ជាតិ
សេដ្ឋកិច្ច
RDB ដាក់​ឲ្យ​ដេញថ្លៃ​គម្រោង​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​នៅ​ខេត្ត​ចំនួន​បី​បន្ថែមទៀត​
21, Aug 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បាន​លើក​គម្រោង​អភិវឌ្ឍ និង​ធ្វើ​ប្រតិបត្តិការ​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត នៅ​ខេត្ត​ចំនួន​បី​បន្ថែមទៀត បន្ទាប់ពី​មាន​គម្រោង​ដូចគ្នានេះ នៅ​ខេត្តបាត់ដំបង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ RDB នៅ​ថ្ងៃទី​១៨​ខែសីហា​។​



RDB បានប្រកាស​ឲ្យ​ក្រុមហ៊ុន​មានបទពិសោធន៍​ពាក់ព័ន្ធ​វិស័យ​ស្រូវ​អង្ករ ដែលមាន​ចំណាប់អារម្មណ៍ ចូលរួម​ដេញថ្លៃ​គម្រោង​អភិវឌ្ឍ និង​ធ្វើ​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក​ស្រូវ ចាប់ពី ៥០០០០​តោន​ឡើងទៅ និង​ឡស​ម្ងួ​ត​ស្រូវ​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​បាន​ចាប់ពី ១៥០០​តោន​ឡើងទៅ​ក្នុង​មួយថ្ងៃ នៅ​ទីតាំង​ខេត្តកំពង់ធំ ព្រៃវែង និង​ខេត្តតាកែវ​។

​ចំពោះ​បរិមាណ និង​ទំហំ​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត អាចមាន​ការប្រែប្រួល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​។ នេះ​ជាការ​បញ្ជាក់​របស់​សេចក្ដី​ជូនដំណឹង​ខាងលើ​។​
​សេចក្ដីជូនដំណឹង​រប​ស់ RDB មិនបាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​សម្រាប់​គម្រោង​ទាំងនេះ​ទេ ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល​បាន​អះអាងថា​ខ្លួន​នឹង​បញ្ចេញ​ថវិកា​ចំនួន ៣០​លាន​ដុល្លារ​សម្រាប់​គម្រោង​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត នៅ​ខេត្ត​ចំនួន​បួន​។​

​កាលពីដើម​ឆ្នាំនេះ ធនាគារ​ស្រូវ​របស់ លោក ភូ ពុ​យ ត្រូវបាន​ជ្រើសរើស​សម្រាប់​គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត នៅ​ខេត្តបាត់ដំបង ដែល​នេះ​ជា​គម្រោង​ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល តាមរយៈ​ការផ្ដល់​ឥណទាន​ដោយ RDB ក្នុង​ទឹកប្រាក់ ១០​លាន​ដុល្លារ​។ ហើយ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត មួយ​នេះ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ​។ 

​សេចក្ដីជូនដំណឹង​បញ្ជាក់ថា ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ ត្រូវដាក់​សំណើ​មក RDB ត្រឹម​ថ្ងៃទី​៨ ខែកញ្ញា​ឆ្នាំនេះ​។ ហើយ​សំណើ​ទាំងនោះ​នឹងត្រូវ​វាយតម្លៃ​ដោយ​ក្រុមហ៊ុន Mekong Strategic Partners ៕


Tag:
 ឃ្លាំង​ស្តុក​ស្រូវ​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com