បទវិភាគ
តាមច្បាប់អន្តរជាតិ អាមេរិកទារបំណុលសង្គ្រាមកម្ពុជាជារឿងគ្មានសមធម៌
× លិខិតមិត្តអ្នកអាន-កែវ សុទ្ធិ
នៅថ្ងៃទី៣ ខែកុម្ភៈ ២០១៧ អគ្គរដ្ឋទូតអាមេរិក William Heidt បានជួបជាមួយសមភាគីកម្ពុជា ហើយបានប្រាប់ឲ្យមន្ត្រីកម្ពុជាគួរធ្វើកិច្ចព្រមព្រៀងមួយជាមួយអាមេរិកដើម្បីសងបំណុលសង្គ្រាមចំនួន៥០០លានដុល្លារ។ បំណុលដែលរបបលន់នល់ខ្ចីសម្រាប់ការផ្គត់ផ្គង់ស្បៀងមានតែ២៧៤លានដុល្លារប៉ុណ្ណោះ។ តែបច្ចុប្បន្នចំនួននេះកើនដល់៥០០លានដុល្លារ។
ក្នុងជំនួបនោះ លោក Heidt និយាយថា៖ «សម្រាប់ខ្ញុំ កម្ពុជាមើលទៅមិនដូចជាប្រទេសដែលមានបំណុលនោះទេ។ អគារច្រើនរីកដុះដាលពេញទីក្រុង។ ការវិនិយោគពីបរទេសក៏មានច្រើន ហើយចំណូលរដ្ឋាភិបាលក៏កើនឡើងយ៉ាងឆាប់រហ័សដែរ»។
ផ្ទុយទៅវិញ យោងតាមធនាគារពិភពលោក កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៧៤ ក្នុងចំណោម២១៤ប្រទេសនៃបញ្ជីចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់។
ជាការពិត កម្ពុជាពិតជាមានដំណើរការហិរញ្ញវត្ថុល្អ ចាប់តាំងពីឆ្នាំ១៩៧៩មក។ ប៉ុន្តែកម្ពុជាសព្វថ្ងៃ អាចធ្វើអាក្រក់ជាងរបបខ្មែរក្រហមឬ? ក្នុងការទាមទារឲ្យកម្ពុជាសងបំណុល លោក Heidt គិតថា កម្ពុជាមិនត្រូវរស់នៅជាមួយនឹងប្រវត្តិនៃបំណុលនោះឡើយ។ «ខ្ញុំចង់និយាយថា វាជាប្រយោជន៍របស់កម្ពុជាទៅវិញទេ ដែលពុំត្រូវក្រឡេកមើលទៅអតីតកាល។ ប៉ុន្តែត្រូវមើលថា តើគេត្រូវដោះស្រាយបញ្ហាបំណុលនេះយ៉ាងដូចម្តេចទៅវិញ ពីព្រោះវាចាំបាច់សម្រាប់អនាគតរបស់កម្ពុជា»។
លោក Heidt! អតីតកាលនៅតែជាបញ្ហា។ ចាប់ពីថ្ងៃទី៤ ខែតុលា ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ១៩៧៣ អាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ២ ៧៥៦ ៩៤១តោនលើកម្ពុជា។ សាស្ត្រាចារ្យ Taylor Owen និងសាស្ត្រាចារ្យ Ben Kiernan បានធ្វើការប្រៀបធៀបដ៏មានន័យ អំពីការទម្លាក់គ្រាប់បែកដ៏ច្រើនមហិមានេះក្នុងសៀវភៅ «Bombs over Cambodia» ។ «ទ័ពសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែកសរុបជាង២លានតោនក្នុងសង្គ្រាមលោកលើកទី២ ដោយរួមបញ្ចូលទាំងការទម្លាក់គ្រាប់ចំនួន១៥០០០តោនលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងចំនួន២០០០០តោនទៀតលើទីក្រុងណាហ្កាសាគី។ កម្ពុជាអាចចាត់ទុកបានជាប្រទេសរងការទម្លាក់គ្រាប់បែកខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រ»។
គ្រាប់បែកទាំងនេះបង្កផលប៉ះពាល់ច្រើនណាស់ដល់សង្គមកម្ពុជា ក៏ដូចជារួមចំណែកដល់ការកកើតខ្មែរក្រហមទៀតផង។ នៅពេលអ្នកកាសែតអូស្ត្រាលី Bruce Palling សួរកម្មាភិបាលខ្មែរក្រហម ឈិត ដូ ថាការទម្លាក់គ្រាប់បែកនេះត្រូវបានយកទៅឃោសនាដើម្បីប្រមូលកម្លាំងទ័ពឬយ៉ាងណា លោក ឈិត ដូ ឆ្លើយថា៖ «គ្រប់ពេលបន្ទាប់ពីការទម្លាក់គ្រាប់បែក ខ្មែរក្រហមបាននាំប្រជាជនទៅមើលរណ្ដៅគ្រាប់ឲ្យដឹងធំប៉ុណ្ណា និងជ្រៅប៉ុណ្ណា និងមើលថាផែនដីនេះត្រូវបានកម្ទេច ហើយឆេះរោលរាលដោយរបៀបណា។ ពេលខ្លះ ប្រជាជនសាមញ្ញភ័យរាគអាចម៍ដាក់ខោ នៅពេលដែលយន្តហោះទម្លាក់គ្រាប់មកដល់ម្តងៗ។ ពួកគេភាន់ភាំងអស់ ហើយវង្វេងវិលវល់ពីបីទៅ៤ថ្ងៃ។ ដោយភ័យរន្ធត់ស្ទើរឆ្កួតទៅហើយ ប្រជាជនត្រៀមខ្លួនជឿអ្វីដលខ្មែរក្រហមនិយាយ។ ដោយសារតែពួកគេមិនពេញចិត្តនឹងការទម្លាក់គ្រាប់បែកនេះហើយ ដែលធ្វើឲ្យពួកគេចូលដៃជាមួយខ្មែរក្រហម បញ្ជូនកូនៗទៅជួយខ្មែរក្រហម។ ពេលខ្លះគ្រាប់បែកធ្លាក់ចំក្មេងៗ ដូច្នេះឪពុកពួកគេច្បាស់ជាគាំទ្រខ្មែរក្រហមមួយទំហឹងហើយ»។
អ្វីគួរឲ្យចាប់អារម្មណ៍ គឺរដ្ឋបាលប្រធានាធិបតី Richard Nixon ក៏ដឹងថា ខ្មែរក្រហមបានយកការទម្លាក់គ្រាប់បែកនេះធ្វើជាប្រធានបទឃោសនាមហាជនដែរ។ ប៉ុន្តែការទម្លាក់គ្រាប់បែកដែលខុសច្បាប់នៅតែបន្ត រហូតដល់សភាអាមេរិកដឹងរឿងនេះ និងបញ្ឈប់សកម្មភាពនៅឆ្នាំ១៩៧៣ ។ ប៉ុន្តែវាដូចជាយឺតពេលទៅហើយ។ ខ្មែរក្រហមបានប្រមូលកម្លាំងបានច្រើនជាង២សែននាក់ទៅហើយ។ លោក Kiernan កត់សម្គាល់ថា «ប៉ុលពតមិនអាចឡើងកាន់អំណាចបានទេ បើគ្មានអស្ថេរភាពធ្ងន់ធ្ងរផ្នែកយោធា និងសេដ្ឋកិច្ចនៅកម្ពុជាដែលបង្កឡើងដោយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៦នោះ»។
បើតាមសាស្ត្រាចារ្យ Taylor Owen និងសាស្ត្រាចារ្យ Ben Kiernan លោក និកសុនមានទ្រឹស្តីមួយ គឺការជឿជាក់ទៅលើការផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តនូវធនធាន ដើម្បីទប់ទល់បញ្ហាប្រឈមទាំងក្នុង និងទាំងក្រៅ ខណៈអាមេរិកកំពុងដកទ័ពរបស់ខ្លួន។ នៅកម្ពុជា អាមេរិកបានផ្ដល់ជំនួយយោធាដើម្បីគាំទ្រលោកលន់ នល់ ដែលជាឧត្តមសេនីយ៍ស្និទ្ធអាមេរិកក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ ស្របពេលដែលអាមេរិកបានធ្វើប្រតិបត្តិការទម្លាក់បែកដោយសម្ងាត់ និងខុសច្បាប់។
ក្នុងកំណត់ហេតុសម្ងាត់មួយ រដ្ឋមន្ត្រីការបរទេស Henry Kissinger បានប្រាប់ឲ្យស្ថានទូតអាមេរិកផ្ដល់ការលើកទឹកចិត្តជាអតិបរមាសម្រាប់ផ្ដល់ជំនួយដល់កម្ពុជា។ លោកលន់ នល់ ត្រូវបានអាមេរិកធានាពីការផ្គត់ផ្គង់អាវុធ និងបំណងរបស់អាមេរិកក្នុងការជួយកម្ពុជានៅពេលខាងមុខទៀត។ ដោយមានការគាំទ្ររបស់អាមេរិក លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ក្នុងខែមីនា ឆ្នាំ១៩៧០ ។
បំណុលជាស្បៀងអាហាររបស់របបលន់ នល់ ផ្ដើមចេញពីអាមេរិកតែម្ដង។ សង្គ្រាមស៊ីវិលរវាងរដ្ឋាភិបាលលន់ នល់ និងក្រុមខ្មែរក្រហម ក៏ដូចជាការបន្តទម្លាក់គ្រាប់បែកខុសច្បាប់របស់អាមេរិក បានបង្អាក់ផលិតកម្មស្រូវក្នុងស្រុក។ លើសពីនេះទៅទៀត ដោយសារតែខ្មែរក្រហមបានដណ្ដើមត្រួតត្រាតំបន់ជនបទ ពួកគេបានកាត់ផ្ដាច់ការផលិតស្រូវ និងការផ្គត់ផ្គង់អាហារចូលក្រុងភ្នំពេញ។ បញ្ហានេះបង្ខំឲ្យរដ្ឋាភិបាលលន់ នល់ ពឹងផ្អែកលើការទម្លាក់ស្បៀងរបស់អាមេរិក។
ការទាមទារឲ្យកម្ពុជាសងបំណុលសម័យសង្គ្រាមក្នុងសម័យលន់ នល់ ដែលគាំទ្រដោយអាមេរិក ជារឿងមិនស្មើភាពទេ បើយោងតាមច្បាប់អន្តរជាតិ។ គោលការណ៍សមភាពនេះ មិនត្រូវបានគេឲ្យនិយមន័យច្បាស់លាស់ទេ ហើយវាស្មុគស្មាញថែមទៀតផង។ យ៉ាងណាក៏ដោយ បើតាមសាស្ត្រចារ្យ S.K. Chattopadhyay ដែលបានសរសេរក្នុងសៀវភៅ Equity in International Law: Its Growth and Development សមភាពអាចនិយាយបានជាគំនិតនៃយុត្តិធម៌ ភាពទៀងត្រង់ ហើយត្រូវកកើតឡើងដោយ ហេតុផល និងមនសិការ។ អ្នកប្រាជ្ញច្រើនរូបបានលើកឡើងថា ការតវ៉ាដោយផ្អែកលើសមភាពក្រោមច្បាប់អន្តរជាតិ ដែលផ្ទុយគ្នាពីការតវ៉ាដោយផ្អែកលើទិដ្ឋភាពច្បាប់ បានទុកផ្លូវឲ្យមានការសម្រេចចិត្តលើជម្លោះណាមួយដោយផ្អែកលើស្ថានភាពពាក់ព័ន្ធទាំងអស់។ ចំណែកសាស្ត្រចារ្យ Vaughan Lowe ក៏បានបញ្ជាក់ក្នុងសៀវភៅ The Role of Equity in International Law ថា ការតវ៉ាតាមផ្លូវច្បាប់តឹងរ៉ឹង មាននិន្នាការបង្រួមបញ្ហា ដោយមិនបានបញ្ចូលបញ្ហាពាក់ព័ន្ធនានា ហើយប្រែក្លាយទំនាក់ទំនងសាំញ៉ាំមួយទៅជាការវិភាគតាមច្បាប់តែមួយជ្រុងដែលមានលក្ខណៈងាយស្រួយ។ ឯការតវ៉ាតាមសមភាពវិញ បានអនុញ្ញាតឲ្យមានប្រធានបទស្រាវជ្រាវទូលំទូលាយជាមួយនឹងការពិចារណាលើគ្រប់ទិដ្ឋភាព។ ការតវ៉ាដោយផ្អែកលើគោលការណ៍សមភាពក៏មានបញ្ចូលការជជែកតាមផ្លូវច្បាប់ និងសីលធម៌ផងដែរ។
ការស៊ើបអង្កេតដោយផ្អែកលើសមភាព គឺជារឿងចាំបាច់សម្រាប់ករណីបំណុលសង្គ្រាមរបស់កម្ពុជា។ ព្រោះអ្វីដែលអាមេរិកទាមទារ គឺទៅហួសច្បាប់ ហើយលើសពីមនសិកានៃយុត្តិធម៌ និងសីលធម៌ទៅទៀត។ ប្រសិនបើអាមេរិកចង់និយាយរឿងសងបំណុលសង្គ្រាមនេះ វាត្រូវតែមានការជជែកលើការទម្លាក់គ្រាប់បែកខុសច្បាប់, ការកើតឡើងរបស់ខ្មែរក្រហម, សង្គ្រាមវៀតណាម, រដ្ឋប្រហារទម្លាក់សម្ដេចសីហនុ, ការកកើតរបបនន់ នល់ និងការគាំទ្ររបបលន់ នល់ របស់អាមេរិក។ នៅពេលកត្តាទាំងនេះត្រូវបានពិចារណាល្អិតល្អន់ហើយនោះ គេនឹងឃើញបញ្ហាមួយត្រូវមានដំណោះស្រាយមួយ។ ដូច្នេះ វាជារឿងដែលមានមិនមានសមធម៌ទាល់តែសោះដែលកម្ពុជាត្រូវមកសងបំណុលសង្គ្រាមទៅអាមេរិក។
ផ្ទុយទៅវិញ បើអាមេរិកនៅតែមិនទាន់ជឿថា វាជារឿងមិនយុត្តិធម៌និងលំអៀង ដែលទាមទារឲ្យកម្ពុជាសងបំណុលសង្គ្រាម ដែលបង្ករឡើងដោយរបបដែលខ្លួនគាំទ្រ និងបំណុលដែលត្រូវបានទទួលយកដើម្បីផ្គត់ផ្គង់ពលរដ្ឋខ្មែរអត់ឃ្លានដោយសារតែការទម្លាក់គ្រាប់បែករបស់ខ្លួននោះ វានៅមានជម្រើសមួយទៀត។
លោកអគ្គរដ្ឋទូត Heidt យើងគួរញែកបញ្ហានេះជាពីរ៖ ទីមួយយើងគួរជជែកពីសំណងដែលអាមេរិកជំពាក់កម្ពុជាក្នុងបញ្ហាទម្លាក់គ្រាប់បែកខុសច្បាប់ ហើយបន្ទាប់មក ប្រហែលជាយើងអាចនិយាយគ្នារឿងបំណុលសង្គ្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com