ហេតុអ្វី​បានជា​ជនជាតិ​ហ្វីលីពីន​ភាគច្រើន​ច្រៀង​ពីរោះ​?

អន្តរជាតិ
ហេតុអ្វី​បានជា​ជនជាតិ​ហ្វីលីពីន​ភាគច្រើន​ច្រៀង​ពីរោះ​?
16, Apr 2018 , 11:39 am         7771
រូបភាព
ដោយ: ធីតា
Ellen DeGeneres តាមរយៈ Twitter របស់ខ្លួន ធ្លាប់​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ទេពកោសល្យ​របស់​ជនជាតិ​ហ្វីលីពីន​ក្នុងការ​ច្រៀង​។ តារា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​រូបនេះ ធ្លាប់បាន​អញ្ជើញ​អ្នកចម្រៀង​ហ្វីលីពីន​វ័យក្មេង​ម្នាក់​ឈ្មោះ Charice Pempengco [​បច្ចុប្បន្ន​ប្តូរ​ភេទ​ទៅជា​ប្រុស​ដោយមាន​ឈ្មោះថា Jake Zyrus] ចូលក្នុង​កម្មវិធី Ellen Show របស់ខ្លួន ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ បន្ទាប់មក Ellen បាន​អញ្ជើញ​ហ្វីលីពីន​ផ្សេងៗ ជាពិសេស​អ្នក​ដែល​មិន​ល្បីល្បាញ ប៉ុន្តែ​សំនៀង​របស់​ពួកគេ​សុទ្ធតែ​អស្ចារ្យ​។​



​ជនជាតិ​ហ្វីលីពីន​មួយចំនួន​ល្បីល្បាញ​ដោយសារតែ​ការបកស្រាយ​ចម្រៀង (Cover) របស់​តារា​ល្បីៗ ហើយ​បង្ហោះ​លើ Youtube ឬ​ហ្វេ​ស​ប៊ុ​ក បន្ថែម​ពីលើ​នេះ ពួកគេ​មាន​វត្តមាន​មិនសូវ​លោះ​ឡើយ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice ឬ American Idol ដើម្បី​បង្ហាញ​សមត្ថភាព​ច្រៀង​របស់ខ្លួន​។​


​អ្នកចម្រៀង​ដើមកំណើត​ហ្វីលីពីន​ដែល​កំពុងមាន​ភាពល្បីល្បាញ មានដូចជា Jessica Sanchez, Brad Estrin, Jose Penala, Thia Megia, Camille Velasco, Jasmine Trias, Ramile Malubay ឬ Katriz Trinidad ជាដើម​។​

​ហេតុអ្វី​បានជា​ជនជាតិ​ហ្វីលីពីន​មាន​សំឡេង​ពីរោះ​យ៉ាង​ដូច្នេះ​? Archipelago Files ប្លុក​ដ៏​ល្បីល្បាញ​មួយ​នៅ​ហ្វីលីពីន បានបង្ហាញ​ហេតុផល​សំខាន់ៗ​ចំនួន​៥ ។​



១. ការអបអរ និង​ព្រឹត្តិការណ៍​ភាគច្រើន​នៅ​ហ្វីលីពីន​តែងតែ​ភ្ជាប់​ជាមួយនឹង​ការ​ច្រៀង​
​មិន​ថា​ជាការ​អបអរ​កម្មវិធី​គ្រួសារ ខួបកំណើត បុណ្យជាតិ ឬ​បុណ្យ​ឯករាជ្យ​ជាតិ​នោះឡើយ ប្រជាជន​ហ្វីលីពីន តែងតែ​នាំគ្នា​ច្រៀង​កម្សាន្ត​ជានិច្ច ជាពិសេស​នៅតាម​ខារ៉ាអូខេ​។ សូម្បីតែ​ពិធី​បុណ្យសព មានការ​ច្រៀង​ផងដែរ ដូចជា​បទ My Way របស់ Frank Sinatra ជាដើម​។​

២. កម្មវិធី​ប្រឡង​ចម្រៀង​មាន​ច្រើនសន្ធឹក​សន្ធាប់​
​ការប្រឡង​ចម្រៀង​ថ្នាក់ជាតិ ឬ​តាម​កម្មវិធី​ទូរទស្សន៍​មាន​ច្រើនលើកច្រើនសារ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ឱកាស​ប្រកួតប្រជែង​ផ្នែក​សំឡេង តែងតែមាន​ការរៀបចំ​ផងដែរ​នៅតាម​ក្រុមហ៊ុន​។ នៅ​ពិធី​សម្ពោធ ឬ​ជួបជុំ​ប្រចាំឆ្នាំ ក្រុមហ៊ុន​ជាច្រើន​បានរៀបចំ​ឲ្យ​បុគ្គលិក​ប្រកួតប្រជែង​គ្នា​ផ្នែក​ចម្រៀង​ដើម្បី​យក​ពានរង្វាន់ និង​ប្រាក់រង្វាន់​។​

៣. ច្រៀង​នៅ​ទីសាធារណៈ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ហ្វីលីពីន​
​ពលរដ្ឋ​ហ្វីលីពីន ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្រែកច្រៀង​នៅតាម​ទីសាធារណៈ ដោយ​មិន​បារម្ភ ឬ​ក្រែង​ចិត្ត​អ្នកដទៃ ដែល​នេះ​ត្រូវបាន​ចាត់ទុកជា​ផ្នែក​មួយ​នៃ​វប្បធម៌​ហ្វីលីពីន​។ នៅតាម​ផ្សារ ឬ​ប្រជុំជន​ផ្សេងៗ គេ​សង្កេតឃើញ​មានការ​បំពាក់​ខារ៉ាអូខេ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ច្រៀង​ដោយ​សេរី​។​



៤. ពលរដ្ឋ​ហ្វីលីពីន​យក​ការ​ច្រៀង​ដើម្បី​បំបាត់​អារម្មណ៍​តប់​ប្រ​ម៉​ល់​
​ដូចជា​ការរៀបរាប់​ខាងលើ ដែលថា សូម្បីតែ​បុណ្យសព ក៏​ជនជាតិ​ហ្វីលីពីន​ច្រៀង​ដែរ​។ ករណីនេះ បាន​បង្ហាញថា គ្រប់​កាលៈទេសៈ ទាំង​ពេល​សប្បាយ ទាំង​ពេល​ធុញថប់​អារម្មណ៍ ជនជាតិ​ហ្វីលីពីន មិនអាច​បាត់​សេចក្តីស្រឡាញ់​របស់ខ្លួន​ចំពោះ​តន្ត្រី​នោះឡើយ​។​



៥. បើ​និយាយ​ពី​សិល្បៈ​កម្សាន្ត ការ​ច្រៀង​គឺជា​ជម្រើស​ចម្បង​ជាងគេ​នៅ​ហ្វីលីពីន​
​ជនជាតិ​ហ្វីលីពីន​អាច​មិន​ទិញ​សំបុត្រ​មើល​ភាពយន្ត ឬ​មិនអាច​ចំណាយលុយ​សម្រាប់​ដើរ​លំហែរ​កាយ​នៅពេល​ទំនេរ ប៉ុន្តែ​ពួកគេ​មិនដែល​ចោល​ជម្រើស​នៃ​ការ​ច្រៀង​នោះឡើយ​។ នៅ​ហ្វីលីពីន តន្ត្រី និង​ខារ៉ាអូខេ មានតម្លៃ​ថោក ហើយ​ភាគច្រើន​មិន​គិតថ្លៃ​៕


Tag:
 ​តន្ត្រី​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង