ជាតិ
ការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយ GDP កម្ពុជា ១,៥ ភាគរយ នៅឆ្នាំ២០៣០
× ភ្នំពេញ៖ របាយការណ៍ធនាគារពិភពលោក រកឃើញថា ការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុប(GDP) ចំនួន១,៥ភាគរយនៅឆ្នាំ២០៣០ និង៣,៥ក្នុងឆ្នាំ២០៥០។
ឆ្នាំ ២០១៦ GDP របស់កម្ពុជាមានជាង២០ពាន់លានដុល្លារ ហើយការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយ GDP កម្ពុជា ១.៥ ភាគរយនៅឆ្នាំ២០៣០ និង ៣,៥ភាគរយ នៅឆ្នាំ២០៥០។
របាយការណ៍របស់ធនាគារពិភពលោក(World Bank) ដែលបានប្រកាសកាលពីថ្ងៃទី១៧ ខែសីហា នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រែប្រួលអាធាតុនេះ បណ្តាលមកពីសម្បត្តិធម្មជាតិរបស់កម្ពុជា បានរេចរឹលយ៉ាងឆាប់រហ័ស និងសកម្មភាពសេដ្ឋកិច្ចដែលគ្មាននិរន្តរភាព។ លើសពីនេះ គម្របព្រៃឈើបានធ្លាក់ចុះពីជិត៦០ភាគរយ ក្នុងឆ្នាំ២០០៦ មកតិចជាង៤៧ភាគរយនៅឆ្នាំ២០១៤ ហើយ ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ក៏ត្រូវបានបាត់បង់។
ការបាត់បង់ដីសើមនេះ បានធ្វើឲ្យមានប៉ះពាល់យ៉ាងធំធេងរាប់ទាំងផលិតភាពនៃវិស័យកសិកម្ម ជលផល ការផលិតថាមពលវារីអគ្គិសនី និងសម្បត្តិទេសចរណ៍ធម្មជាតិ។ នេះបើតាមរបាយការណ៍ខាងលើ ដោយបង្ហាញបន្តថា ការខូចខាតជាមធ្យមអំពីគ្រោះមហន្តរាយនៅកម្ពុជា មានប្រមាណ ២៣៥ លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ធនាគារពិភពលោក បានសន្និដ្ឋានថា ការប្រែប្រួលអាកាសធាតុ នឹងបង្កើនភាពងាយរងគ្រោះ និងបង្កើតជាគ្រោះមហន្តរាយធម្មជាតិជាច្រើន ដោយសារតែ កំណើនសីតុណ្ហភាព នឹងកើនឡើង២អស្សាសេនៅឆ្នាំ២០៥០។
ដើម្បីទប់ទល់នឹងការប្រឈមនេះ របាយការណ៍ធនាគារពិភពលោក ដែលមានការចូលរួមសិក្សាស្រាវជ្រាវពីមនុស្សជាង៣០០នាក់ មកក្រសួងជំនាញ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត បានផ្តល់យោបល់ថា រដ្ឋាភិបាល គួរតែថែរក្សា និងអភិវឌ្ឍន៍សម្បត្តិធម្មជាតិ និងពង្រឹងភាពធន់នឹងអាកាសធាតុ ព្រមទាំងមានគោលនយោបាយរួមមួយ ដែលអនុវត្តន៍អភិក្រមចម្រុះ ចំពោះការគ្រប់គ្រងធនធានធម្មជាតិនៅភ្នំក្រវាញ និងទន្លេសាប។ បន្ថែមពីនេះ រដ្ឋាភិបាល គួរតែកែលម្អការគ្រប់គ្រង និងអភិរក្សប្រកបដោយនិរន្តរភាពនូវតំបន់ការពារព្រៃឈើផងដែរ៕
Tag:
World Bank
គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com