កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ U22 កម្ពុជាបើកឆាកពូល B ដោយចាញ់ហ្វីលីពីន ២-០ Kouchi Belgira ទាត់បាល់ប៉េណាល់ទីជួយហ្វីលីពីនឈ្នះកម្ពុជា ២-០
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានប្រកួតចាញ់ ២-០ U22 ហ្វីលីពីន នាការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅកីឡដ្ឋាន MP Selayang ប្រទេសម៉ាឡេស៊ី ល្ងាចថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧ ។
Raymart Cubon បានតែតបាល់បញ្ចូលទីនៅទី៥១ ជួយឲ្យ U22 ហ្វីលីពីននាំមុខ ១-០ ។ នៅនាទី៨២ កីឡាករហ្វីលីពីនកាត់ជប៉ុន Kouchi Belgira បានទាត់បាល់ពិន័យពីចម្ងាយនាំឲ្យហ្វីលីពីន បង្កើនការនាំមុខ ២-០។
នៅនាទី៨៨ ឆុំ ពិសា ត្រូវបានបណ្តេញចេញ ក្រោយទទួលបានកាតលឿងជាលើកទីពីរ។ កម្ពុជាបានប្រឹងវាយបក ហើយសុក សំណាង បានទាត់ប៉ះរបាទី។ ហ្វីលីពីន បានរក្សាលទ្ធផលនាំមុខ ២-០ រហូតដល់បញ្ចប់ការប្រកួត ដែលធ្វើឲ្យពួកគេទទួលបាន៣ពិន្ទុដំបូង និងជាការសងសឹកផងដែរ ដោយកាលពីឆ្នាំ២០១៥ ពួកគេបានចាញ់ ៣-១ ។
សម្រាប់ការប្រកួតពីរគូដំបូងនៅក្នុងពូល B វៀតណាម បានយកឈ្នះទីម័រខាងកើត ៤-០ ដោយ Doan Van Hau រកបាន២គ្រាប់ Ha Duc Chinh និង Nguyen Cong Phuong ជួយបានម្នាក់១គ្រាប់។ រីឯឥណ្ឌូណេស៊ី តាមស្មើថៃ ១-១ ដោយ Chaiyawat Buran រកគ្រាប់នាំមុខឲ្យថៃនៅវគ្គទី១ ហើយ Septian David ទាត់បាល់ប៉េណាល់ទីតាមស្មើសម្រាប់ឥណ្ឌូណេស៊ី នៅវគ្គទី២ ។
នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា កម្ពុជា ប៉ះ វៀតណាម មុនជំនួបរវាង ឥណ្ឌូណេស៊ី និង ហ្វីលីពីន រវាង ថៃ ជាមួយ ទីម័រខាងកើត។
ជម្រើសរបស់កម្ពុជា៖ អ៊ុំ សេរីរ័ត្នន៍ (អ្នកចាំទី), ឆេង ម៉េង, សឿយ វិសាល (ប្រធានក្រុម), ណុប តុលា (ឆុំ ពិសា), សំអឿន ពិដោរ, ជួន ចាន់ចាវ (ច្រឹង ពលរដ្ឋ ៤៨), ស៊ិន សក្កដា (ស៊ុន វ៉ាន់ដេត ៥៤), ហូយ ផល្លីន, ប្រាក់ ធីវ៉ា, អ៊ិន សូដាវីដ, សុក សំណាង៕
Tag:
SEA Games 2017
U22 កម្ពុជា
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com