ជាតិ
សង្គមជាតិ
ប្រជាជនក្នុងភូមិមួយនៃខេត្តកំពត​ធ្លាប់តែ​បរិភោគ​ទឹក​គ្មាន​អនាម័យ បែរមក​បរិភោគ​ទឹកបរិសុទ្ធ
16, Aug 2017 , 10:35 pm        
រូបភាព
ដោយ:

​ភូមិ​ព្រៃ​បាន​ធំ គឺជា​ផ្នែក​មួយ​នៃ​ឃុំ​បន្ទាយមាស​កើត ដែល​ស្ថិត​ក្នុងស្រុក​បន្ទាយមាស​ខេត្តកំពត​។ ភូមិ​នេះ​មាន​អ្នកស្រុក​រស់នៅ​ប្រហែល ១២០ គ្រួសារ​។ តំបន់​នេះ​តែង​ជួបប្រទះ នូវ​បញ្ហា​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ និង​ងាយ​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​។

 
​កន្លងមក​នៅពេលដែល​មាន​គ្រោះរាំងស្ងួត អ្នកភូមិ​ព្រៃ​បាន​ធំ តែង​ជួបប្រទះ​នូវ​ការខ្វះ​ទឹក ជាពិសេស​ពួកគេ​តែង​ជួប​បញ្ហា​សុខភាព ដោយសារ​បរិភោគ​ទឹក​គ្មាន​អនាម័យ​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​ចុង​ក្រោយនេះ បញ្ហា​របស់​អ្នកភូមិ​បាន​ធំ ត្រូវបាន​ដោះស្រាយ បន្ទាប់ពី​សហភាព​អឺរ៉ុប បាន​ផ្តល់ជំនួយ ដើម្បី​អនុវត្ត​គម្រោង សម្ព័ន្ធ​នៃ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​។ គម្រោង​នេះ បាន​ផលិត​ទឹកបរិសុទ្ធ​មាន​អ​នា​ម័ត​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃថោក​។ 
 
​អ្នកភូមិ​នៅក្នុង​ឃុំ​បន្ទាយមាស​កើត ត្រេកអរ​ជា​អនេក ដែលមាន​លទ្ធភាព​ទទួល​បាន​ទឹក​ប្រើប្រាស់​ប្រសើរ​ជាង​មុន ដោយសារ​ការដំឡើង​រោង​ចក្រ​ទឹក​សុទ្ធ ដែល​គ្រប់គ្រង​ដោយ​សហគមន៍ មានតម្លៃ​ទាប ពោលគឺ​ក្នុង​មួយ​ធុង​តម្លៃ​តែ ១០០០ ទៅ ១៥០០ រៀល និង​ដឹក​ជូន​ដល់ផ្ទះ​ដោយ​មិន​គិតថ្លៃ​។ ក្នុង​មួយ​ធុង​អ្នកភូមិ​មួយ​គ្រួសារ​អាច​ប្រើ​សម្រាប់​បរិភោគ​រហូត​ដល់​ជិត ១ សប្តាហ៍​។ 
 
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Georde Edgar ពេលចុះទស្សនាកន្លែងផលិតទឹកស្អាតនៅក្នងឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ជាមួយក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១៦ ខែសីហា។

ជាមួយគ្នានេះ ទឹកស្អាត​របស់​សហគម​ន៍​នេះ ក៏ត្រូវ​បានផ្ដល់​ឲ្យ​ដោយ​ឥតគិតថ្លៃ​ផងដែរ ដល់​សាលារៀន​ចំនួន ៤ ដែល​ស្ថិតនៅក្នុង​ឃុំ​បន្ទាយមាស​កើត​នេះ​។ ចំណេះដឹង និង​ទម្លាប់​អនុវត្តន៍​អនាម័យ​មាន ភាពល្អ​ប្រសើរឡើង តាមរយៈ​ការតស៊ូ​មតិ​ដែល​ធ្វើឡើង​ដោយ​ភ្នាក់ងារ​ផ្លាស់ប្តូរ​ជា​ស្ត្រី​នៅក្នុង​មូលដ្ឋាន ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​គម្រោង​។​
 
 
 
​តាមរយៈ​គម្រោង​នេះ ស្រះ​ទឹក​ស៊ាំ​នឹង​អាកាសធាតុ​(​ស្រះ​ទឹក​ដែលមាន​ក្រា​លបាត​) ត្រូវ​បានរៀបចំ​ស្ថាបនា​ឡើង ហើយ​អ្នកភូមិ​មាន​ទម្លាប់​រក្សាទុក​ទឹកបាន​ល្អ​ជាង​មុន បន្ទាប់ពី​មានការ​អបរំ​។ ទាំងអស់នេះ បាន​ជួយ​ឲ្យ​អ្នកភូមិ​កាន់តែ​មានលទ្ធភាព​ទប់​ទល់នឹង​ហានិភ័យ​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ​។​

 
​ជា​កត់សម្គាល់ ខេត្តកំពត​និង​តំបន់​ដទៃទៀត​នៃ​ឆ្នេរសមុទ្រ​កម្ពុជា តែង​ទទួលរង​ផលប៉ះពាល់​ដោយសារ​គ្រោះ​អាកាសធាតុ ដូចជា គ្រោះរាំងស្ងួត ការទន្ទ្រាន​ចូល​នៃ​ទឹកប្រៃ ខ្យល់ព្យុះ​តាម​រដូវ​កាល ដែល​ភាគច្រើនបំផុត​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត ជាពិសេស កុមារ ស្ត្រី និង​មនុស្ស​ចាស់ជរា​។ ជារឿយៗ ការទទួលបាន​ទឹកស្អាត​នៅ​រដូវប្រាំង​គឺជា​បញ្ហាលំបាក​។ ភាគច្រើន​នៃ​ចំណុច​ប្រភពទឹក​រីងស្ងួត​រយៈពេល ៣-៦ ខែ នៅក្នុង​អំឡុង​រដូវប្រាំង​។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធ​រក្សា​ទឹក​មិនទាន់មាន​គ្រប់គ្រាន់ ហើយ​សហគមន៍​នានា​ចាំបាច់​ត្រូវ​ទិញ​ទឹក​ពី​ប្រតិបត្តិ​ករ​ឯកជន​ក្នុងតម្លៃ​ខ្ពស់​។ ការអនុវត្ត​អនាម័យ មិន​ត្រូវបាន​ប្រកាន់ខ្ជាប់​ពេញលេញ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព ជាពិសេស នៅពេលដែល​ប្រជាជន​ប្រើប្រាស់​ទឹក​មិន​ស្អាត​។ ហើយ​ជា​ចុងក្រោយ សមត្ថភាព​ដោះស្រាយ​គ្រោះមហន្តរាយ​ក៏​នៅមានកម្រិត​នៅឡើយ ។ 

 
​បន្ទាប់ពី​មានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប គម្រោង​សម្ព័ន្ធ​នៃ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា បានផ្ដល់​ធនធាន​ដល់​ការកសាង​សមត្ថភាព​និង​ការអនុវត្ត​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ចាប់តាំងពី​ឆ្នាំ ២០១០ ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com