កីឡាជាតិ
ជាតិ
​ការរៀបចំ​ស៊ី​ហ្គេមនៅម៉ាឡេស៊ី និង២លើកជាបន្តបន្ទាប់ទៀត សុទ្ធតែ​​ជា​មេរៀន​របស់​កម្ពុជា​
19, Aug 2017 , 1:20 pm        
រូបភាព
លោក ថោង ខុន និងលោក ហង់ ជួន ណារ៉ុន ជួបប្រតិភូ និងអត្តពលិកមួយចំនួន។ រូបថត NOCC/NagaWorld
លោក ថោង ខុន និងលោក ហង់ ជួន ណារ៉ុន ជួបប្រតិភូ និងអត្តពលិកមួយចំនួន។ រូបថត NOCC/NagaWorld
គូឡាឡាំពូរ៖ លោក ថោង ខុន និង​លោក ហង់ ជួន ណា​រ៉ុ​ន បានស្នើ​ដល់​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា នាំគ្នា​សិក្សា​ស្វែងយល់​ពី​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ម៉ាឡេស៊ី ហើយ​បន្តបន្ទាប់​នៅ​ហ្វីលីពីន និង​វៀតណាម ដើម្បី​ជា​ទុន​ដល់​កម្ពុជា​ក្នុង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ទាំងពីរ​រូបនេះ ធ្វើឡើង​នៅពេលដែល​ពួកគាត់​ទៅសួរសុខទុក្ខ​ប្រតិភូ ថ្នាក់ដឹកនាំ និង​អត្ត​ព​លិ​ក​នៃ​ប្រភេទ​កីឡា​មួយចំនួន​ដែឡ​ស្នាក់នៅ​សណ្ឋាគារ Sunway Putra ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ព្រឹក​ថ្ងៃ​សៅរ ទី​១៩ ខែសីហា​។​



​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ម៉ាឡេស៊ី បានដាក់​ប្រភេទ​កីឡា​មួយចំនួន ដែល​ពួកគេ​អាច​ដណ្តើមបាន​មេដាយ​ច្រើន​។ សម្រាប់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ទាំងនេះ គឺជា​មេរៀន​ដែល​កម្ពុជា​ត្រូវ​សិក្សា ខណៈ​ខ្លួន​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើកដំបូង​បំផុត​របស់ខ្លួន​នា​ឆ្នាំ​២០២៣ ខាងមុខ​។​

​លោក ថោង ខុន បាន​ណែនាំ​ដល់​មន្ត្រី និង​អត្ត​ព​លិ​ក ឲ្យ​នាំគ្នា​ផ្តល់​តម្លៃ​ដល់​ម្ចាស់ផ្ទះ​ជានិច្ច ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។ លោក​លើកឡើងថា​៖ «​ការរៀបចំ​ពិតជា​មិនមាន​ភាព​ឥតខ្ចោះ​១០០​ភាគរយ​នោះឡើយ ដូច្នេះ​យើង​ត្រូវមាន​ការយោគយល់ និង​មិន​ត្រូវធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​មានការ​អាក់អន់ចិត្ត​នោះឡើយ​»​។​

​ជាមួយគ្នានេះ​ផងដែរ ប្រធាន NOCC បាន​មើលឃើញ​ពី​បញ្ហា​មួយចំនួន​ក្នុងការ​រៀបចំ​កន្លែង​ឲ្យ​ប្រតិភូ និង​អត្ត​ព​លិ​ក​ស្នាក់​នៅតាម​សណ្ឋាគារ ដែលជា​ទម្លាប់ ម្ចាស់ផ្ទះ​តែងតែ​រៀបចំ​ឲ្យ​មាន​ជា​ភូមិ​កីឡា​សម្រាប់​ប្រមូលផ្តុំ​ការ​ស្នាក់នៅ​។ ទោះបីជា​លោក​មើលឃើញ​ចំណុច​អវិជ្ជមាន​បែបនេះ​ក៏ដោយ ប៉ុន្តែ​លោក​មិនទាន់​សន្និដ្ឋាន​១០០​ភាគរយ​នោះឡើយ ថា កម្ពុជា​នឹង​រៀប​ចំការ​ស្នាក់នៅ​បែបណា​នោះដែរ ដោយ​រងចាំ​ឆ្លង​យោបល់​ពី​ថ្នាក់ដឹកនាំ​ជាមុនសិន​។​

សូម​ស្តាប់​ប្រសាសន៍​លោក ថោង ខុន​៖



​មិន​ខុសពី​លោក ថោង ខុន នោះឡើយ រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ក៏​មើលឃើញ​ដូចគ្នា​ផងដែរ​ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​៣​លើកចុងក្រោយ ដោយ​គិត​ចាប់តាំងពី​លើក​ទី​២៩ ដល់ទី​៣១ សុទ្ធតែជា​មេរៀន​ដែល​អ្នកជំនាញ​កីឡា​កម្ពុជា​ត្រូវ​សិក្សា​។

​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា NOCC បានរៀបចំ​ផែនទី​បង្ហាញផ្លូវ ហើយ​ក្រសួង​អប់រំ ជាពិសេស​អគ្គនាយកដ្ឋាន​កីឡា ក៏មាន​គោលនយោបាយ​ច្បាស់លាស់​ផងដែរ ក្នុងការ​ត្រៀមខ្លួន​រៀបចំ​ស៊ី​ហ្គេម​។​


សូម​ស្តាប់​ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន​៖







Tag:
 SEA Games 2017
 
© រក្សាសិទ្ធិដោយ thmeythmey.com