អន្តរជាតិ
វៀតណាម​ពង្រឹង​វិធានការ​ប្រឆាំង​ពុករលួយ និង​ធានាថា​មន្ត្រីជាន់ខ្ពស់​ឈប់​កេងប្រវ័ញ្ច​រដ្ឋ​
22, Sep 2017 , 3:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​បានសម្រេច​ដាក់ចេញ​បទបញ្ញត្តិ​សំដៅ​គ្រប់គ្រង​សកម្មភាព​មន្ត្រីជាន់ខ្ពស់ ដើម្បី​ធ្វើយ៉ាងណា​ប្រឆាំង​អំពើពុករលួយ​ដែលជា​ជំងឺ​សង្គម ក៏ដូចជា​បញ្ចៀស​បញ្ហា​បក្សពួកនិយម និង​ធានាបាន​ថា មន្ត្រី​វៀតណាម​មាន​ភាព​ស្អាតស្អំ​មិន​កេងប្រវ័ញ្ច​រដ្ឋ​។



 រដ្ឋាភិបាល​វៀតណាម​កាលពីពេល​ថ្មីៗ​កន្លងមក​នេះ​ បានប្រកាស​ក្នុង​គេ​ទំព័រ​ផ្លូវការ​របស់ខ្លួន​ថា បក្ស​កុម្មុយនីស្ត​វៀតណាម​សម្រេច​ចេញ​ច្បាប់​សំដៅ​គ្រប់គ្រង​សកម្មភាព​មន្ត្រីជាន់ខ្ពស់​ទាំងឡាយ​ដើម្បី​ធ្វើយ៉ាងណា​ប្រឆាំង​អំពើពុករលួយ ចៀសវាង​ការ​លំអៀង ឬ បក្សពួកនិយម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វៀតណាម​ក៏​ចង់​ឲ្យ​មន្ត្រី​ខ្លួន​រស់នៅ​ដោយ​ស្អាតស្អំ និង​គ្មាន​ចិត្ត​លោភលន់​កេងប្រវ័ញ្ច​រដ្ឋ​ឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ការិយាល័យ​នយោបាយ​វៀតណាម​បាន​យល់ព្រម​ចេញ​បទ​ប​ញ្ញ​ញត្តិ​នេះ​ដើម្បី​ឆ្លើយ​ការរីក​រាលដាល​នៃ​អំពើពុករលួយ​ក្នុងប្រទេស បន្ទាប់ពី​អ្នកនយោបាយ​អភិរក្ស​ដែលជា​អ្នក​គិតគូរ​ពី​បញ្ហា​សន្តិសុខ​នោះ​ឈ្នះឆ្នោត ហើយ​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ក្នុង​បិ​រប​ទ​នយោបាយ​វៀតណាម​នោះ​។​

​សេចក្តីប្រកាស​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម​បន្តថា រាល់​មន្ត្រី​ថ្នាក់ខ្ពស់​ទាំងឡាយ​មិនត្រូវ​ប្រព្រឹត្ត​អំពើពុករលួយ ឬ​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​ជាដាច់ខាត ហើយ​ពួកគេ​ត្រូវ​ប្ដេជ្ញា​ធ្វើយ៉ាងណា​ប្រឆាំង​ការ​ថមថយ​ឥទ្ធិពល​នៃ​មនោគមវិជ្ជា​នយោបាយ​នៅក្នុង​ប្រទេស​កន្លងមក​ផង​។​

​រដ្ឋាភិបាល​វៀតណាម​ក៏​ដាស់តឿន​មន្ត្រី​របស់ខ្លួន​បន្ថែម​ឲ្យ​លះបង់​រាល់​មហិច្ឆតា​លោភលន់​ចង់បាន​អំណាច ហើយ​ដាច់ខាត​មិនត្រូវ​ឲ្យ​សាច់ញាតិ ឬ​មិត្តភក្ដិ​ខ្លួន​ទាញយក​ផលប្រយោជន៍​ពី​មុខងារ​របស់ខ្លួន​ឡើយ​។ មន្ត្រីជាន់ខ្ពស់​ទាំងអស់​ត្រូវមាន​ភាពស្មោះត្រង់ រស់នៅ​ដោយ​ស្អាតស្អំ និង​មាន​សណ្តាន​ចិត្ត​ខ្ពស់​។​

​គួរ​បញ្ជាក់ដែរថា ការដាក់ចេញ​ច្បាប់​នេះដែរ​កើតឡើង ក្រោយ​អាល្លឺម៉ង់​ចោទថា វៀតណាម​បាន​ចាប់ជំរិត​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វៀតណាម​លោក Trinh Xuan Thanh ពី​ទីក្រុង​ប៊ែ​រ​ឡាំង ក្រោយ​លោក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ​។ មុន​មានការ​ការចាប់ខ្លួន វៀតណាម​បាន​ចោទថា លោក Trinh Xuan Thanh នេះ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​គ្រប់គ្រង​ក្រុមហ៊ុន​រដ្ឋ​មិនល្អ​ទើប បង្ក​ឲ្យ​ក្រុមហ៊ុន​ខាត​អស់ប្រាក់​១៥០​លាន​ដុល្លារ​។ ថ្វីបើ​មានការ​ចោទប្រកាន់​វៀតណាម​ពី​សំណាក់​អាល្លឺម៉ង់​ក៏ដោយ លោក Trinh Xuan Thanh បានបង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​វៀតណាម និង​បាន​អះអាងថា លោក​ជា​អ្នក​ចុះចូល​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​៕

Tag:
 វៀតណាម​
 ​ ពុករលួយ​
  Trinh Xuan Thanh
© រក្សាសិទ្ធិដោយ thmeythmey.com