ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ប្រាប់​ឲ្យ​សមាជិក​សម្រេច​លើ​វាសនា​បក្ស ហើយ​ជឿជាក់​លើស​ម្ដេច ហ៊ុន សែន​
16, Aug 2017 , 9:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ប្រាប់​ឲ្យ​សមាជិក សមាជិការ​ខ្លួន សម្រេច​លើ​ជោគវាសនា​គណបក្ស តាមបែប​ប្រជាធិបតេយ្យ ហើយ​ត្រូវ​ជឿជាក់​លើ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ។

 
​លោក ញឹក ប៊ុនឆៃ ដែល​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស បានចេញ​លិខិត​ប្រកាស​ទទួលស្គាល់​កំហុស​ខ្លួន ដែល​បានធ្វើ​មិនគប្បី​ចំពោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ញឹក ប៊ុនឆៃ ចាត់ទុក​កំហុស​របស់ខ្លួន​នេះ គឺជា​ដើមចម​នាំទុក្ខ​ដល់​សមាជិក​គណបក្ស បាត់បង់​តួនាទី មុខតំណែង និង​ជួប​បញ្ហា​ប្រឈម​ជាយថាហេតុ​។​
 
​ក្នុង​លិខិត​ចុះហត្ថលេខា​ដោយ​លោក ញឹក ប៊ុនឆៃ ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃទី​១៦ សីហា​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​គោរព​សម្ដែង​ជូន​នូវ​ការសារភាព​កំហុស ទាំងស្រុង​ដោយស្មោះ​ស្ម័គ្រ និង​សុទ្ធចិត្ត ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ផលវិបាក នាំមក​នូវ​ការខូចខាត​ប្រយោជន៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​សមាជិក​ទាំងអស់​បាន​កសាង​រួមគ្នា​»​។​
 
​បន្ថែម​ពីលើ​ការទទួល​កំហុស​នេះ លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​ឲ្យ​សមាជិក​គណបក្ស​ទាំងអស់ ពិចារណា​សម្រេច​លើ​ជោគវាសនា​គណបក្ស​តាមបែប​ប្រជាធិបតេយ្យ ដោយ​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​«​ខ្ញុំ​សូម​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កុំ​ងាករេ​ទៅតាម​ការអូសទាញ ឬ​ឃោសនា​បំភ័ន្ត​មតិ​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ឲ្យ​សោះ ពីព្រោះ​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើការ​កែទម្រង់​គ្រប់បែបយ៉ាង ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ​ខ្មែរ និង​កំពុង​ដើរ​លើផ្លូវ​ត្រូវ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ញឹក ប៊ុនឆៃ ។​
 
 
​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ព្រះមហាក្សត្រ​បញ្ចប់​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​៩ មិថុនា​កន្លងមក តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​មាន​ព័ត៌មាន​ថា​លោក ញឹក ប៊ុនឆៃ បាន​ទូរស័ព្ទ​សន្ទនា​គារ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង​។​
 
​នៅពេលនេះ​លោក ញឹក ប៊ុនឆៃ កំពុង​ជាប់​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការ​ចោទ​ពី​តុលាការ​ចំនួន​ពីរ​ករណី ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ឆ្នាំ​២០០៧៕

Tag:
 ញឹក ប៊ុនឆៃ​
 ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com