អន្តរជាតិ
កូរ៉េខាងត្បូង​មិន​ចង់​មាន​នុយក្លេអ៊ែរ​ដូច​កូរ៉េខាងជើង ព្រោះ​អត់​ចង់​នាំ​បញ្ហា​ដាក់ខ្លួន​
16, Aug 2017 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Lee Nak-yeon (រូបភាព៖ Wikimedia Commons)
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Lee Nak-yeon (រូបភាព៖ Wikimedia Commons)
​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Lee Nak-yeon នៅ​ថ្ងៃទី​១៦ ខែសីហា បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​សំណើ​ដែល​ចង់​ឲ្យ​កូរ៉េខាងត្បូង​មាន​អាវុធ​នុយក្លេអ៊ែរ​ខ្លួនឯង សំដៅ​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​ផ្សេង​ជាពិសេស​កូរ៉េខាងជើង​។ បើតាម​សម្ដី​លោក Lee Nak-yeon កូរ៉េខាងត្បូង​មិនទាន់មាន​គម្រោង​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដោយ​ខ្លួន​ទេ ព្រោះ​ការផលិត​អាវុធ​ប្រល័យ​លោក​នេះ អាច​នាំ​បញ្ហា​ដាក់ខ្លួន​ដូច​អ្វីដែល​កូរ៉េខាងជើង​កំពុង​ជួបប្រទះ​សព្វថ្ងៃ​ដូច្នេះ​ដែរ​។​



​ការអភិវឌ្ឍ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឥតឈប់ឈរ​ពី​សំណាក់​កូរ៉េខាងជើង បានធ្វើ​ឲ្យ​មានការ​លើកឡើងថា កូរ៉េខាងត្បូង​គួរ​មាន​អាវុធ​នុយ​ក្ល​អ៊ែរ​ក្នុង​ឃ្លាំង​របស់ខ្លួន​ដែរ​។ កូរ៉េខាងជើង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក​អានុភាព​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​។ កាលពី​ឆ្នាំមុន ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ពីរដង និង​បាន​បាញ់​មី​ស៊ី​ល​ច្រើនលើកច្រើនសារ​។ នៅ​ឆ្នាំនេះ ព្យុងយ៉ាង​ក៏មាន​សមត្ថភាព​ផលិត​មី​ស៊ី​លបាញ់​ដល់​ទឹកដី​អាមេរិក​ទៅទៀត​។

​យ៉ាងណាក្ដី កូរ៉េខាងត្បូង​មិនមាន​បំណង​ដើរ​តាមផ្លូវ​របស់​កូរ៉េខាងជើង​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ស្ថិរភាព​តំបន់ និង​បង្កបញ្ហា​ឲ្យ​ខ្លួន​ទៀតផង​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Lee Nak-yeon និយាយថា ប្រសិន​កូរ៉េខាងត្បូង​មាន​នុយក្លេអ៊ែរ វា​នឹង​បង្កបញ្ហា​ដល់​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ធ្វើ​ឲ្យ​មានការ​រត់ប្រណាំង​សព្វាវុធ​នៅក្នុង​តំបន់ ហើយ​កូរ៉េខាងត្បូង​នឹងរង​ទណ្ឌកម្ម​របស់​អន្តរជាតិ​មិន​ខាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Lee បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា កូរ៉េខាងត្បូង​មិនទាន់​សម្រេចចិត្ត​លើ​បញ្ហា​ទាំង​ប្រញាប់ប្រញាល់​ឡើយ​។ ទោះជា​មិនទាន់​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងត្បូង​ក៏​មិន​បោះបង់​គំនិត​ចង់បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រដែរ ដោយ​នាយករដ្ឋមន្ត្រី​ដដែល​នេះ​បញ្ជាក់ថា វា​ក៏​ដល់​ពេលដែល​ត្រូវ​និយាយ​រឿងនេះ​ដែរ ដើម្បី​ទប់ទល់​ការ​គំរាម​របស់​កូរ៉េខាងជើង​។​

​ឆ្លៀតឱកាស​នោះ លោក Lee ក៏​បញ្ជាក់ដែរថា ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន កំពុង​ដើរ​លើផ្លូវ​តែមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​លើកឡើង​បែបនេះ ចំ​ពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​ចាត់ការ​កូរ៉េខាងជើង ដោយ​មិន​ឆ្លង​យោបល់​កូរ៉េខាងត្បូង​។ លោក Lee ចាត់ទុក​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​សព្វថ្ងៃ​ថា​មកដល់​ដំណាក់​គ្រោះថ្នាក់ ដែល​គេ​មិន​រំពឹងថា​អាច​កើតឡើង​បាន​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​កម្ដៅ​ខ្លាំង​នៅ​សប្ដាហ៍​មុន បន្ទាប់ពី​កូរ៉េ​គំរាម​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Hwasong-12 ដាក់​តំបន់​ក្បែរ​ហ្គា​ម​របស់​អាមេរិក​។ អាមេរិក​បាន​ឆ្លើយតប​វិញ​ដោយ​គំរាម​កម្ទេច​កូរ៉េខាងជើង បើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ហ៊ាន​ប៉ះពាល់​ទឹកដី​របស់ខ្លួន​។ ប្រធានាធិបតី ត្រាំ ង​ក៏បាន​និយាយ​ជា​ចំហ​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​វាយប្រហារ​កូរ៉េខាងជើង​ទៀតផង​។ យ៉ាងណាក្ដី កូរ៉េខាងជើង​បាន​ផ្អាក​ផែនការ​នេះ​សិន ដោយ​រង់​ចាំមើល​ទង្វើ​អាមេរិក​បន្តទៀត​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
  Lee Nak-yeon
© រក្សាសិទ្ធិដោយ thmeythmey.com