អន្តរជាតិ
កងកម្លាំង​បង់​ក្លា​ដែ​ស រឹតបន្តឹង​ការ​ល្បាត​តាម​ព្រំដែន​ដើម្បី​ទប់ទល់​ការ​ភៀស​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​មី​យ៉ាន់​ម៉ា​
20, Aug 2017 , 8:59 pm        
រូបភាព
ដោយ:
​កងកម្លាំង​បង់​ក្លា​ដែ​ស​ជាច្រើន​នាក់ បាន​បន្តសកម្មភាព​ល្បាត​រឹតត្បិត​តាម​បណ្តោយ​ព្រំដែន​ជាមួយនឹង​មី​យ៉ាន់​ម៉ា​។ សកម្មភាព​ល្បាត​នេះ ធ្វើឡើង​ស្របពេល​ដែលមាន​ការរាយការណ៍​ថា មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​មួយ​ពាន់​នាក់ បាន​បន្ត​ឆ្លងកាត់​ព្រំដែន​ទៅកាន់​បង់​ក្លា​ដែ​ស​ដោយ​ខុសច្បាប់ ។



​នៅ​ដើមខែ​តុលា​ឆ្នាំមុន កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ក្រុម​ភេរវជន​នៅ​រដ្ឋ Rakhine បន្ទាប់ពី​ក្រុម​នេះ បាន​វាយប្រហារ​លើ​ប៉ូលិស​តម្រួត​ព្រំដែន​មី​យ៉ាន់​ម៉ា​។ ការប៉ះទង្គិច​នេះ បាន​បង្ក​ឲ្យ​មាន​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ ដែល​រស់នៅ​នៅ​តំបន់​វិវាទ​នោះ បាន​រត់គេច និង​ភៀសខ្លួន ទៅ​ប្រទេសជិតខាង និង​ជាពិសេស​ទៅកាន់​បង់​ក្លា​ដែ​ស​។

​យ៉ាងណាក៏ដោយ ក្រោយ​នៃ​លំហូរ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ខុសច្បាប់​នេះ បាន​ផ្ទុះឡើង បង់​ក្លា​ដែ​ស បាន​មាន​យន្តការ​រឹ​ត្បិត​ខ្លាំង​តាម​ព្រំដែន រហូតដល់​ពេលខ្លះ បង់​ក្លា​ដែ​ស បាន​ចាប់បញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Irrawaddy ដែល​បាន​ដកស្រង់​សម្តី​ប្រជាជន​នៅ​ទីនោះ មកទល់ពេលនេះ កងកម្លាំង នៅតែ​បន្ត​ល្បាត​ជាប្រចាំ ។​

​ស្រដៀង​គ្នា​នេះ មន្ត្រី​ល្បាត​ព្រំដែន​ជាន់ខ្ពស់​បង់​ក្លា​ដែ​ស លោក  Manuzurul Hasan Khan បាន​សង្កត់ធ្ងន់​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន Reuters ថា គ្មាន​នរណាម្នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ដោយ​ខុសច្បាប់​ទៀត​បានឡើយ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា គិត​ចាប់ពី​ទសវត្សរ៍​៩០​មក មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​សទាំង​ដោយ​ស្របច្បាប់​ផង និង​ខុសច្បាប់​ផងដែរ​។ តាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស ការ​ភៀសខ្លួន​របស់​ក្រុម​ជនជាតិភាគតិច​នេះ ពាក់ព័ន្ធ​ជាមួយនឹង​ការរើសអើង​ជាតិ​សាសន៍​ពី​បណ្តា​ប្រជាជន​មី​យ៉ាន់​ម៉ា ដែលមាន​ការចូល​ដៃ​ពី​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ​។​

​នា​រយៈពេល​ថ្មីៗ​នេះ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ ក៏​បានចេញ​របាយការណ៍​រិះគន់ និង​ថ្កោលទោស​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​បាន​បើកដៃ​ឲ្យ​មានការ​ប្រើប្រាស់​ហិង្សា និង​បទល្មើស​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាលពីដើម​ខែតុលា​ឆ្នាំមុន​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏​បានចេញ​ប្រតិកម្ម និង​ច្រានចោល​របាយការណ៍​ទាំងនោះ ដោយ​ថែមទាំង​បញ្ជាក់ថា មិនមាន​បទល្មើស​បែប​នេះ កើតឡើង​នៅក្នុង​ប្រទេស​ខ្លួន​ឡើយ ៕


Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com