ជាតិ
ភរិយាលោក ហុង សុខហួរ មិនជាប់ជាសមាជិកគណៈកម្មការព្រឹទ្ធសភាផ្នែកប្រឆាំងអំពើពុករលួយ លោកស្រី គុណ លំអង ប្រធានចលនាស្រ្តីនៃគណបក្សសង្គ្រោះជាតិ និងជាភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា។ រូបភាពពីគណនីហ្វេសបុក Lum Ang Cnrp
× ភ្នំពេញ៖ លោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាផ្លូវការ។ ព្រឹទ្ធសភា បានប្រកាសទទួលស្គាល់លោកស្រី ក្នុងកិច្ចប្រជុំវិសាមញ្ញនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧នេះ។
លោកស្រី គុណ លំអង ក៏បានឈរឈ្មោះធ្វើជាសមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ផងដែរ។ ប៉ុន្តែ លោកស្រី ពុំបានជាប់ឆ្នោតនោះទេ ដោយសារទទួលសំឡេងគាំទ្រមិនគ្រប់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា លោកស្រី គុណ លំអង បានទទួលសំឡេងគាំទ្រតែ ១៨ប៉ុណ្ណោះ ដែលតិចជាងមតិភាគច្រើនដាច់ខាត (៥0+១)។
សូមបញ្ជាក់ថា លោកស្រី គុណ លំអង ត្រូវបានគណបក្ស សម ង្ស៊ី ស្នើឲ្យធ្វើជាសមាជិកព្រឹទ្ធសភា ជំនួសស្វាមីរបស់លោកស្រី គឺលោក ហុង សុខហួរ។ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្រោមបទចោទ «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម៕
Tag:
ហុង សុខហួរ
គុណ លំអង
ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com