អន្តរជាតិ
ហ្វីលីពីន​៖ ចិន​ធានាថា​ខ្លួន​លែង​បន្ត​វាតទី​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៀតហើយ​
16, Aug 2017 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana
​រដ្ឋាភិបាល​ចិន​បាន​ធានា​ប្រាប់​ហ្វីលីពីន​ថា ខ្លួន​ឈប់​វាតទី​ឬ​កាន់កាប់​កោះ​ឬ​ទីតាំង​ផ្សេងទៀត​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​។ ការធានា​របស់​ចិន​ចំពោះ​ហ្វីលីពីន​នេះ​ធ្វើឡើង​ស្របពេល​សមាជិកសភា​ហ្វីលីពីន​មួយចំនួន​អះអាងថា ចិន​ទំនង​ត្រៀមលក្ខណៈ​ដណ្តើម​កាន់កា​ប់កោះ​ថ្មី​ចោ​ទៀត​ដែល​ហ្វីលីពីន​កំពុង​កាន់កាប់​។​



​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​អះអាងថា សម​ភាគី​ចិន​បាន​ឯកភាព​ឈប់​បន្តកាន់កាប់​ឬ​វាតទី​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៀតហើយ​។ ចិន​ចាត់ទុកថា ការរក្សា​ស្ថានភាព​ឲ្យ​នៅ​ស្ថិត​ស្ថិរ​បច្ចុប្បន្ន​ពិតជា​សំខាន់​ក្នុងការ​ស្តារ​និង​អភិវឌ្ឍ​ចំណងមិត្តភាព​រវាង​ចិន និង​ហ្វីលីពីន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការពារជាតិ​ហ្វីលីពីន​រៀបរាប់​ពី​ជំហរ​របស់​ចិន​ក្នុងការ​បញ្ឈប់​សកម្មភាព​វាតទី​នៅ​តំបន់​ជម្លោះ​នេះ ក្នុងពេលដែល​លោក​ផ្តល់​សក្ខីកម្ម​ចំពោះ​សភា​ជុំ​ស្ថានភាព​បញ្ហា​ជម្លោះ​នេះ​។ លោក​បាន​សង្កត់ធ្ងន់ថា ចិន​និង​ហ្វីលីពីន​សម្រេចបាន​កិច្ចព្រមព្រៀង​ដែល​ហាមឃាត់​ភាគី​ទាំងពីរ​ក្នុងការ​កាន់កាប់​កោះ​ថ្មីៗ​ផ្សេងទៀត​។​

«​វា​គ្មាន​ការប្រែប្រួល​កើតឡើង​ឡើយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​មានការ​ឯកភាពគ្នា​រវាង​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ​។ បើតាម​រដ្ឋមន្ត្រី​ការ​ទេស​យើង ចិន​នឹងមិន​កាន់កាប់​កោះ​ឬ​តំបន់​ថ្មី​ទៀតឡើយ ហើយ​ចិន​ក៏​មិន​សង់​សំណង់​ថ្មី​នៅ​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ដែរ​»​។ នេះ​ជាស​ម្តី​របស់លោក Lorenzana ថ្លែង​ទៅកាន់​សមាជិកសភា​ថ្ងៃ​អង្គារ​ទី ១៥ សីហា​។

​ថ្វីបើ​រដ្ឋមន្ត្រី​ការពារជាតិ​បកស្រាយ​បែបនេះ​ក៏ដោយ សមាជិកសភា​ហ្វីលីពីន​បានលើកឡើង​ពី​របាយការណ៍​ថ្មី​មួយ​ដែល​បង្ហាញថា នាវា​ចិន​ធ្វើ​សកម្មភាព​នៅ​កៀក​កោះ​ដែល​ហ្វីលីពីន​កាន់កាប់​ថែម​ទៀតផង​។

​លោក Gary Alejano បាន​ស្រង់​របាយការណ៍​យោធា​ដែល​បញ្ជាក់ថា នាវា​ចិន​ចំនួន​ប្រាំ​គ្រឿង​បានធ្វើ​ដំណើរ​ក្បែរ​កោះ Thitu ស្ថិតក្នុង​ប្រជុំ​កោះ Spratlys ផង​នោះ ហើយ​នាវា​ទាំងនោះ​មិន​អនុញ្ញាត​ឲ្យ​នាវា​ឈ្លបយកការណ៍​ផ្លូវ​សមុទ្រ​ចូលទៅ​ក្បែរ​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កោះ Thitu ជា​កោះ​ដ៏​ធំ​បំផុត​មួយ​ក្នុងចំណោម​ថ្ម​ប៉ប្រះ​ទឹក​ទាំង​ប្រាំបួន​ដែល​ហ្វីលីពីន​កាន់កាប់​នៅ​ប្រជុំ​កោះ Spratlys​។ 

​យ៉ាងណា​ក៏ដោយចុះ ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ត្រឡប់​មករក​ភាពល្អប្រសើរ​វិញ​ក្រោយ​ពេលដែល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​ឡើងកាន់​អំណាច​នៅ​ឆ្នាំ ២០១៦​។ លោក​ប្រកាសថា ហ្វីលីពីន​រក្សា​នយោបាយ​ការបរទេស​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ ហើយក៏​ទុក​ជម្លោះ​មួយ​លែ​ក​ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​ចិន​ឡើងវិញ​ផងដែរ​។

​សូមបញ្ជាក់ថា ចិន​បានទាមទារ​យក​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង ខណៈដែល​ភាគី​ផ្សេងទៀត​ដូចជា​ហ្វីលីពីន ព្រុយ​ណេ ម៉ាឡេស៊ី វៀតណាម និង​តៃវ៉ាន់​ក៏​ទាមទារ​ដូចគ្នា​។ ក្រុង​ប៉េកាំង​ក៏បាន​សាងសង់​កោះ​ចំនួន​ប្រាំពីរ​លើ​ថ្ម​ប៉ប្រះ​ទឹក​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ក្នុងចំណោម​កោះ​ទាំងនោះ​មាន​កោះ​ចំនួន​បី​អាច​ឲ្យ​យន្តហោះ​ចម្បាំង​ចុះចត​បាន​។ វា​មាន​ផ្លូវ​យន្តហោះ​រត់ រ៉ា​ដា និង ប្រព័ន្ធ​មី​ស៊ី​ល​ផងដែរ​។ ឯ​ចិន​អះអាង​ឧបករណ៍​យោធា​នៅលើ​កោះ គឺ​ទុក​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​៕


Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  Delfin Lorenzana
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com