អន្តរជាតិ
មី​យ៉ាន់​ម៉ា ពិចារណា​ហៅ​សកម្មភាព​នៅ​តំបន់​ជម្លោះ​រ៉ូ​ហ៊ីង​យ៉ា​ថា​ជា​«​ភេរវកម្ម​»​ដើម្បី​បន្ត​ចាត់វិធានការ​អន្តរជាតិ​
20, Aug 2017 , 10:19 pm        
រូបភាព
រូបភាព៖ Public Radio International
រូបភាព៖ Public Radio International
ដោយ:
​មេដឹកនាំ​កំពូល de facto មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាននិងកំពុង​តែ​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​យោធា​ចម្បងៗ​ដើម្បី​ប្រើប្រាស់​ការហៅ​មួយ​ផ្លូវការ​ទៅលើ​អំពើហិង្សា​ដែល​កើតឡើង​នៅ​រដ្ឋ​ជម្លោះ Rakhine ។ កិច្ចពិភាក្សា​ដឹកនាំ​ដោយ​លោកស្រី​ស៊ូ​ជី ធ្វើឡើង​ស្របពេល​សហគមន៍​អន្តរជាតិ បន្ត​ចោទ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពី​ភាព​អសកម្ម​ក្នុង​រឿង​ហិង្សា​ជាតិ​សាសន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ពុទ្ធសាសនិក​នៅ​រដ្ឋ Rakhine​។



​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Zaw Htay បាន​ឲ្យ​ដឹងថា ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​មេដឹកនាំ​យោធា កំពុងតែ​ពិភាក្សាគ្នា​ក្នុង​ការហៅ​ក្រុម​បង្ក​ហិង្សា​នៅ​រដ្ឋ Rakhine ជា​អង្គការ​ភេ​វរជន​។ អ្នកនាំពាក្យ ក៏បាន​អះអាងថា រដ្ឋាភិបាល បានសម្រេច​ចាត់ទុក​សកម្មភាព​ទាំងនោះ​ថា «​សកម្មភាព​ភេរវជន​»​ទៀតផង​។ នេះ​បើ​យោងតាម​ការចុះ​ផ្សា​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy នៅ​ថ្ងៃទី​១៧ សីហា​។

​សូម​រម្លឹក​បន្តិច​ថា នៅ​ខែតុលា​ឆ្នាំមុន មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ជាមួយនឹង​ក្រុម​ឧទ្ទាម ដែល​ភាគី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​អះអាងថា ពួកក្រុម​នេះ បាន​វាយប្រហារ​មកលើ​ប៉ូលិស​តម្រួត​ព្រំដែន ដែល​បាន​ឲ្យ​មាន​ប៉ូលិស​យ៉ាងតិច​៩​នាក់​ស្លាប់​។​

​ការប៉ះទង្គិច​នេះ មិនបាន​បញ្ចប់​ភ្លាមៗ​ឡើយ ពោលគឺ កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើ​ក្រុម​នោះ ដោយ​ថែម​ចោទថា​ក្រុម​នេះ ជា​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងតែ​រស់នៅ ក្រោម​ការរើសអើង ពី​ប្រជាជន​ភាគច្រើន​មី​យ៉ាន់​ម៉ា ក្នុង​តំបន់​ជម្លោះ​នោះ​ស្រាប់​។ ជា​ផលប៉ះពាល់​នៃ​ការប៉ះទង្គិច​នេះ មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា មកទល់​នេះ ក៏​នៅតែ​បន្ត​ភៀសខ្លួន ដោយ​ពួកគេ​អះអាងថា បាន​រង​ការ​ធ្វើបាប​ពី​កងកម្លាំង ខណៈ រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី ក៏​ទទួល​សម្ពាធ​អន្តរជាតិ ពី​ការបន្ត​ឲ្យ​រឿង​នៅតែ​អាក្រក់​។

​ដោយឡែក​ជុំវិញ ការហៅ​ឈ្មោះ​ក្រុម​បង្ក​ហិង្សា ថា​ជា​អង្គការ​ភេរវជន​នេះដែរ ពិតជា​សំខាន់​សម្រាប់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ។ បើ​ពួកក្រុម​នេះ ដែល​រាប់បញ្ចូល​ទាំង​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន ត្រូវ​ចាត់ទុកថា ជា​ក្រុម​ភេរវជន​ហើយ​នោះ ពួកគេ មិន​ទទួលបាន​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ទៀត ហើយ​សារព័ត៌មាន​អន្តរជាតិ ក៏​មិន​ដាក់​កំហុស​មី​យ៉ាន់​ម៉ា ក្រោម​បរិបទ​បំពាន​សិទ្ធិមនុស្ស​ទៀត​ដែរ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com