អន្តរជាតិ
ជន​ស៊ីវិល​អ៊ីរ៉ាក់​រាប់ពាន់នាក់​កំពុង​ជាប់​នៅក្នុង​ក្រុង Mosul និង​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​បំផុត​
21, Aug 2017 , 7:39 am        
រូបភាព
ដោយ: VOA
​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​រាប់រយ​នាក់​នៅតែ​ត្រួតត្រា​ផ្នែក​តូច​មួយ​នៃ​ក្រុង Mosul ក្នុងប្រទេស​អ៊ីរ៉ាក់ ក៏ប៉ុន្តែ​ពួក​មេបញ្ជាការ​នៃ​ក្រុម​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជន​ស៊ីវិល​រាប់ពាន់នាក់​បាន​ជាប់គាំង​នៅ​ទីនោះ​ដោយមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដោយសារ​ការប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ពួកគេ​។​



​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​បង្ខិតបង្ខំ​ពួក​សមាជិកគ្រួសារ​ពួកគេ​ឱ្យ​ប្រយុទ្ធ​ដើម្បី​ក្រុង Mosul ដែល​នៅពេលនេះ​ស្ថិតនៅក្នុង​ដំណាក់កាល​ចុងក្រោយបង្អស់ ហើយ​ពួក​មេបញ្ជាការ​អ៊ីរ៉ាក់​បាន​និយាយថា​ពួក​ជ្រុលនិយម​បាន​គំរាមកំហែង​ថា​នឹង​បំផ្ទុះ​ពួក​ជន​ស៊ីវិល​ទាំងឡាយណា​ដែល​ខិតខំ​ព្យាយាម​រត់គេចខ្លួន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Sami al-Aridhi នៃ​សេវាកម្ម​ប្រឆាំងនឹង​ភេរវកម្ម​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយថា «​ពួក​ស្ត្រី​បានរួម​ប្រយុទ្ធ​ជាមួយ​កូនៗ​ពួកគេ​ដោយនៅ​ជិត​ពួក​ជន​សកម្មប្រយុទ្ធ​ទាំងនេះ​»​។​

​លោក​បាន​និយាយ​បន្ថែមថា «​ការណ៍​នេះ​នាំឱ្យ​យើង​មានការ​រារែក​មិន​ចង់​ប្រើការ​វាយប្រហារ​តាម​អាកាស​។ ប្រសិនបើ​គ្មាន​ការណ៍​នេះ​ទេ យើង​អាច​វាយ​កម្ចាត់​ពួកវា​បាន​ក្នុងពេល​តែ​ពីរ​បី​ម៉ោង​»​។​

​ពួក​អ៊ីរ៉ាក់​បាន​និយាយថា ជន​ស៊ីវិល​រាប់ពាន់នាក់​បាន​ជាប់គាំង​នៅក្នុង​ផ្នែក​ក្រុង​ចាស់​នៃ​ក្រុង Mosul ដែល​កាលពីមុន​មាន​ផ្លូវ​ច្រក​ខ្វាត់ខ្វែង​ចង្អៀត​ក្នុងចំណោម​អាគារ​ចាស់ៗ ក៏​ប៉​ន្តែ​នៅពេលនេះ​មាន​កម្ទេចកម្ទី​ពាសពេញ​។​

​មន្ត្រី​អ​.​ស​.​ប​.​ខាង​មនុស្សធម៌ Lise Grande បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា ផ្នែក​តូចៗ​នៃ​ក្រុង Mosul ដែល​កាន់កាប់​ដោយ​ពួក​រដ្ឋ​ឥស្លាម​អាចជា​ទីជម្រក «​របស់​ជន​ស៊ីវិល​១​ម៉ឺន​៥​ពាន់​នាក់ ហើយ​អាចមាន​ច្រើន​នាក់​រហូតដល់​២​ម៉ឺន​នាក់​ផងដែរ​»​។ ការ​ស្ទង់​ប្រមាណ​តួលេខ​នេះ​មិនបាន​ត្រូវ​បញ្ជាក់ថា ជា​ចំនួន​ពិត ដោយ​កង​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅឡើយ​ទេ ទោះណាជា​លោក​ឧ​ត្ត​ម​សេនីយ៍ al-Aridhi បាន​យល់ស្រប​ថា ពួក​ជន​ស៊ីវិល​កំពុងមាន​គ្រោះថ្នាក់​ធំ​ក៏ដោយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com