កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា​ហាលអាវ តែ​គ្រូ​ថា​ក្រុម​ធ្វើ​បានល្អ ទោះបី​មាន​កំហុស​ដដែលៗ​
20, Aug 2017 , 11:51 pm        
រូបភាព
ច្រឹង ពលរដ្ឋ (ឆ្វេង) និង ឆេង ម៉េង ព្យាយាមរារាំងកីឡាករថៃ Rattanakorn Maikami។ រូបថត NOCC/NagaWorld
ច្រឹង ពលរដ្ឋ (ឆ្វេង) និង ឆេង ម៉េង ព្យាយាមរារាំងកីឡាករថៃ Rattanakorn Maikami។ រូបថត NOCC/NagaWorld
គូឡាឡាំពួរ៖ ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បាន​បាត់បង់​ឱកាស​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ហើយ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ថៃ ៣-០ នៅ​កីឡដ្ឋាន MP Selayang Stadium នា​រាត្រី​ថ្ងៃទី​២០ ខែសីហា​។ លោក Leonardo Vitorino បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ថា កំហុស​ដដែល​របស់​កីឡាករ​បានធ្វើ​ឲ្យ​គូប្រជែង​មានប្រៀប និង​បន្ត​ការ​មានប្រៀប ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ បាន​វាយតម្លៃថា U22 កម្ពុជា មានការ​ប្រឹងប្រែង​ខ្ពស់​ក្នុងជំនួប​ជាមួយ​ថៃ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​។​

 
​ក្រោយ​ការវាយលុក​ជាច្រើនលើក U22 ថៃ មាន​គ្រាប់​បាល់​បញ្ចូល​ទី​ដំបូង​លើ​កម្ពុជា នៅ​នាទី​៣៥ បន្ទាប់ពី ច្រឹង ពលរដ្ឋ មិនអាច​ទាត់​បាល់​ឲ្យ​ចេញ​ឆ្ងាយ​ពីមុខ​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន​ន៍​។ ខ្សែប្រយុទ្ធ​ថៃ Picha Au-Tra ជា​អ្នក​សម្រាប់​ឱកាស​មាស​។​
 
​នៅ​នាទីចុងក្រោយ​នៃ​វគ្គ​ទីមួយ អាជ្ញាកណ្តាល​ឥណ្ឌា លោក Nagvenkar Tenas បានផ្តល់​កាត​ក្រហម ជា​បន្តបន្ទាប់​ដល់​ខ្សែបម្រើ​ថៃ Chaiyawat Buran និង​ខ្សែប្រយុទ្ធ​កម្ពុជា សុក សំណាង ក្រោយ​ការប៉ះទង្គិច​គ្នា​មួយ​។ ក្រុម​ទាំងពីរ​នៅសល់​គ្នា​១០​នាក់​រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​ក្នុង​វគ្គ​ទី​ពីរ​។​
 
​ខ្សែការពារ ណុប តុលា បាន​បង្កកំហុស​លើ​ខ្សែប្រយុទ្ធ​នៅក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ Nattawut Sombayotha បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​នៅ​នាទី​៧៦ ហើយ​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៨៧ នាំ​ឲ្យ​ថៃ​រក្សា​លទ្ធផល​ឈ្នះ ៣-០ រហូតដល់​បញ្ចប់​ការប្រកួត​។​
 
​នា​សន្និសីទ​សារព័ត៌មាន លោក Leonardo Vitorino បាន​ថ្លែង​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ដែល​លោក​ប្រើប្រាស់​ខ្សែការពារ​ក្រោម​៣​នាក់ ហើយ​តម្លើង​កម្លាំង​នៅ​តំបន់​បម្រើ​។ លោក​អះអាងថា​៖ «​នៅ​វគ្គ​ទីមួយ​យើង​ធ្វើ​បានល្អ ខណៈ​ថៃ មាន​ខ្សែបម្រើ​ស្លាប​ល្អ ខ្សែបម្រើ​ប្រកប​គុណភាព ប៉ុន្តែ​កំហុស​ដដែល​របស់​កីឡាករ​ដដែល​បានធ្វើ​ឲ្យ​គូប្រជែង​មានប្រៀប និង​បន្ត​ការ​មានប្រៀប​។ ពួកគេ​ជា​សំណព្វចិត្ត [Idol] របស់​ក្រុម​អ្នកគាំទ្រ ខ្ញុំ​គិតថា វា​ហាក់ដូចជា​លឿន​ពេក​ហើយ​សម្រាប់​ពួកគេ​ក្នុងការ​ក្លាយជា Idol »​។​
​ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ បាន​អះអាងថា ក្រុម​លោក​ធ្វើបាន​ល្អប្រសើរ​ហើយ​ក្នុងជំនួប​ជាមួយ​ក្រុម​ដែល​ពោរពេញ​ដោយ​គុណភាព​ដូចជា​ថៃ​។ «​ខ្ញុំ​ក៏​មិន​ខកចិត្ត​ជ្រុល​នោះដែរ យើង​ធ្វើ​បានល្អ​ហើយ ដោយ​ក្រុម​ទាំងមូល​បាត់បង់​សមាជិក​ឆ្នើម​៣​នាក់ ក្នុងនោះ ខ្សែការពារ​ម្នាក់​ជាប់​ពិន័យ​កាត​ក្រហម និង​២​នាក់​ទៀត​ត្រូវ​ត្រឡប់​ទៅ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូម [​អ៊ិន សូ​ដា​វីដ និង​សឿត បារាំង​] »​។ នេះ​ជាការ​លើកឡើង​របស់លោក Leonardo​។​
 
​រយៈពេល​៥​ឆ្នាំ​ដែល​លោក​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ និង​ឈុត​ស៊ី​ហ្គេម លោក Leonardo បាន​បញ្ជាក់ថា លោក​បានធ្វើការ​ជាមួយ​ឈុត​យុវជន​វ័យក្មេង​កម្ពុជា​នេះ ត្រឹម​២​ខែ ប៉ុន្តែ​លោក​មើលឃើញ​ពី​ការរីកចម្រើន​របស់​ពួកគេ​។​
 
U22 កម្ពុជា បាន​រង​បរាជ័យ​ជា​បន្តបន្ទាប់​សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ ដោយ​បើកឆាក​ចាញ់​ហ្វីលីពីន ២-០ បន្ត​ចាញ់​វៀតណាម ៤-១ និង​ចាញ់​ថៃ ៣-០ ។ បរាជ័យ​ទាំងបី​ប្រកួត​ជាប់ៗ​គ្នា បាន​នាំ​ឲ្យ​កម្ពុជា បាត់បង់​កៅអី​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​វគ្គ​បន្ត​។​
 
​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែសីហា U22 កម្ពុជា ត្រូវ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត ដែលជា​ក្រុម​ហាលអាវ​ដូចគ្នា​។ នា​ការប្រកួត​បី​លើក​កន្លងមក ទី​ម័​រ​ខាងកើត ចាញ់​វៀតណាម ៤-០ ចាញ់​ថៃ ១-០ និង​ចុងក្រោយ​ចាញ់​ឥណ្ឌូណេស៊ី ១-០ ៕

Tag:
 SEA Games 2017
  U22 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com