ជាតិ
លោក ឃួ​ង ស្រេង បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ក្រុមហ៊ុន «​ប៊ូ​យ៉ុង​ថោ​ន​»​ឡើងវិញ​
17, Aug 2017 , 3:14 pm        
រូបភាព
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ចុះត្រួតពិនិត្យការដ្ឋានសាងសង់របស់ក្រុមហ៊ុន ប៊ូយ៉ុងថោន នៅព្រឹកថ្ងៃទី១៧ សីហា
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ចុះត្រួតពិនិត្យការដ្ឋានសាងសង់របស់ក្រុមហ៊ុន ប៊ូយ៉ុងថោន នៅព្រឹកថ្ងៃទី១៧ សីហា
​អភិបាល​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​ត្រួតពិនិត្យ​លើ​ការដ្ឋាន​សាងសង់​ក្រុមហ៊ុន «​ប៊ូ​យ៉ុង​ថោ​ន​»  ឡើងវិញ​។ ការណែនាំ​របស់លោក ឃួ​ង ស្រេង នេះ​ធ្វើឡើង​ក្រោយពី​ក្រុមហ៊ុន​បរទេសមួយ​នេះ បាន​ជីកដី​សាងសង់​បាក់​ស្រុតចុះ ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​។​



​លោក ឃួ​ង ស្រេង ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ក្រុមហ៊ុន «​ប៊ូ​យ៉ុង​ថោ​ន​» ឃើញថា ក្រុមហ៊ុន​នេះ មិនបាន​រៀបចំ​ការពា​រ​សុវត្ថិភាព​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ទើបបានជា​បង្ក​ឲ្យ​មាន​ហេតុការណ៍​បាក់​ស្រុតដី​នៅក្នុង​ការដ្ឋាន កន្លងមកនេះ​។ លោក ឃួ​ង ស្រេង បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​ត្រួតពិនិត្យ​លើ​ការដ្ឋាន​សាងសង់​ក្រុមហ៊ុន «​ប៊ូ​យ៉ុង​ថោ​ន​»  ឡើងវិញ ដើម្បី​ទប់ស្កាត់​បញ្ហា​ដែល​អាច​កើតឡើង​ជាយថាហេតុ ប៉ះពាល់​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ នៅតាម​ផ្លូវ​សហព័ន្ធរុស្ស៊ី​។​

​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៧ សីហា​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖«​តាម​ការមើល​ជាក់ស្ដែង ប៉ុន្តែ​ខ្ញុំ​មិនមែនជា​អ្នកបច្ចេកទេស​ខាង​សាងសង​ទេ​។ ប៉ុន្តែ​ខ្ញុំ​ឃើញថា គាត់​ជីកដី​មកដល់​របង​សាងសង់​ហើយ (​ជិត​ដល់​ផ្លូវ​សហព័ន្ធរុស្ស៊ី​) ព្រោះ​គាត់​ជីក​មក​កៀក​របង​ពេក ដូច្នេះ​វា​មកពី​ខ្វះ​ការត្រួតពិនិត្យ ហើយក៏​ជា​កំហុស​របស់​អាជ្ញាធរ​ដែ​រ​។ អាជ្ញាធរ​ដែនដី​ត្រូវ​ត្រួតពិនិត្យ​លើ​រឿងនេះ ហេតុអ្វី​គាត់​ជីក​មកដល់រ​បងហើយ ដែល​អត់​មាន​អ្នក​ឆែកឆេរ​ច្បាប់​សាងសង់​គាត់​…​។ ដូច្នេះ​អ្នកកាន់ការ​ងារ​នេះ ត្រូវ​ត្រួតពិនិត្យ​ការងារ​ខ្លួន​ឡើងវិញ​»​។​

​ទាក់ទង​នឹង​សំណង់​អគារ​ធំៗ និង​ខុន​ដូរ​កន្លងមក សាលា​រាជធានី​ភ្នំពេញ តែងតែ​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​បាន​ប្ដឹង​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ ដោយសារតែ​ការសាងសង់​របស់​ក្រុមហ៊ុន​ខ្វះ​ការការពារ​សុវត្ថិភាព បង្កក្តី​ព្រួយបារម្ភ​ដល់​ពួកគាត់​។ ជុំវិញ​បញ្ហា​នេះ លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បរទេស ដែល​មក​ដាក់ទុន​វិនិយោគ និង​សាងសង់​អគារ​ធំៗ​នៅ​កម្ពុជា អនុវត្ត​ស្ដង់ដារ​សាងសង់​ឲ្យ​បាន​ស្របច្បាប់ ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

​ក្រុមហ៊ុន ប៊ូ​យ៉ុង​ថោ​ន កំពុងបើក​ការដ្ឋាន​សាងសង់​អគារ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕


Tag:
 ឃួ​ង ស្រេង​
 ​ ប៊ូ​យ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com