អន្តរជាតិ
១០ នាក់​បាត់​ខ្លួន និង​៥​នាក់​របួស​ក្រោយ​នាវាចម្បាំង​អាមេរិក​បុក​កប៉ាល់​ដឹកទំនិញ​
21, Aug 2017 , 8:19 pm        
រូបភាព
ដោយ:
​នាវាចម្បាំង​អាមេរិក USS John S McCain បាន​បុក​កប៉ាល់ជំនួញ​Alnic MC​កាលពី​ម៉ោង​៦:២៤​នាទី​នៅ​ថ្ងៃទី​២១​ខែសីហា​ខណៈពេល​ធ្វើដំណើ​រ​នៅលើ​ផ្លូវទឹក​ឆ្នេរសមុទ្រ​ខាងកើត​សិង្ហ​បុរី​ទៅកាន់​កំពង់ផែ​ដូច​រាល់ដង​។​ឧប្បត្តិ​ហេតុនេះ​បានធ្វើ​ឲ្យ​មនុស្ស​ប្រាំ​នាក់​ត្រូវរបួស និង​ដប់​នាក់​ទៀត​បាត់​ខ្លួន​។​



​មនុស្ស​ដប់​នាក់​បាន​បាត់​ខ្លួន និង​ប្រាំ​នាក់​ទៀត​រងរបួស ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​រវាងកប៉ាល់​ដឹកទំនិញ Alnic MC ដែលមាន​ប្រវែង​១៨០​ម៉ែត ជាមួយ​នាវាចម្បាំង​អាមេរិក USS John S McCain ព្រឹក​ថ្ងៃ​ចន្ទ​។ នាវា​ដឹកទំនិញ​នេះ​ធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ​ខាងកើត​សិង្ហ​បុរី​ទៅកាន់​កំពង់ផែ​ដូច​រាល់​ដងនោះ មុន​ប៉ះ​ជាមួយ​នាវាចម្បាំង​អាមេរិក​ដែល​ធ្វើដំណើរ​ពី​ឆ្នេរសមុទ្រ​ខាងកើត​សិង្ហ​បុរី​ទៅកាន់​ច្រក​សមុទ្រ​Malacca​។​

​កងទ័ពជើងទឹក​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ពី​ការ​ខូ​ត​ខាត និង​ចំនួន​មនុស្ស​បាត់​ខ្លួន ឬ​រងរបួស​ពេល​ដោយសារ​ការប៉ះទង្គិច​គ្នា​នេះ​។ ចំណែក​នាវាចម្បាំង​អាមេរិក​រង​ការខូចខាត​ផ្នែក​ខាងក្រោយ ហើយ​ឧប្បត្តិ​ហេតុនេះ​នឹង​ត្រូវគេ​ស្រាវជ្រាវ​បន្ថែម​ឲ្យ​បានច្បាស់លាស់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​បាន​ទទួលស្គាល់ថា មាន​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ពិតមែន​នៅក្នុង​ដែនទឹក​សិង្ហ​បុរី​។  ក្រោយ​មាន​គ្រោះថ្នាក់​នេះ ក្រុម​ស្រាវជ្រាវ និង​ជួយសង្គ្រោះ​ក្នុង​តំបន់​បន្ត​សហការ​ជាមួយនឹង​អាជ្ញាធរ​ក្នុងស្រុក​ផងដែរ​ដើម្បី​សង្គ្រោះ​និង​ស្វែងរក​អ្នក​បាត់​ខ្លួន​។ ម៉ាឡេស៊ី​ដែល​នៅ​ជិតខាង​នោះ​ក៏បាន​បញ្ជូន​កប៉ាល់​ទៅ​ជួយសង្គ្រោះ​ផងដែរ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា គេហទំព័រ MarineTraffic ពណ៌នា​ថា កប៉ាល់​ដឹកទំនិញ Alnic MC ជា​នាវា​សម្រាប់​ដឹកជញ្ជូន​សារធាតុ​គីមី និង​ប្រេង​ដែលមាន​ប្រវែង​១៨០​ម៉ែត និង​មាន​ទម្ងន់​ជាង​៥​ម៉ឺន​តោន​។​

​សូម​ជម្រាប​ដែរ​ថា នេះ​ជា​ឧប្បត្តិហេតុ​លើក​ទី​២​ហើយ​ដែល​នាវាចម្បាំង​អាមេរិក​បាន​ប៉ះទង្គិច​នឹង​កប៉ាល់​ដឹកទំនិញ​ផ្សេងៗ​។ កាលពី​ខែមិថុនា នាវាចម្បាំង​អាមេរិក USS Fitzgerald ក៏បាន​ប៉ះទង្គិច​ជាមួយ​កប៉ាល់​ដឹកទំនិញ​ហ្វីលីពីន​នៅ​ជិត​ឆ្នេរសមុទ្រ​ជប៉ុន​ដែរ ហើយ​វា​បាន​បង្ក​ឲ្យ​មនុស្ស​ប្រាំពីរ​នាក់​ស្លាប់​៕


Tag:
 USS John S McCain
  សិង្ហ​បុរី​
 ​ Alnic MC
© រក្សាសិទ្ធិដោយ thmeythmey.com