អន្តរជាតិ
អាសាដ ថា​លោក​មិន​ចាប់ដៃ​លោកខាងលិច​ទេ បើ​ពួកគេ​មិន​ឈប់​គាំទ្រ​ក្រុម​ភេរវជន​
22, Aug 2017 , 7:39 am        
រូបភាព
​មេដឹកនាំ​ស៊ី​រី បា​សា អាល់​អាសាដ បានប្រកាសថា រាល់​ការសន្ទនា​រវាង​រដ្ឋាភិបាល​លោក ជាមួយ​លោកខាងលិច​អាចធ្វើ​ទៅរួច ដរាបណា​លោកខាងលិច​ព្រម​លះបង់​ចេតនា​អាក្រក់​គាំទ្រ​ក្រុម​ភេរវជន​ទៀត​។ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​កំពុង​មានប្រៀប​ក្នុង​សង្គ្រាម ហើយ​កងទ័ព​រដ្ឋាភិបាល​បាន​ដណ្តើម​ទឹកដី​ភាគច្រើន​ត្រឡប់មកវិញ​កន្លងមក​រយៈពេល​ចុងក្រោយ​នេះ​។​



​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ បានបញ្ជាក់​ជាថ្មី​ក្នុង​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួងការបរទេស​ថា ការសន្ទនា​ជាមួយ​បណ្តា​លោកខាងលិច និង​សម្ព័ន្ធមិត្ត​អាចធ្វើ​ទៅបាន​ដរាបណា​ពួកគេ​ឈប់​គាំទ្រ​ភេរវជន​ជាមុនសិន​។ ការលើកឡើង​នេះ​ចំពេល​ដែលមាន​ការសន្និដ្ឋាន​ថា ស៊ី​រី​អាច​នឹង​ចាប់ដៃ​ជាមួយ​លោកខាងលិច​ដូចជា​អាមេរិក និង​សម្ព័ន្ធមិត្ត​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​របស់លោក អាសាដ ដូច្នេះ​ថា​៖«​យើង​គួរ​និយាយ​ឲ្យ​ច្បាស់លាស់​ថា វា​នឹង​មិនមាន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាដាច់ខាត និង​រួមទាំង​ការបើក​ស្ថានទូត ឬ​ការផ្តល់​ឲ្យ​ប្រទេសមួយ​មាន​តួនាទី​ចូលរួម​ក្នុងការ​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី មុន​ពេលដែល​ពួកគេ​ផ្តាច់ទំនាក់ទំនង​និង បញ្ចប់​ការគាំទ្រ​ក្រុម​ភេរវជន​នោះ​។ ពេលដែល​គេ​ធ្វើបែបនេះ ហើយ យើង​អាច​និយាយ​គ្នា​រឿង​បើក​ស្ថានទូត​បាន​»​។​

​ក្រៅពី​បង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​លោកខាងលិច លោក អាសាដ ក៏បាន​លើកឡើង​ពី​ជ័យជម្នះ​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​កម្ចាត់​ភេរវកម្ម​ដែរ​។ លោក​សន្យាថា ការ​កម្ចាត់​ភេរវកម្ម​នឹង​បន្ត​រហូតដល់​ទាហាន​លោក​បោសសម្អាត​ក្រុម​ភេរវជន​នេះ​អស់ពី​ស៊ី​រី​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា នៅពេលនេះ​គេ​មិនទាន់​អាច​និយាយ​ពី​ជ័យជម្នះ​បានឡើយ​ព្រោះ​បញ្ហា​នៅសល់​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។​

« ទាហាន​របស់​យើង​សម្រេចបាន​ជោគជ័យ​ច្រើន​ជា​បន្តបន្ទាប់​ក្នុងការ​ក​ម្ចាស់​ភេរវជន​។ យើង​នឹង​បន្ត​វាយប្រហារ​លើ​ក្រុម​ភេរវជន​ទៀត​រហូតដល់​កម្ចាត់​ក្រុម​នេះ​អស់ពី​ទឹកដី​ស៊ី​រី​។ ប៉ុន្តែ​វា​នៅតែ​ជា​រឿង​រហ័ស​ពេក​ដែល​ត្រូវ​និយាយ​រៀង​ជ័យជម្នះ ព្រោះ​សង្គ្រាម​នៅ​បន្ត​នៅឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាសាដ​។

​យ៉ាងណា​ក៏ដោយចុះ មេដឹកនាំ​រូបនេះ​បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​មហាមិត្ត​របស់ខ្លួន​មានដូចជា​រុស្ស៊ី អ៊ីរ៉ង់ និង​ក្រុម​ហេ​ស្បូ​ឡា ដែល​បានរួម​ចំណែក​សំខាន់​ក្នុងការ​សង្គ្រោះ​របប​ដឹកនាំ​លោក​ពី​ក្រញាំ​ភេរវជន​និង​លោកខាងលិច​។

​លោក អាសាដ​បាន​បន្តថា​៖ «​ដោយសារ​ការគាំទ្រ​ដោយផ្ទាល់​ពី​មិត្ត​របស់​យើង​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា​ផង​នោះ បានធ្វើ​ឲ្យ​យើង​អាចឈរជើង​ជាប់​ដល់​បច្ចុប្បន្ន និង មានប្រៀប​ក្នុង​សង្គ្រាម​។​ដូច្នេះហើយ​ពួកគេ​ជា​ដៃគូ​របស់​យើង​ក្នុងការ​សម្រេចបាន​ជោគជ័យ​ច្រើន និង​ឈានទៅ​កម្ចាត់​ក្រុម​ភេរវជន​»​។​


Tag:
 បា​សា អាល់​អាសាដ​
  ស៊ី​រី​
  អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com