្បន្នដែលនៅតែមានប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ»។
គួរបញ្ជាក់ថា ទីតាំងដែលពលរដ្ឋរកឃើញក្រឡបុរាណនេះ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប នៅខាងត្បូងប្រាសាទទន្លេស្ងួត។ បច្ចុប្បន្នក្រឡនេះ ត្រូវបាននាំទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីឲ្យអ្នកជំនាញលាងសម្អាត និងយកជាតិអំបិលចេញ បង្ការពីការពុកផុយ៕
Tag:
ក្រឡបុរាណ
ទន្លេស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com