អន្តរជាតិ
​សភា​ហ្វីលីពីន​បញ្ជា​ឲ្យ​ស៊ើប​រឿង​ប៉ូលិស​សម្លាប់​ក្មេងប្រុស​ម្នាក់​ក្នុង​សង្គ្រាម​គ្រឿងញៀន​ក្រោយ​ប្រជាជន​ផ្ទុះ​កំហឹង​
21, Aug 2017 , 9:39 pm        
រូបភាព
រូបភាព៖ គណនីហ្វេសប៊ុក Ezra Acayan
រូបភាព៖ គណនីហ្វេសប៊ុក Ezra Acayan
​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​បានអនុម័ត​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ផ្លូវការ​ក្នុងករណី​សម្លាប់​កុមារ​ម្នា​ក់វ័យ ១៧ ឆ្នាំ​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​សប្តាហ៍​មុន​។ ការដាក់​បញ្ជា​ឲ្យ​ស៊ើបអង្កេត​នេះ​កើតឡើង​ក្រោយ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ប្រតិកម្ម និង​តវ៉ា​ខ្លាំងៗ​ទាមទារ​រក​យុត្តិធម៌ ក្រោយ​កុមារ​ឈ្មោះ​Kian Loyd Delos Santos ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្រោម​ហេតុផល​បង្ក្រាប​គ្រឿងញៀន​។ ឪពុកម្តាយ​ជនរងគ្រោះ​បាន​អះអាងថា កុមារ Kian មិនមាន​ជាប់​ពាក់ព័ន្ធ​រឿង​ជួញដូរ​គ្រឿងញៀន និង​មាន​អាវុធ​បាញ់​តបត​ជាមួយ​ប៉ូលិស​ឡើយ​។



​ករណី​ប៉ូលិស​បាញ់សម្លាប់​កុមារ​ឈ្មោះ​Kian Loyd Delos Santos វ័យ ១៧​ឆ្នាំ ជនជាតិ​ហ្វីលីពីន និង​ជា​ជា​សិស្ស​ថ្នាក់​ទី ១១ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​កាលពី​សប្តាហ៍​មុន បានធ្វើ​ឲ្យ​ប្រជាជន​ហ្វីលីពីន​ផ្ទុះ​កំហឹង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ស្វែងរក​យុត្តិធម៌​ដល់​កុមារ​រូបនេះ​ដែរ​។

​សារព័ត៌មាន​ហ្វីលីពីន Inquirer បាន​ចុះផ្សាយ​ថា ពាក់ព័ន្ធ​ការស្លាប់​នេះ សាក្សី​ជាច្រើន​នាក់​នៅ​កន្លែងកើតហេតុ​អះអាងថា ប៉ូលិស​បាន​ចាប់​ក្មេងប្រុស​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ​ទៅ​កន្លែង​ស្ងាត់ ហើយ​បន្ទាប់​ប្រគល់​កាំភ្លើង​ឲ្យ​ក្មេងប្រុស​នោះ ហើយ​បញ្ជា​ឲ្យ​គេ​រត់​។​ប៉ុន្តែ​ក្មេងប្រុស​បាន​សូម​អង្វរ​ប៉ូលិស​ដូច្នេះ​ថា ៖«​កុំៗ​! សូមកុំ​សម្លាប់​ខ្ញុំ​។ ស្អែក​ខ្ញុំ​ត្រូវ​ប្រលង​ទៀត​»​។  ទោះ​ក្មេងប្រុស​រូបនេះ​អង្វរ​ក៏ដោយ គេ​ក៏ត្រូវ​ប៉ូលិស​បាញ់សម្លាប់​កុមារ​រូបនេះ​ដដែល​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​ថ្លែងប្រាប់​សារព័ត៌មាន Rappler ទាំង​យំសោក​ថា កូន​ខ្លួន​គ្មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​អ្វី​ឡើយ ហើយក៏​គ្មាន​អាវុធ​ដែរ​។ រាល់ថ្ងៃ​គេ​ត្រឹម​លក់​ស្ករ​គ្រាប់​ដើម្បី​យកលុយ​ទៅ​រៀន​ប៉ុណ្ណោះ​។ ពួកគេ​ក៏បាន​អំពាវនាវ​យ៉ាងទទូច​ទៅកាន់​រដ្ឋបាល​លោក ឌូ​ទើ​តេ ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគេ​និង​កូនប្រុស​ដែល​ស្លាប់បាត់​បង់ជីវិត​ទាំង​មិនដឹង​អ្វី​សោះ​នោះ​។  យ៉ាងណាក៏ដោយ ឯខាង​ប៉ូលិស​អះអាងថា ក្មេងប្រុស​វ័យ ១៨​ឆ្នាំ​រូបនេះ​មាន​អាវុធ​ក្នុង​ដៃ និង​បាន​បាញ់​លើ​សមត្ថកិច្ច​មុន​ទើបបាន​ជាមាន​ការបាញ់​តបត​រហូត​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​។​

​ក្រោយ​មានប្រតិកម្ម​ច្រើន រដ្ឋបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​បានចេញ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ករ​ណី​បាញ់សម្លាប់​ជនស្លូតត្រង់​នេះដែរ​។ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ernesto Abella បាន​ថ្លែងថា​៖ ឧបទ្ទវ​ហេតុដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត​នេះ​បានធ្វើ​សាធារណៈជន​ហ្វីលីពីន​សោកសង្រេង និង​ក្រៀមក្រំ​ពេក​ក្រៃ ហើយ​វា​ក៏​តម្រូវ​ឲ្យ​សមត្ថកិច្ច​ដែល​អនុវត្ត​តួនាទី​និង​អំណាច​របស់ខ្លួន​ដោយ​ធ្វេសប្រហែស​នោះ​ទទួលខុសត្រូវ​ផងដែរ​»​។​

​អ្នកនាំពាក្យ​ខាងលើ​បាន​បន្ថែមថា ប្រធានាធិបតី​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​មួយ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ និង​ចៀសវាង​ឲ្យ​បាន​នូវ​បញ្ហា​ដែល​មិនគួរ​កើតឡើង​ដូចជា​ការស្លាប់​របស់​ជ​ន​ស៊ីវិល​មិនដឹង​ដែរ​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន​នៅតែ​មិន​បោះ​បញ្ឈប់​សង្គ្រាម​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​អស់​ជាង បី​ពាន់​នាក់​នេះ​ជាដាច់ខាត ទោះ​មានការ​ស្នើសុំ​ផង និង​ថ្កោលទោស​ផង​ក៏ដោយ​។​

​សមាជិក​ព្រឹទ្ធសភា​ថ្កោលទោស និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ផ្លូវការ​

​សារព័ត៌មាន​ហ្វីលីពីន Inquirer បាន​ចុះផ្សាយ​ថា ថ្ងៃ​ចន្ទ​ទី ២១ ខែសីហា​នេះ សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​បាន​ឯកភាពគ្នា​សម្រេច​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​សាធារណៈ​មួយ​ពាក់ព័ន្ធ​ការបាញ់សម្លាប់​ក្មេងប្រុស​វ័យ ១៧​ឆ្នាំ​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​នៅ​ក្រុង Calooncan កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។ ការសម្រេច​បែបនេះ​កើតឡើង​ក្រោយពេល​ប្រជាជន​ហ្វី​លី​ពី​ផ្ទុះ​កំហឹង និង​នាំគ្នា​ទិតៀន​អាជ្ញាធរ​ជុំវិញ​ករណី​បាញ់សម្លាប់​ក្មេងប្រុស​ដែល​គេ​ចាត់ទុកជា​ជនស្លូតត្រង់​នោះ​។​

​តាមពិតទៅ​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ទាំង​នោះបាន​ចុះហត្ថលេខា​លើ​ដំណោះស្រាយ​មួយ​សំដៅ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី ២០ សីហា​ម្សិលមិញ​។ ដំណោះស្រាយ​នោះ​នោះបាន​ដាក់​បញ្ជា​ឲ្យ​គណៈកម្មការ​ពាក់ព័ន្ធ​ចាប់​ផ្តើ​ន​ការស៊ើបអង្កេត​មួយ​ពេញលេញ​ដើម្បី​កំណត់​អ្នក​ទទួលកំហុស​ក្នុងចំណោម​ក្រុមប៉ូលិស​ជាតិ​ហ្វីលីពីន​ដែល​កំពុង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​នោះ​រហូតដល់​បង្ក​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់​បែបនេះ​នោះ​។

​បើតាម​សារព័ត៌មាន Inquirer ដំណោះស្រាយ​នោះបាន​បញ្ជាក់​ដូច្នេះ​៖« ក្នុងការ​អនុវត្ត​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រដ្ឋបាល​លោក ឌូ​ទើ​តេ  រដ្ឋាភិបាល​នេះ​ត្រូវតែ​ធានា​ឲ្យ​បាន​ថា គ្មាន​ជន​ស៊ីវិល​ស្លូតត្រង់​ត្រូវ​រង​ការគំរាមកំហែង ហើយ​អ្នក​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ទាំង​ក្នុង​ស្ថាប័ន​ប៉ូលិស និង ភ្នាក់ងារ​រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រាល់​បទឧក្រិដ្ឋ​ដែល​ខ្លួន​ប្រព្រឹត្ត​ផងដែរ​»​។​

​ក្រៅពីនេះ សមាជិកសភា​ក៏​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​រដ្ឋាភិបាល​ហ្វីលីពីន​បន្ត​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​រាល់​ករណី​ឧបទ្ទវ​ហេតុដែល​ប្រហាក់ប្រហែល​នឹង​ការស្លាប់​របស់​កុមារ Kian ដែរ ក្នុងពេលដែល​គេ​បន្ត​អនុវត្ត​សង្គ្រាម​គ្រឿងញៀន​នោះ​៕

Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Kian Loyd Delos Santos
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com