ជាតិ
ការចូលរួម​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ Silicon Valley ធ្វើ​ឲ្យ​ក្រុម​កុមារី​ខ្មែរ​ក្លាយជា​ការជំរុញ​ចិត្ត​មួយ​ដល់​ស្ត្រី​ដែល​ចូលចិត្ត​បច្ចេកវិទ្យា
19, Aug 2017 , 6:39 pm        
រូបភាព
ការចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​​នៅ Silicon Valley ធ្វើ​ឲ្យ​កុមារី​ខ្មែរ​ក្លាយ​ជា​គំរូ​ដ៏​​វ័យ​ក្មេង​​មួយ​ដល់​ស្ត្រី​ដែល​ចូលចិត្ត​បច្ចេកវិទ្យា
ការចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​​នៅ Silicon Valley ធ្វើ​ឲ្យ​កុមារី​ខ្មែរ​ក្លាយ​ជា​គំរូ​ដ៏​​វ័យ​ក្មេង​​មួយ​ដល់​ស្ត្រី​ដែល​ចូលចិត្ត​បច្ចេកវិទ្យា
ដោយ:
​កុមារី​កម្ពុជា​មួយក្រុម​ដែលមាន​អាយុ​ត្រឹម​១១​និង​១២​ឆ្នាំ បាន​ចូលរួម​ការប្រកួត​ផ្តាច់ព្រ័ត្រ​ជា​សាកល​មួយ​ខាង​ការសរសេរ​កម្ម​វី​ធី app សម្រាប់​ទូរស័ព្ទ​ឈ្មោះ Technovation Challenge World Pitch Summit ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​សប្តាហ៍​មុន នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន Google ក្នុង​តំបន់​បច្ចេកវិទ្យា Silicon Valley សហរដ្ឋអាមេរិក​។ ទោះបី​ពួកគេ​មិន​ទទួលបាន​រង្វាន់​ធំក្តី ក៏​ពួកគេ​ត្រូវគេ​មើលឃើញថា នឹង​ផ្តល់​ជាការ​ជំរុញ​ទឹកចិត្ត​មួយ​ដល់​កុមារី​និង​ស្ត្រី​ខ្មែរ​ដែល​ចាប់អារម្មណ៍​នឹង​វិស័យ​បច្ចេកវិទ្យា​។ លោក សឹង សុផាត នៃ VOA ជូន​សេចក្តីរាយការណ៍​ពី​តំបន់ Silicon Valley រដ្ឋ​កាលីហ្វ័រ​ញ៉ា​ដូចតទៅ​៖



​តំបន់ SILICON VALLEY រដ្ឋ​កាលីហ្វ័រ​ញ៉ា៖ ​នេះ​ជាការ​ឡើង​បង្ហាញ​កម្មវិធី app ទូរស័ព្ទ​មួយ ដែល​ស្តាប់ទៅ​ដូចជា​ការបង្ហាញ​ឬ​ហៅថា Pitch ដែលមាន​ជា​ទៀងទាត់​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ដែរ​។ ប៉ុន្តែ​កុមារី​ខ្មែរ​ទាំងនេះ​មិនមែន​បង្ហាញ​កម្មវិធី app របស់​ពួកគេ​ដើម្បី​ប៉ង​ចង់​ក្លាយជា​មហាសេដ្ឋី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​មួយ​នោះទេ​។​

​កុមារី លន ដា​រ៉ា​ស៊ូ​ចេង អាយុ​១២​ឆ្នាំ ប្រធាន​ក្រុម​និង​សមាជិក​៤​ទៀត បញ្ចប់​ការបង្ហាញ​ជា​ភាសា​អង់គ្លេស ដោយ​បញ្ចុះបញ្ចូល​ក្រុម​ចៅក្រម​វាយតម្លៃ​ឲ្យ​គាំទ្រ​កម្មវិធី​តាម​ទូរស័ព្ទ​ឈ្មោះ Cambodia Identity Product យ៉ាង​ដូច្នេះ​ថា​៖

«​សូមជួយ​ប្រឆាំង​ភាពក្រីក្រ​ដោយ​ប្រើ app យើងខ្ញុំ​។ សូមកុំ​ខំ​ស្វែងរក​អតិថិជន​សម្រាប់​ផលិតផល​របស់​អ្នក ប៉ុន្តែ​គួរ​ស្វែងរក​ផលិតផល​សម្រាប់​អតិថិជន​អ្នក​វិញ​! សូម​អរគុណ​។​​»

​កុមារី​ខ្មែរ​ដែលមាន​អាយុ​ត្រឹម​១១​និង​១២​ឆ្នាំ​ទាំងនេះ បាន​ឆ្លង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក​និង​ហាត់រៀន​ការឡើង​បង្ហាញ​ជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ ដើម្បី​មក​ចូលរួម​ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​មួយ​សម្រាប់​កុមារី​ដែល​សរសេរ​កូដ​កុំព្យូទ័រ​ឈ្មោះ Technovation Challenge 2017​។ ពួកគេ​បានក្លាយ​ទៅជា​ឧទាហរណ៍​លើកទឹកចិត្ត​មួយ​ដល់​កុមារី​និង​ស្ត្រី​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​ដែល​ប្រាថ្នា​ចង់​ចាប់យក​អាជីព​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​។ ពួកគេ​ក៏​ចង់​ជួយ​ប្រឆាំងនឹង​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​កំណើត​របស់​ពួកគេ​ផងដែរ ដោយ​បង្កើត​បច្ចេកវិទ្យា​តាម​ទូរស័ព្ទ​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិប្ប​ករលក់​ផលិតផល​ខ្មែរ​តាម​អ៊ីនធឺណិត​។​

​សមាជិក​ក្រុម​មួយរូប​ទៀត​គឺ​កុមារី ជា សុជាតា អាយុ​១១​ឆ្នាំ ពន្យល់​ពី​គោលដៅ​មួយ​នៃ​កម្មវិធី app នេះ​ថា​៖

«​យើងខ្ញុំ​ចង់​ជួយ​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដើម្បី​បន្ថយ​ជន​ចំណាកស្រុក​ដែល​ទៅ​ប្រទេសជិតខាង កាត់បន្ថយ​ភាពក្រីក្រ​ដោយ​បង្កើត​ចំណូល​និង​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរ​។​​»

​ដើម្បី​អាចជា​ប់​ចូល​ប្រកួត​នៅក្នុង​កម្មវិធី Technovation បាន កុមារី​និង​យុវតី​ពី​ជុំវិញ​ពិភពលោក​ត្រូវ​សរសេរ​កូដ​បង្កើត​កម្ម​វិធី​សម្រាប់​ទូរស័ព្ទ​ឬ app ព្រមទាំង​រៀបចំ​ផែនការអាជីវកម្ម business plan ដែល​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នៃ​គោលដៅ​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​។ កុមារី​កម្ពុជា​បានជ្រើសរើស​បញ្ហា​ភាពក្រីក្រ​។​

​ទោះបី​សាកលភាវូបនីយកម្ម​បាន​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​កំណើន​ក្នុង​វិ័​ស័​យ​ទេសចរណ៍​ក្តី សាកលភាវូបនីយកម្ម​ក៏បាន​នាំ​ឲ្យ​មាន​វិសមភាព​សេដ្ឋកិច្ច​និង​ការប្រកួតប្រជែង​កាន់តែខ្លាំង​។ កុមារី​ទាំងនេះ​គិតថា កម្មវិធី app របស់​ពួកគេ​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។​

​នៅមុន​ពេល​ជួប​ចៅក្រម​វាយតម្លៃ កុមារី លន ដា​រ៉ា​ស៊ូ​ចេង ពន្យល់​ប្រាប់ VOA អំពី​គោលបំណង​មួយទៀត​នៃ​កម្មវិធី app នេះ​ថា​៖

«​ពួកយើង​ក៏​ចង់​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​ផងដែរ​។​​»

​ដោយ​ពួកគេ​មាន​អាយុ​ដ៏​ក្មេងខ្ចី​នេះ មិនមាន​អ្នកណា​រំពឹងថា ពួកគេ​អាចជួយ​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ប្រទេសជាតិ​នោះទេ​។ ប៉ុន្តែ​វត្តមាន​របស់​ពួកគេ​នៅក្នុង​ការប្រកួត​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​បញ្ហា​មួយទៀត​គឺ មាន​ស្ត្រី​តិចតួច​ប៉ុណ្ណោះ ដែល​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​

​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងចំណោម​និស្សិត​ដែល​ជ្រើសរើស​ជំនាញ​ព័ត៌មានវិទ្យា​នៅ​ឆ្នាំ​២០១០​ស្ត្រី​មាន​ត្រឹម​១៤​ភាគរយ​ប៉ុណ្ណោះ​។ នេះ​ជា​ស្ថានភាព​មួយ​ដែល​អ្នកខ្លះ​យល់ថា បណ្តាលមកពី​ការមិនទទួលបាន​ភាព​ស្មើគ្នា​ខាង​ការអប់រំ ព័ត៌មាន ឬ​កង្វះខាត​ជន​គំរូ​ដែលជា​ស្ត្រី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​។​

​កម្មវិធី​ដូចជា Technovation នេះ​រំពឹងថា​នឹង​អាចជួយ​កែប្រែ​និន្នាការ​នេះ​។​

​អ្នកស្រី Tara Chklovski ជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ Iridescent ដែលជា​អ្នករៀបចំ​កម្មវិធី Technovation នេះ​។ អ្នកស្រី​ថ្លែងប្រាប់ VOA ពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ន​ថា​៖

«​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ បច្ចេកវិទ្យា​ពិតជា​អាចជួយ​ស្ត្រី​ឲ្យ​មាន​សំឡេង​ខ្លាំងក្លា និង​បង្កើត​សង្គម​មួយ​ដែលមាន​សមភាព​។​​»

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កុមារី​ខ្មែរ​បាន​ជាប់​មក​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅក្នុង​កម្មវិធី Technovation នៅ​តំបន់ Silicon Valley សហរដ្ឋអាមេរិក​។​

​កុមារី​ខ្មែរ​ទាំងនេះ​បាន​ក្លាយជា​ឧទាហរណ៍​មួយ​អំពី​លទ្ធភាព​ដែល​បច្ចេកវិទ្យា​អាចជួយ​ជំរុញ​ដល់​សមត្ថភាព​ស្ត្រី​បាន ប្រសិនបើ​ពួកគេ​ទទួលបាន​ការអប់រំ ការឧបត្ថម្ភ និង​ការលើកទឹកចិត្ត​ត្រឹមត្រូវ​ពី​គ្រួសារ​និង​សង្គម​។ ថ្វីបើ​កុមារី​ទាំងនេះ​ភាគច្រើន​មកពី​ក្រុមគ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​ក្តី ពួកគេ​បាន​ទទួលបាន​បណ្តុះបណ្តាល​ពី​សាលា​អន្តរជាតិ Liger Learning Center ដែលជា​អង្គការ​មួយ​ផ្តោតទៅលើ​ការអប់រំ​បែប​គម្រោង រៀន​ដក​ពិសោធន៍ និង​ភាពជា​អ្នកដឹកនាំ ដែល​ខុសប្លែក​ពី​ការអប់រំ​ធម្មតា​តាម​កម្មវិធី​អប់រំ​របស់​រដ្ឋ​។​

​លោក ម៉ៅ មុនី ជា​វិស្វករ​ខាង​កម្មវិធី software កុំព្យូទ័រ ដែល​បម្រើការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​តំបន់ Silicon Valley នេះ​អស់​រយៈពេល​២០​មកហើយ​។ ពេល​បាន​ដំណឹង​ពី​មិត្តភក្តិ​អំពី​ការ​ដែលមាន​កុមារី​ខ្មែរ​មក​ចូលរួម​ការប្រកួត​លំដាប់​ពិភពលោក​នេះ លោក​ក៏​ប្រញាប់​មក​ចូលរួម​ភ្លាម​។ លោក ម៉ៅ មុនី ដែលមាន​កូនស្រី​អាយុ​១១​ឆ្នាំ​ដែរនោះ បាន​សម្តែង​ការ​ស្ញប់ស្ញែង​ចំពោះ​កុមារី​ទាំង​៥ ប្រាប់ VOA ថា​៖

«​យើង​ឃើញថា វា​មោទនភាព​មួយ ឃើញ​កូន​ខ្មែរ​ត្រឹម​អាយុ​១០ ១១​ឆ្នាំ ចេះ​ធ្វើបាន app ហើយ​ការណ៍​សំខាន់​មានចិត្ត​ថា ចង់​ជួយ​ខ្មែរ​យើង ដូច​ថា​ធ្វើ​ឲ្យ​មាន​ជីវភាព​រស់នៅ​បានល្អ ដោយ​ការ​ធ្វើបាន ហើយ​ខ្ញុំ impressed [​ស្ញប់ស្ញែង​] មួយ​ជាងគេ​ហ្នឹង​គឺ​ឃើញថា មិន​ចង់​ឲ្យ​ខ្មែរ​យើង​ទៅរក​ស៊ី​នៅ​ប្រទេសក្រៅ​ទៀត​។ ឲ្យ​ប្រើ​អា app ហ្នឹង​។​​»

​លោក​ជឿ​ង​ថា ការ​ដែលមាន​កុមារី​ខ្មែរ​ទាំង​៥​នាក់មក​ប្រកួត​ដល់​តំបន់ Silicon Valley នេះ​នឹង​លើកទឹកចិត្ត​ឲ្យ​កុមារី​និង​យុវនារី​ខ្មែរ​ផ្សេងទៀត​ចាប់​អាជីព​ខាង​វិស័យ​បច្ចេកវិទ្យា​នេះ​កាន់តែច្រើន​។​

​ក្នុងចំណោម​យុវនារី​អាមេរិកាំង​កំណើត​ខ្មែរ​ដ៏​តិចតួច​ដែល​បម្រើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ Silicon Valley នេះ មាន​កញ្ញា Pauline Seng អ្នកគ្រប់គ្រង​កម្មវិធី​មួយរូប​នៅ​ក្រុមហ៊ុន Google ដែលជា​កន្លែង​នៃ​ការប្រកួត​នេះ​។ ក្រោយពី​បានទទួល​ដំណឹង​ពី​ការប្រកួត​ដែលមាន​កុមារី​ខ្មែរ​ចូលរួម កញ្ញា Pauline Seng ក៏​បានមក​គាំទ្រ ហើយ​និយាយថា កុមារី​ទាំង​៥​បាន​ក្លាយជា​គំរូ​រួចទៅហើយ​ដល់​ស្ត្រី​ផ្សេងទៀត រួមទាំង​កញ្ញា​ខ្លួនឯង​ផងដែរ ដែល​ទើប​ចាប់​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ពេល​នាង​អាយុ​២៣​ឆ្នាំ​។​

​កញ្ញា​បញ្ជាក់ប្រាប់ VOA ថា​៖

«​ពិតណាស់ មើលចុះ ពួកគេ​បានមក​ដល់ Silicon Valley! នឹងមាន​ស្ត្រី​ជាច្រើន​ទៀត​ដែល​នឹង​ខំប្រឹង​ឲ្យ​បាន​មកដល់​ដំណាក់កាល​នេះ​ដូច​ក្មេងស្រី​ទាំងនេះ​ដែល​នឹង​ជំរុញ​ឲ្យ​ក្មេងស្រី​ផ្សេងទៀត​ចាប់អារម្មណ៍​នឹង​បច្ចេកវិទ្យា​។​​»

​កញ្ញា Pauline Seng ថ្លែងថា បច្ចុប្បន្ននេះ​ស្ត្រី​នៅ​អាមេរិក​មាន​ភាពងាយស្រួល​ជាង​មុន​ក្នុងការ​ចូលប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដោយសារ​មានកម្ម​វិធី​គាំទ្រ​ច្រើនជាង​មុន​ដូចជា​កម្មវិធី Technovation ជាដើម​។ បុគ្គលិក​ក្រុមហ៊ុន Google រូបនេះ​ដែល​ទើបបាន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជឿជាក់ថា យុវតី​ក្នុង​ជំនាន់​កុមារី​ទាំង​៥​នឹង​កាន់​តែមាន​អនាគត​ត្រចះត្រចង់​ក្នុង​វិស័យនេះ ដែល​អាចជួយ​ជំរុញ​ដល់​វិស័យ​បច្ចេកវិទ្យា​ដ៏​ក្មេងខ្ចី​របស់​កម្ពុជា​។​

​នៅក្នុង​ចំណោម​អ្នកគាំទ្រ​ក្រុម​ខ្មែរ ក៏មាន​និស្សិត​ខ្មែរ​ពី​ប្រទេស​កម្ពុជា​មួយរូប​ផងដែរ​គឺ ក​ញ្ញ គី វិ​ល័យ​វណ្ណ អាយុ​២៣​ឆ្នាំ និស្សិត​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Brown University នៅ​រដ្ឋ Rhode Island​។ កញ្ញា​កំពុង​ធ្វើ​កម្មសិក្សា (internship) ខាង​វិស្វកម្ម software កុំព្យូទ័រ​រយៈពេល​៣​ខែ​នៅ​ក្រុមហ៊ុន Google ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​។​

​កញ្ញា​បានទទួល​ដំណឹង​អំពី​ការណ៍​ដែលមាន​កុមារី​ខ្មែរ​មក​ប្រកួត​នៅ​ក្រុមហ៊ុន Google ដែល​កញ្ញា​កំពុង​ធ្វើ​កម្មសិក្សា​នេះ តាមរយៈ​ការផ្សាយ​របស់ VOA ហើយ​កញ្ញា​មាន​អារម្មណ៍​រំភើប​ខ្លាំង​នៅពេល​បានឃើញ​ពួកគេ​ឡើងលើ​ឆាក​បង្ហាញ​ពី app មួយ​ដែល​កញ្ញា​ថា​ពិបាក​បង្កើត​។ ការណ៍​នេះ​ធ្វើ​ឲ្យ​កញ្ញា គី វិ​ល័យ​វណ្ណ នឹកឃើញ​ដល់​កាលពី​កញ្ញា​មាន​អាយុ​ដូច​កុមារី​ទាំង​៥៖

«​ឃើញ​ក្មេងៗ​ហ្នឹង​អាយុ​ត្រឹម​១១ ១២ ប៉ុន្តែ​ដូច​មាន​ទំនុកចិត្ត​ខ្លួនឯង​ខ្ពស់​។ ហើយ​នឹកឃើញ​កាល​ខ្ញុំ​អាយុ​ប៉ុណ្ណឹង ប្រើ​កុំព្យូទ័រ​ដូច​របៀប​ថា អត់​សូវ​ចេះ​នៅឡើយ ហើយ​អត់​ចេះ​កូដ អត់​ចេះ​អីហ្នឹង​។ ហើយ​ឃើញ​គាត់​បង្កើត app មួយ​ដូច​របៀប​ថា ដូច​រំភើប ពេល​គាត់​ឡើង​ដូច​ចង់​ស្រក់​ទឹកភ្នែក​ដែរ ព្រោះ​រំភើប​ពេក​។​​»

​នៅក្នុង​ការប្រកួត​រយៈ​ពេល​២​ថ្ងៃនេះ ក្រុម​កុមារី​ខ្មែរ​ដែល​បង្កើត​កម្មវិធី Cambodia Identity Product មិន​បានឈ្នះ​រង្វាន់​ធំ​ទេ គឺ​បាន​ចាញ់​ក្រុម​យុវតី​មកពី​ក្រុង​ហុងកុង​។ ប៉ុន្តែ​យ៉ាងនេះ​ក្តី ពួកគេ​មាន​ទ​ភាព ដែល​ពួកគេ បាន​ត្រូវ​ជ្រើសរើស​ពី​ជាង​១.០០០​ក្រុម​នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ជាប់​មក​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​តំបន់​បច្ចេកវិទ្យា​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​។​

​កុមារី យស់ សិរី​សប្តាហ អាយុ​១២​ឆ្នាំ ថ្លែងប្រាប់ VOA នៅក្រោយ​កម្មវិធី​ប្រកួត​នេះ​ថា​៖

«​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ដែល​ក្រុម​ខ្ញុំ​បានមក​ដល់​វគ្គ​នេះ​។​​»

​ដោយសារ​ពួកគេ​ជា​ក្រុម​ជាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម CIT របស់​ខ្មែរ​នេះ​បានទទួល​អាហារូបករណ៍​៥.០០០​ដុល្លារ​ត្រឡប់​ទៅ​ស្រុក​វិញ​។​


សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com