កីឡាជាតិ
ជាតិ
ប្រដាល់សកល​ដាក់​ក្តី​រំពឹង​មេដាយ​លើ​ហ្វី​លី​ក និង​សៀក​និ​ន ក្រោយ​កីឡាករ​៣​រូប​រង​បរាជ័យ​
21, Aug 2017 , 12:05 pm        
រូបភាព
ហង្ស រ៉ាម៉ន (ខៀវ) បានចាញ់កីឡាករថៃដោយពិន្ទុ។ រូបថត៖ NOCC/NagaWorld
ហង្ស រ៉ាម៉ន (ខៀវ) បានចាញ់កីឡាករថៃដោយពិន្ទុ។ រូបថត៖ NOCC/NagaWorld
​កីឡាករ សាន តុលា កីឡាករ ហង្ស រ៉ា​ម៉ន និង​កីឡាករ ផល សុ​ភ័​ណ្ឌ សុទ្ធតែ​រង​នូវ​ការខកចិត្ត​រៀងៗ​ក្នុងការ​ប្រកួត​កីឡាប្រដាល់​សកល​នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ម៉ាឡេស៊ី កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២០ ខែសីហា នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC ។ នៅ​ទីតាំង​ដដែល​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ កីឡាករ​២​រូប​ទៀត នឹង​ចាប់ផ្តើម​ការប្រកួត​រប​ស់​ខ្លួន ដោយ​រំពឹង​បោះជំហាន​ទៅ​ដណ្តើម​មេដាយ​លើ​ប្រភេទ​កីឡា​នេះ​។​

 
​នា​ការប្រកួត​នៅលើ​សង្វៀន​នៃ​មជ្ឈមណ្ឌល MiTEC កាលពី​ថ្ងៃអាទិត្យ សាន តុលា បាន​ប្រកួត​ចាញ់​កីឡាករ​វៀតណាម Huynh Ngoc Tan លើ​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម នៅក្នុង​ទឹក​ទី​១ បន្ទាប់មក ហង្ស រ៉ា​ម៉ន ចាញ់​ពិន្ទុ​កីឡាករ​ថៃ Tanes Ongjunta ក្នុង​ទម្ងន់​៥២​គីឡូក្រាម​។​
 
​កីឡាករ ផល សុ​ភ័​ណ្ឌ ដែល​ត្រូវបាន​ចាត់ទុកជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា បាន​រង​នូវ​ការខកចិត្ត​ក្នុង​ទឹក​ទី​ពីរ ក្រោម​កណ្តាប់ដៃ​របស់​កីឡាករ​ថៃ Wuttichai Masuk ដែលជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ពីរ​សម័យកាល​ជាប់ៗ​គ្នា Asian Games ឆ្នាំ​២០១៤ រួមទាំង​ជើងឯក​អាស៊ី​២​លើក​។​
 
​យោងតាម​កម្មវិធី​ប្រកួត​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នា​ល្ងាច​ថ្ងៃទី​២១ ខែសីហា នេះ ណាត សៀក​និ​ន ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​សិង្ហ​បុរី ក្នុង​ទម្ងន់​៥៦​គីឡូក្រាម មុន​ពេលដែល​កីឡាករ​ដើមកំណើត​គុយបា ហ្វី​លី​ក ម៉ឺ​លីន ម៉ា​ទីន តទល់​ជាមួយ​កីឡាករ​ហ្វីលីពីន ក្នុង​ប្រភេទ​ទម្ងន់ ៨១​គីឡូក្រាម​៕ 

Tag:
 SEA Games 2017
  ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com