អន្តរជាតិ
គ្រួសារ​មួយ ៖ កូន​ឈ្មោះ Loser ក្លាយជា​ប៉ូលិស កូន​ឈ្មោះ Winner បែរ​ក្លាយជា​ចោរ​
14, Apr 2018 , 3:00 pm        
រូបភាព
ដោយ: ធីតា
​កាលពី​ឆ្នាំ​១៩៥៨ លោក Robert Lane ជនជាតិ​អាមេរិក ដែល​រស់នៅ​តំបន់ Harlem ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បានដាក់​ឈ្មោះ​កូនប្រុស​ម្នា​ក់ថា Winner [​មានន័យ​ជា​ភាសា​ខ្មែរ​ថា អ្នកឈ្នះ​] ។ បី​ឆ្នាំ​ក្រោយមក គ្រួសារ​ត្រកូល Lane បង្កើតបាន​កូនប្រុស​ម្នាក់​ទៀត ដោយ​លោក Robert សម្រេច​ដាក់ឈ្មោះថា Loser [​មានន័យថា អ្នកចាញ់​]​។ នៅពេល​ចម្រើន​វ័យ​ធំធាត់ ឆាកជីវិត​របស់​អ្នក​ទាំងពីរ​មិនមែន​ដូច​ឈ្មោះ​នោះឡើយ ដោយ Loser ក្លាយជា​បុគ្គល​ម្នាក់​ដ៏​ជោគជ័យ រីឯ Winner ត្រូវបាន​បញ្ជូនទៅ​មន្ទីរឃុំឃាំង​ជាច្រើនលើក​។​



Winner ក្លាយជា​អ្នកចាញ់ រីឯ Loser ក្លាយជា​អ្នកឈ្នះ​។ ប្រវត្តិ​រឿងរ៉ាវ​គ្រួសារ​ត្រកូល Lane ដែល​រស់នៅ​តំបន់ Harlem ក្រុង​ញូវយ៉ក ត្រូវ​ចុះផ្សាយ​ពេញ​បណ្តាសារ​ព័ត៌មាន​នានា​នៅ​សហរដ្ឋអាមេរិក កាលពី​ជាង​១០​ឆ្នាំមុន​។ ក្រោយ​ដាក់ឈ្មោះ​កូនប្រុស​ដែល​កើត​នៅ​ឆ្នាំ​១៩៥៨ ថា «Winner Lane» លោក Robert បានសម្រេច​ដាក់ឈ្មោះ​កូនប្រុស​ម្នាក់ទៀត ដែល​កើត​នៅ​ឆ្នាំ​១៩៦១ ថា «Loser Lance» ដោយ​ឯកសារ​ខ្លះ​សរសេរថា ជា​កូន​ទី​៧ ហើយ​ខ្លះ​អះអាងថា​ជា​កូន​ទី​៨ ។​

​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ NowIKnow ការដាក់​ឈ្មោះ​កូនប្រុស​ពៅ​ថា Loser មិនមែន​មានន័យថា លោក​ស្អប់​កូន​នោះឡើយ ប៉ុន្តែ​មុននឹង​សម្រេចចិត្ត លោក​បាន​សួរ​កូនស្រី​ច្បង​របស់លោក ដែល​នៅពេលនោះ នាង​បានស្នើ​ឈ្មោះ Loser នេះ​តែម្តង​។​

​កាលពី​ឆ្នាំ​២០០២ សារព័ត៌មាន Newsday បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់ Loser និង Winner​។ Loser បាន​រៀប​ចប់​នៅ​មហាវិទ្យាល័យ Lafayette College នៅ​ក្រុង Pennsylyania បន្ទាប់​ចូល​បម្រើការ​នៅ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក (NYPD)​។​

​លោក Loser Lane ត្រូវបាន​ចាត់ទុកថា ជា​មន្ត្រីប៉ូលិស​ដ៏​ឆ្នើម​ម្នាក់ ដែល​ក្រោយមក​ឡើង​ដំណែង​ជា ភ្នាក់ងារ​ស៊ើបអង្កេត ហើយ​លោក​ក៏​ជា​អត្ត​ព​លិ​ក​មួយរូប​ផងដែរ​។ ទោះបីជា​លោក​មានឈ្មោះ​បែបនេះ​ក៏ដោយ តែ​មិត្ត​រួមការ​ងារ និង​គ្រូៗ បានសម្រេច​នាំគ្នា​ហៅ​ផ្សេង​ពីនេះ ពោល​ពួកគេ​ចូលចិត្ត​ហៅថា លោក «Lou» ជំនួស «Loser»​។​

​ងាក​ទៅ​លោក Winner Lane ឯណោះ​វិញ ឯកសារ​ជាច្រើន​បានសរសេរថា គាត់​ត្រូវបាន​ចាប់ខ្លួន​យ៉ាងហោច ៣១​លើក និង​ធ្លាប់​ជាប់ពន្ធនាគារ​២​ឆ្នាំ ទាក់ទង​នឹង​ការដើរ​បំផ្លាញ​រថយន្ត អំពើហិង្សា​ក្នុង​គ្រួសារ ចោរកម្ម និង​បទល្មើស​តូចតាច​ផ្សេងៗ​ទៀត​។

​លោក Winner បាន​ក្លាយជា​មនុស្ស​បាក់​ទឹកចិត្ត​ម្នាក់ ដោយ​ភាគច្រើន​ទៅ​ស្នាក់នៅ​ជាមួយ​ក្រុមមនុស្ស​ដែល​គ្មាន​ផ្ទះសម្បែង​។ កន្លងមក បងប្អូន​ទាំងពីរ​មិនសូវមាន​ទំនាក់ទំនង​គ្នា​នោះឡើយ ប៉ុន្តែ​ភាគច្រើន​ដែល Winner ទាក់ទង​ទៅ Loser នោះ គឺ​ដើម្បី​សុំ​លុយ​ចាយ​។​

​គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ លោក Winner Lane មាន​អាយុ​៥៩​ឆ្នាំ រីឯ​លោក Loser Lane មាន​អាយុ​៥៦​ឆ្នាំ​។ មិនមាន​សារព័ត៌មាន​ណាមួយ ចុះផ្សាយ​ពី​ដំណើរ​ជីវិត​បច្ចុប្បន្ន​របស់​ពួកគាត់​នោះឡើយ ប៉ុន្តែ​បើតាម​ប្រភព​នានា លោក Robert ដែលជា​ឪពុក បានទទួល​មរណភាព​ទៅហើយ​៕


Tag:
 ​ប្លែកៗ​
  ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com