បទយកការណ៍ / បទសម្ភាសន៍
តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ពូកែ​ខាង​ផ្នែក​ជជែក​ពិភាក្សា​តទល់​?
19, Aug 2017 , 9:39 pm        
រូបភាព
ដោយ:
​ការជជែក​ពិភាក្សា​តទល់​ជា​វេទិកា​ប្រកួត​ដោយមាន​បុគ្គល ឬ​ក្រុម​ដែលមាន​ទស្សនៈ​ខុសគ្នា ជជែក​ពិភាក្សា​លើ​ប្រធានបទ​រួម​ដោយ​ប្រើរ​ទឡ្ហី​ករ និង​ភស្តុតាង​។ វេទិការ​នេះ​ទាមទា​ឲ្យ​ភាគី​ចូលរួម​ប្រកួត​ទាំងអស់​ចាំបាច់ ត្រូវមាន​ភាពឈ្លាសវៃ​ក្នុងការ​ត្រិះរិះ​រកហេតុ​ផល និង​អំណះអំណាង​លើ​ប្រធានបទ ដើម្បី​ទាក់ទាញ​ចំណាប់​អារ​ម្មរណ៍​ពី​គណៈកម្មការ​។ ការដណ្តើម​ជ័យជម្នះ​សម្រាប់​ការជជែក​ពិភាក្សា​តទល់ មិនមែនជា​រឿង​ស្រួល​នោះទេ​។ ប៉ុន្តែ​វា​ក៏​មិនមែន​ពិបាក រហូតដល់​មិនអាច​ធ្វើទៅបាន​នោះដែរ​។ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ពូកែ​ខាង​ផ្នែក​ជជែក​ពិភាក្សា​តទល់​នេះ​?



​ជុំវិញ​រឿងនេះ លោក ហេង សុវណ្ណ ជ័យលាភី​ជជែក​ពិភាក្សា​តទល់​អង្គការ​តម្លាភាព​យល់ថា លុះត្រាតែ​បេក្ខជន មានគំនិត​ទូលំទូលាយ ជួប​រឿង​ច្រើន ស្តាប់​មនុស្ស​ច្រើន និង​ស្រាវជ្រាវ​ឱ្យបាន​ច្រើន ទើប​អាច​អាច​ងាយស្រួល​។ ជាងនេះទៅទៀត វា​ទាមទារ​ឱ្យមាន​ការហ្វឹកហាត់​លើ​ឥរិយាបទ សំឡេង និង​សិល្បៈ​នៃ​ការទាក់ទាញ​អ្នក​ស្តាប់​ឱ្យ​យល់ស្រប​ជាមួយនឹង​គំនិត​ដែល​យើង​ចង់​បញ្ចេញ​ជា​សា​ធាណៈ​នោះ​ទៀតផង​។



​យុវជន សុវណ្ណ បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ​ថា អ្នក​ជជែក​ពិភាក្សា​តទល់​ចាំបាច់​ត្រូវមាន​សេចក្តីក្លាហាន​ក្នុង​ការចូល​ប្រកួត​ជាមុនសិន ព្រោះ​យុវជន​កម្ពុជា​មួយចំនួន មិនទាន់មាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​នៅឡើយ​ទេ ក្នុងការ​ចូលខ្លួន​ប្រកួត​ដណ្តើមយក​ពានរង្វាន់​ធំៗ លំដាប់​ប្រទេស ឬ​តំបន់​ជាដើម​។ ពួកគេ​តែង​យក​លេស​ថា សមត្ថភាព​មិនទាន់​គ្រប់គ្រាន់ ហើយ​បណ្តោយឱ្យ​ការប្រកួត​ចេះតែ​រំលង​ផុត​ទៅជា​បន្តបន្ទាប់​។​

​ជ័យលាភី​ជជែក​ពិភាក្សា​តទល់​TI រូបនេះ​បន្ថែមទៀតថា គេ​ត្រូវមាន​ការស្រាវជ្រាវ​ច្បាស់លាស់​ពី​ប្រភព​ដែល​ត្រឹមត្រូវ បន្ទាប់មក​រៀបចំ​ប្លង់​គំនិត​ឱ្យបាន​ត្រឹមត្រូវ រៀបចំ​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ទេពកោសល្យ​របស់គេ​រៀងៗ​ខ្លួន នៅក្នុង​ក្រុម និង​មានចិត្ត​សាស្ត្រ​ស្រាវជ្រាវ ដោយ​ស្មាន​ទុក​មុន​ពី​លក្ខខណ្ឌ​អាច​មួយចំនួន​ដែល​ក្រុម​ម្ខាង​ទៀត អាច​នឹង​លើកឡើង ដើម្បី​ត្រៀមខ្លួន​ទប់ទល់​។ ចំណុច​ចុងក្រោយ​គឺ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គំនិត​សន្តិភាព ហើយ​កុំ​យល់ច្រឡំ​ថា ការប្រកួត​ជជែក​ពិភាក្សា​តទល់​ត្រូវតែ​ប្រើ​សំដី​ខ្លាំងៗ ប្រើ​អាកប្បកិរិយា​ដាច់ខាត ឬ​មើលទៅ​ដូចជា​ខឹង​ឱ្យសោះ តាមពិត​ការបកស្រាយ​គំនិត​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​ត្រជាក់​តែ​ស៊ីជម្រៅ​ទៅវិញ​ទេ ទើប​ទាញ​ចិត្ត​មនុស្ស​បាន ជាពិសេស​គណៈកម្មការ រួមទាំង​សាធារណៈជន​ដែល​ចូលរួម​។​

​ស្របគ្នា​នេះដែរ យុវជន ម៉ៅ គង្គា គ្រូ​ប​ង្ខឹ​ក​កម្មវិធី The Perspective Cambodia និង​ធ្លាប់​ប្រកួត​ជជែក​ពិភាក្សា​តទល់​ច្រើនលើក​រូបនេះ​ប្រាប់ថា អ្នក​ជជែក​ពិភាក្សា​តទល់​ដ៏​ល្អ​ម្នាក់ ទី​១ បេក្ខជន​ត្រូវ​និយាយ​មាន​ខ្លឹមសារ​។ យុវជន គង្គា បន្តថា ទី​២​បេក្ខជន​ត្រូវមាន​សិល្បៈ​នៃ​ការបង្ហាញ​។ បេក្ខជន​ខ្លះ​មាន​ខ្លឹមសារ​ល្អ ប៉ុន្តែ​ខ្សោយ​ក្នុងការ​បង្ហាញ​ខ្លឹមសារ​។ ក្នុង​វិធីសាស្ត្រ​នេះ​ទៀត បេក្ខជន​ត្រូវ​ចេះ​រក​សំណួរ​ចោទ​ទៅ​ក្រុម​ផ្សេង ដើម្បី​ឲ្យ​ក្រុម​ផ្សេង​ឆ្លើយ បាទ ឬទេ (Yes​ឬ No) និង​ត្រូវ​ព្យាយាម​រក​សំណួរ​ណា​ដែល​សួរ​ទៅ​ក្រុម​ផ្សេង មិនអាច​បកស្រាយ​បាន​។ ហើយ​ពេល​សរុបសេចក្តី ត្រូវ​ទាញ​ទឡ្ហី​ករ​ក្រុម​ផ្សេង ឲ្យ​ចូលទៅក្នុង​ការធ្វើ​សេចក្តី​ធ្វើ​សន្និដ្ឋាន​របស់​ក្រុម​យើង​។



​សម្រាប់​លោក គង្គា  ឥរិយាបទ ទាក់ទង​និង​កាយវិកា សំឡេង ទឹកមុខ ឯកសណ្ឋាន ជា​ចំណុច​ដែល​គួរតែ​សិក្សា​។ ឧទាហរណ៍​បេក្ខជន​ខ្លះ និយាយ​ល្អ ខ្លឹមសារ​ល្អ ប៉ុន្តែ​អន់​កាយវិការ ប្រៀប​ដូច​អ្នកចម្រៀង ច្រៀង​ពិ​រោះ ប៉ុន្តែ​អន់​កាយវិការ​។ ពេលខ្លះ​សូម្បីតែ​ការធ្វើ​ស្ងាត់ ក៏​ជា​ចំណុច​ទាក់ទាញ​គណៈកម្មការ និង​អ្នកចូលរួម​បានដែរ​។

​ការជជែក​ពិភាក្សា​តទល់​ជា​ក្រុម គឺ​ការសហការ​ក្រុម​។ នេះ​បើតាម​គ្រូ​ប​ង្ខឹ​ក​កម្មវិធី The Perspective Cambodia​។  អ្នកខ្លះ​គិតថា​ខ្លួនឯង​ខ្លាំង ប៉ុន្តែ​នៅពេល​ធ្វើ​កិច្ចពិភាក្សា​តទល់ ត្រូវតែ​ធ្វើការ​ងារ​ជា​ក្រុម ហើយ​ប្រសិនបើ​ខ្លួនឯង​ខ្លាំង​តែម្នាក់ឯង ដោយ​មិន​បង្រៀន​គេ​ឲ្យ​ខ្លាំង​ដូច​ខ្លួន​ទេ នោះ​ក្រុម​ប្រាកដជា​បរាជ័យ​។

​លោក ម៉ៅ គង្គា លើកទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម​ប្រកួត​កម្ម​វី​ធី​ជជែក​ពិភាក្សា ព្រោះថា​ការជជែក​ពិភាក្សា​តទល់​មិនមែន​គ្រាន់តែ​ដើម្បី​ចាញ់ ឈ្នះ​នោះទេ​។ ប៉ុន្តែ​នៅពេល​យុវជន​ជជែក​ពិភាក្សា​នោះ យុវជន​ចាប់ផ្តើម​រក​ឬ​សគល់​នៃ​បញ្ហា ផលប៉ះពាល់ និង​រក​ដំណោះស្រាយ​។ យុវជន​គង្គា​បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖« យុវជន​សព្វថ្ងៃ​ចូលចិត្ត​មើល​ឃើញតែ​បញ្ហា ប៉ុន្តែ​មិន​រក​ដំណោះស្រាយ​។ ខ្ញុំ​ចង់​ឲ្យ​យុវជន​យើង​ចូលរួម​រក​ដំណោះស្រាយ និង​អភិវឌ្ឍ​សង្គម​ជាជាង​ដោយ​គ្រាន់តែ​បញ្ចេញមតិ​។ ប្រសិនបើ​យុវជន​ជំនាន់​នេះ មិន​ចូលរួម​ទេ នោះ​ជំនាន់​ក្រោយ​ទៀត ពួកគេ​យក​គំរូ​តាម​យើង ហើយ​សង្គម​នឹងមិន​ការផ្លាស់ប្តូរ​ជា​វិជ្ជា​មាន​នោះទេ​» ។​

​ស្រដៀង​គ្នា​នេះដែរ កញ្ញា អ៊ា​ន ម៉ានិត អ្នក​ជជែក​ពិភាក្សា​តទល់​ម្នាក់​ដែរនោះ​យល់ថា ការជជែក​ពិភាក្សា​បានល្អ វា​ផ្តើមចេញពី​ការស្រលាញ់ និង​ទាមទា​ឲ្យ​យុវជន​ខ្លួនឯង​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​ហ្វឹកហាត់​បន្ថែម និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ព្រោះថា​គ្មាន​ន​ណា​ម្នាក់​កើតមក​ពូកែ​នោះទេ​។ កញ្ញា​ម៉ានិត​បន្ថែមថា ជា​ទម្លាប់​នៅពេលដែល​កញ្ញា​ចេញទៅ​ប្រកួត​ម្តងៗ កញ្ញា​តែងតែ​សម​មុន​ជានិច្ច ដោយ​ថត​សំឡេង និង​ឲ្យ​សមាជិក​ក្រុម និង​ជាពិសេស​សុំ​យោបល់​ពី​អ្នកមាន​បទពិសោធន៍ ដើម្បី​កែលំអរ​នូវ​រាល់​ចំណុច​ខ្វះខាត​។ 

​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ឆ្នាំ​ទី​២ ជំនាញ​ទំនាក់ទំនង​អន្តជាតិ​រូបនេះ​គិតថា ជា​អ្នក​ជជែក​ពិភាក្សា​តទល់​ដ៏​ល្អ​ម្នាក់ មិន​ត្រឹមតែ​ពូកែ​តែ​ខ្លួនឯង​នោះទេ គឺ​ចេះ​ចែករំលែក​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក និង​ត្រូវ​ចេះ​ស្តាប់​មតិយោបល់​ក្នុង​ក្រុម​។ កញ្ញា​បាន​និយាយថា បើទោះបីជា​គំនិត​មិនសូវ​ល្អ​ក្តី ប៉ុន្តែ​យើង​អាច​យកគំនិត​ទាំងអស់នេះ​មក​ប្រមូល​ផ្តុំគ្នា ឲ្យ​ក្លាយជា​គោល​គំនិត​ធំៗ​។ កញ្ញា ម៉ានិត បញ្ជាក់ថា ការមិន​ចេះ​ទទួល​គំនិត​សមាជិក​ក្នុង​ក្រុម អាចធ្វើ​ឲ្យ​ក្រុម​មាន​ភាព​បែក​បែកសាមគ្គី និង​ធ្វើ​ឲ្យ​ក្រុម​មិន​ទទួលបាន​ជ័យជំនះ​នោះទេ​៕


Tag:
 យុវជន​
  ជជែក​ពិភាក្សា​តទល់​
  Debate
© រក្សាសិទ្ធិដោយ thmeythmey.com