ជាតិ
លោក ឱម យ៉ិនទៀង ស្នើ​ឲ្យ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង រឹតបន្តឹង​ការប្រឡង តាម​ស្ដង់ដារ​ក្រសួង​អប់រំ​
16, Aug 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ស្នើ​ទៅ​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា ឲ្យ​អនុវត្តតាម​គោលការណ៍​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​រឹតបន្តឹង​ការប្រឡង​ចូល​ក្របខណ្ឌ​ក្រសួង​។



សូមស្តាប់សំឡេង៖




​ការលើកឡើង​របស់លោក ឱម យ៉ិនទៀង បែបនេះ ធ្វើឡើង​ក្រោយពី ACU សង្កេតឃើញថា ការប្រឡង​នៅតាម​ក្របខណ្ឌ​ក្រសួង​កន្លងមក នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​កែតម្រូវ​។ ត្រង់ចំណុច​នេះ លោក ឱម យ៉ិនទៀង ស្នើ​ឲ្យ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ទាំងអស់ គោរព​យក​ស្ដង់ដារ​ប្រឡង​របស់​ក្រសួង​អប់រំ ដើម្បី​បង្កើន​គុណភាព​នៅតាម​ក្រសួង​។​

​ថ្លែង​នៅក្នុង​ពិធី​ជួប​អ្នកស្ម័គ្រចិត្ត​អង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​សាលា​តិច​ណូ កាលពី​ថ្ងៃទី​១៤ សីហា ប្រធាន ACU រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​យក​ច្បាប់​មក​អនុវត្ត​ដូចគ្នា ហើយ​យើង​កំពុងតែ​ចម្លង​យក ប្រកាស​របស់​ក្រសួង​អប់រំ​ដើម្បី ជូនទៅ​រដ្ឋមន្ត្រី​ផ្សេងៗ​ទាំងអស់ សូម​គួរ​យក​ចំណុច​នេះ​ដូចគ្នា​ទៅ ដើម្បី​ងាយស្រួល ពីព្រោះ​យើង​តែង​សង្កេត​ថា ក្រសួង​ខ្លះ​ប្រឡង​ទៅ អនុរក្ស​នៅ​យក​ទូរ​សព្ទ​ចូល​បាន បានន័យថា​គាត់​នៅមាន​ស្ដង់ដារ​ខុសគ្នា​។  ដូច្នេះ​យើង​ចង់​ឲ្យ​យក​ស្ដង់ដារ​តែមួយ ងាយស្រួល​ដល់​គាត់​វិញ គាត់​អាង​យើងខ្ញុំ ឃើញ​បញ្ហា​អី​យើង​អាច​រាយការណ៍​ទៅ​រដ្ឋមន្ត្រី ចឹ​ង​រដ្ឋមន្ត្រី​នីមួយៗ គាត់​មាន​សេនាធិការ​តែ​ពីរ ទី​១​មន្ត្រី​គាត់ គណៈកម្មការ​គាត់ ទី​២​គឺ​ខាង ACU ក៏​ធ្វើជា​សេនាធិការ​ឲ្យ​គាត់​»​។​

​កន្លងមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានដាក់​អ្នកសង្កេតការណ៍​ប្រឡង​តាម​ក្រសួង​នានា ដូចជា​ក្រសួងសុខាភិបាល ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ក្រសួងយុត្តិធម៌ ជាដើម ។ នេះ​បើតាម​លោក ឱម យ៉ិនទៀង​។​

​គួរ​បញ្ជាក់ថា ស្ដង់ដារ​ប្រឡង​របស់​ក្រសួង​អប់រំ ដែល​បានដាក់​កំណត់​មិន​ឲ្យ​បេក្ខជន​ណា​លាក់​សំណៅ​ឯកសារ ឬ​គ្រឿង​អេឡិចត្រូនិក ដូចជា​ទូរ​សព្ទ​ដៃ និង​ប្រដាប់​គិត​លេខ​ជាដើម ហើយ​ត្រូវ​អនុរក្ស​រកឃើញ បេក្ខជន​នោះ នឹងត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ចំណែក​អនុរក្ស និង​អ្នក​អង្កេត​ការណ៍ ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ​ផងដែរ​៕


Tag:
 ឱម យ៉ិនទៀង​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com