កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ឲ្យ​រៀបចំ​ក្បូន​ម៉ូតូ​ស​១០​គ្រឿង​ដង្ហែ​មេដាយមាស​ប៉ា​រ៉ា​ឡាំ​ពិ​ក យ៉ាវ វណ្ណៈ​
18, Aug 2017 , 11:23 am        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ ASEAN Para Games នៅវិមានសន្តិភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ ASEAN Para Games នៅវិមានសន្តិភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀច​ចំ​ក្បូន​ម៉ូតូ​ស​ចំនួន​១០​គ្រឿង​ដង្ហែ​មេដាយមាស​កម្រិត​អាស៊ី​របស់​កីឡាករ យ៉ាវ វណ្ណៈ ដែល​ដណ្តើមបាន​ពី​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​យុវជន​ពិការ​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ល្ងាច​។ ការបញ្ជា​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ​ដល់​អត្ត​ពលិកប៉ារ៉ាឡាំពិកកម្ពុជា និង​ការជួប​សំណេះសំណាល​ប្រតិភូ​កីឡា ASEAN Para Games កាលពី​ព្រឹក​ថ្ងៃទី​១៨ សីហា នៅ​វិមាន​សន្តិភាព​។



​ដើម្បី​លើក​ទឹក​កីឡាករ​ជនពិការ ក៏ដូចជា​លើក​តម្លៃ​កម្រិត​មេដាយ​កីឡា​ជនពិការ​ឲ្យ​ស្មើភាព​ជាមួយ​កីឡា​ធម្មតា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ក្បួន​ម៉ូតូ ស ចំនួន​១០​គ្រឿង ដើម្បី​ដង្ហែ​មេដាយមាស​កម្រិត​អាស៊ី​របស់​កីឡាករ យ៉ាវ វណ្ណៈ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា នេះ​។ ក្បូន​ដង្ហែ​នេះ​នឹង​ចេញដំណើរ​ពី​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំ​ពិ​កកម្ពុជា​ឆ្ពោះទៅកាន់វិមានឯករាជ្យរួចបន្តដំណើរទៅសណ្ឋាគារសុខាដោយបញ្ចប់នៅទីនោះតែម្តង​។



​ក្នុងឱកាស​នោះដែរ សម្តេច ហ៊ុន សែន បាន​បញ្ជា​មន្ត្រី​ក្រោមបង្គាប់​រៀបចំ​ពិធីជប់លៀង​នៅ​ល្ងាច​នេះ ដើម្បី​អបអរ​ដល់​ប្រតិភូ​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​ពិការ​មុន​ចេញដំណើរ​ទៅ​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ ASEAN Para Games នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខនេះ​ទៀតផង​។

​គួរ​បញ្ជាក់ថា មេដាយ​របស់​កីឡាករ យ៉ាវ វណ្ណៈ ឈ្នះ​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​សេរី​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​យុវជន​ពិការ​នៅ​សាធារណៈរដ្ឋ​កូរ៉េ ខណៈ​កីឡាករ យ៉យ កុសល ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ​៕




Tag:
 សម្តេច ហ៊ុន សែន​
  យ៉ាវ វណ្ណៈ​
  ប៉ា​រ៉ា​ឡាំ​ពិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com