អន្តរជាតិ
អ្នកដំណើរ​បរទេស​អា​ច​ប្រើ​ប្រព័ន្ធ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ស្វ័យប្រវត្តិ​នៅ​អាកាស​យាន​ដ្ឋា​ន​សុវណ្ណ​ភូមិ​
20, Aug 2017 , 8:19 pm        
រូបភាព
រូបភាព៖ Bangkok Post
រូបភាព៖ Bangkok Post
​រដ្ឋាភិបាល​ថៃ​សម្រេច​ដាក់​ច្រកទ្វារ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ស្វ័យប្រវត្តិ​ចំនួន ប្រាំបី​កន្លែង​នៅ​អាកាស​យានដ្ឋា​ន​អន្តរជាតិ​សុវណ្ណ​ភូមិ ដោយ​អ្នកដំណើរ​មិនចាំបាច់​ចាំ​តម្រង់​ជួរ​ឆ្លងកាត់​ប៉ុស្តិ៍​អន្តោប្រវេសន៍​ឡើយ​។ ប៉ុន្តែ​ជំហាន​ដំបូង មានតែ​ប្រជាជន​សិង្ហ​បុរី​ប៉ុណ្ណោះ​ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បាន​។



​ម៉ាស៊ីន​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ចំនួន​ប្រាំបី​កន្លែង​ត្រូវបាន​អាជ្ញាធរ​ថៃ​ដាក់​ឲ្យ​ដំណើរការ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សុវណ្ណ​ភូមិ​ចាប់​ពីថ្ងៃ​សៅរ៍​ទី ១៩ ខែសីហា​។ ថៃ​កំពុង​ពិចារណា​បន្ថែម​ម៉ា​ស៊ី​ទាំងនេះ​ទៅកាន់​អាកាស​យាន​ដ្ឋា​ន​ផ្សេងទៀត​ដូចជា ដូន​មឿង និង​ភូ​កេ​ត​ជាដើម​។​

​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍​ស្រង់​សម្តី​ប្រធានការិយាល័យ​អន្តោប្រវេសន៍ Nathatorn Prousoontorn ថា ម៉ាស៊ីន​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ស្វ័យប្រវត្តិ​នេះ​ត្រូវ​បានដាក់​ដំណើរការ​សម្រាប់​ជនជាតិ​ថៃ​តាំងពី​ឆ្នាំ ២០១២ ម្ល៉េះ​។ ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ការត្រួតពិនិត្យ​ឯកសារ​ឆ្លងកាត់​របស់​អ្នកដំណើរ​និង​កាត់បន្ថយ​ពេលវេលា​សម្រាប់​រង់ចាំ ការិយាល័យ​លោក​សម្រេច​ដាក់​ឲ្យ​អ្នកដំណើរ​បរទេស​ប្រើប្រាស់​ប្រព័ន្ធ​នេះ​តែម្តង​។​

​ប្រព័ន្ធ​ត្រួ​និត្យ​នេះ​នឹង​ស្រង់​យក​ព័ត៌មាន​របស់​អ្នកដំណើរ និង​ស្នាម​ក្រយៅដៃ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នកដំណើរ​ដែល​ឆ្លងដែន​ចូល​ថៃ​នោះ​។ វា​ក៏​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​អ្នកដំណើរ​ពេល​ចូល Check in ត្រៀម​ហោះហើរ​ដូចគ្នា​។​

​តាមពិតទៅ ការសម្រេច​ដាក់​ប្រព័ន្ធ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ដោយ​ស្វ័យប្រវត្តិ​នេះ​ជាការ​ឆ្លើយតប​នឹង​ការ ការរិះគន់​អាជ្ញា​ថៃ​រឿង​តម្រូវ​ឲ្យ​អ្នកដំណើរ​ចំណាយពេល​យូរ​ដើម្បី​ឆ្លងកាត់​កន្លែង​ប៉ុស្តិ៍​អន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ​។  កាលពី​ខែ​មុន​អ្នកដំណើរ​ត្អូញត្អែរ​និង​រិះគន់​អាកាស​យាន្ត​ដ្ឋា​ន​ដូន​មឿង​យ៉ាង​ចាស់ដៃ​ព្រោះ​ពួកគេ​ត្រូវ​ចំណាយពេល​រហូតដល់​បួន​ម៉ោង​រង់ចាំ​។

-​ប្រជាជន​សិង្ហ​បុរី​អាច​ប្រើប្រាស់​បាន​មុនគេ
​បើតាម​ការផ្សព្វផ្សាយរ​បស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ថៃ​ប្រចាំ​សិង្ហ​បុរី  សិង្ហ​បុរី​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​អាច​ប្រើប្រាស់​ច្រកទ្វារ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ស្វ័យប្រវត្តិ​នៅ​អាកាស​យាន​ដ្ឋា​ន​អន្តរជាតិ​សុវណ្ណ​ភូមិប្រទេស​ថៃ​បាន​ចាប់ពី​ចុង​សប្តាហ៍​នេះ​។ នេះ​មានន័យថា អ្នកដំណើរ​ជនជាតិ​សិង្ហ​បុរី​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដោយ​មិនចាំបាច់​តម្រង់​ជួរ​ចាំ​មន្ត្រី​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ដូច​មុន​ឡើយ​។​

​សេចក្តីប្រកាស​ដដែល​ស្រង់​សម្តី​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​ថា ជា​ជំហាន​ដំបូង ច្រកទ្វារ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ពីរ​កន្លែង​ត្រូវ​បើក​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ប្រើប្រាស់​។  សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ប្រជាជន​សិង្ហ​បុរី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ប្រហែល មួយ​លាន​នាក់​រៀងរាល់ឆ្នាំ​។

 ការសម្រេច​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ប្រើប្រាស់​ដំបូង​គេ​នេះ​គឺធ្វើឡើង​តាម​ការវិភាគ​និង​វាយតម្លៃ​ផ្នែក​សន្តិសុខ​និង​ផ្អែកលើ​កិច្ចព្រមព្រៀង​ដែលមាន​រួមគ្នា​។ ក្រោយ​ថៃ​អនុ​ញ្ញ​ត​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ប្រើប្រាស់​ច្រកទ្វារ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ដោយ​ស្វ័យប្រវត្តិ​នេះ អាជ្ញាធរ​សិង្ហ​បុរី​ក៏​ត្រៀម​សម្រួល​ដល់​អ្នកដំណើរ​ជនជាតិ​ថៃ​ដូចគ្នា​៕


Tag:
 ថៃ​
  សិង្ហ​បុរី​
  Nathatorn Prousoontorn
© រក្សាសិទ្ធិដោយ thmeythmey.com