កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ សុខ ចាន់​មាន រំពឹង​បាន​មេដាយ​ជូន​ជាតិ ទោះបី​ទីលាន​ជា​បញ្ហា​ចោទ​
20, Aug 2017 , 1:39 pm        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា សុខ ចាន់​មាន នៅតែ​រំពឹង​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ជូន​ជាតិ ទោះបី​មិនមាន​វិញ្ញាសា​សក្តានុពល​។ តែ​យ៉ាងណា ចាន់​មាន ដែល​លេង​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​បានចាត់ទុក​បញ្ហា​ទីលាន និង​ប្រទេស​ថៃ ជា​ឧបសគ្គ​រារាំង​ដ៏​ធំ​ក្នុងការ​ស្វែងរក​មេដាយ​ពី​ការប្រកួត​នេះ​។​



​ទោះបី​គ្មាន​វិញ្ញ​សា​វាយយក​ពិន្ទុ​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​មេដាយមាស​ពិភពលោក ម្ចាស់​មេដាយប្រាក់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី សុខ ចាន់​មាន នៅតែមាន​ទំនុកចិត្ត​ថា រូបគេ​នឹង​អាច​ដណ្តើមបាន​មេដាយ​ណាមួយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ជូន​ប្រទេសជាតិ​។ ការរំពឹង​បែបនេះ បន្ទាប់ពី​រូបគេ បាន​អះអាង​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការចូលរួម​លើក​នេះ​។

​ក្រោយ​ការហ្វឹកហាត់​ត្រៀម​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក សុខ ចាន់​មាន បានបង្ហាញ​ទំនុកចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​នេះ ខ្ញុំ​បាន​ហ្វឹកហាត់​ច្រើន និង​បាន​ត្រៀមខ្លួន​ល្អ​ជាង​ការប្រកួត​ពិភពលោក ដូច្នេះ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​លើក​នេះ ខ្ញុំ​រំពឹងថា នឹង​អាច​ដណ្តើមបាន​មេដាយ​ជូន​ជាតិ តែ​ខ្ញុំ​មិនអាច​បញ្ជាក់​មេដាយ​អ្វី​នោះឡើយ​»​។​

​ទន្ទឹមនឹង​ការបង្ហាញ​ពី​ទំនុកចិត្ត​រំពឹង​ទ​ទួ​ប​ល​បាន​មេដាយ​ម្ចាស់​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​វាយ​ពិន្ទុ​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​រូបនេះ ក៏បាន​លើក​ពី​ក្តីកង្វល់​ផងដែរ ពោលគឺ​រូបគេ​បានចាត់ទុក​ទីលាន​ប្រកួត​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​សំខាន់​សម្រាប់​គេ ក៏​ដូច​កីឡាករ​ប៉េតង់​ដទៃទៀត​។ ក្រៅ​បញ្ហា​ទីលាន កីឡាករ​រូបនេះ​បានចាត់ទុក ថៃ ជា​ឧបសគ្គ​រារាំង​ក្នុងការ​ប្រជែង​មេដាយមាស​ពី​ការប្រកួត​នេះ​សម្រាប់​គេ​ផងដែរ​។

​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ សីហា កីឡាករ សុខ ចាន់​មាន នឹង​លេង​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់ ដោយ​ប្រភេទ​កីឡា​ប៉េតង់​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៨ ខណៈ​រូបគេ​ប្រកួត​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែសីហា​។ គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី ចាន់​មាន ទទួលបាន​មេដាយប្រាក់​២ លើ​វិញ្ញាសា​វាយយក​ពិន្ទុ និង​ម៉ិ​ក​៣​នាក់​ទល់​៣​នាក់​៕    


Tag:
 ប៉េតង់​
  SEA Games 2017
  សុខ ចាន់​មាន
© រក្សាសិទ្ធិដោយ thmeythmey.com