អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​សុំទោស​ប្រជាជន​ជុំវិញ​ការ​រាលដាល​ស៊ុតមាន​ថ្នាំ​សម្លាប់​សត្វល្អិត​
21, Aug 2017 , 11:19 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​សុំទោស​ប្រជាជន​ទាំងអស់​ជុំវិញ​រឿងអាស្រូវ​នៃ​ការ​សាយភាយ​ស៊ុត​ដែលមាន​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព​។ លោក មូ​ន ចេ​អ៊ី​ន ក៏​ណែនាំ​ឲ្យ​មានការ​ចាត់វិធានការ​មូលដ្ឋាន​ដែល​ចាំបាច់​សំដៅលើ​កម្ពស់​សុវត្ថិភាព​ចំណីអាហារ និង​បរិស្ថាន​ចិញ្ចឹមសត្វ​ផងដែរ ដើម្បី​ចៀសវាង​បញ្ហា​កើតឡើង​ម្ដងទៀត ព្រោះ​វិធានការ​ឆ្លើយតប​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​



​រឿងអាស្រូវ​ការ​រាលដាល​ស៊ុតមាន​ថ្នាំ​សម្លាប់​សត្វល្អិត កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នៅ​កូរ៉េខាងត្បូង និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន រង​ការរិះគន់​យ៉ាងខ្លាំង​ដូចគ្នា​ដែរ​។ លោក មូ​ន ចេ​អ៊ី​ន បាន​សុំ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាជន​កូរ៉េខាងត្បូង​ចំពោះ​បញ្ហា​នេះ ដោយបាន​ទទួលស្គាល់ថា បញ្ហា​នេះ​មិន​ត្រឹម​ប៉ះពាល់​អ្នកប្រើប្រាស់​ទូទៅ​ឡើយ តែ​ក៏បង្ក​ការខូចខាត​ដល់​កសិក​រ ម្ចាស់​ភោជនីយដ្ឋាន និង​ម្ចាស់​កសិដ្ឋាន​ធំៗ​ឯទៀត​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២១ ខែសីហា លោក មូ​ន ចេ​អ៊ី​ន បានទទួល​ស្គាល់​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាជន​។ យ៉ាងណាក្ដី ប្រធានាធិបតី​ទើប​កាន់តំណែង​បាន​១០០​ថ្ងៃ​រូបនេះ​បាន​និយាយ​ដែរ​ថា ការខ្វះខាត​ជំនាញ​របស់​ស្ថាប័ន​ពាក់ព័ន្ធ និង​ការបង្ក​កំហុស​ក្នុងការ​ដោះស្រាយ​បញ្ហា កាន់តែ​ធ្វើ​ឲ្យ​ប្រជាជន​ព្រួយបារម្ភ​កាន់តែខ្លាំង​។​

​ជុំវិញ​បញ្ហា លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ណែនាំ​ឲ្យ​ត្រួតពិនិត្យ​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​ក្នុង​ឧស្សាហកម្ម​ចិញ្ចឹមសត្វ​ទាំងមូល​ឡើងវិញ និង​ត្រូវ​ចាត់​វិធាន​ដោះស្រាយ​ឲ្យ​បាន​លឿន ក៏ដូចជា​ត្រូវ​ធានាថា​ប្រជាជន​អាច​ជឿ​ទុកចិត្តបាន​ទៀតផង​។ ដោយ​ចាត់ទុក​សុវត្ថិភាព​ចំណីអាហារ​ជា​បញ្ហា​ប៉ះពាល់​សុខភាព​ប្រជាជន​ផ្ទាល់ ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​បង្គាប់​ឲ្យ​មានការ​ចេញផ្សាយ​ព័ត៌មាន​លម្អិត​ស្ដីពី​វិធានការ​របស់​រដ្ឋាភិបាល​ផងដែរ​។​

​ការសុំ​ទោស​របស់​មេដឹកនាំ​កូរ៉េខាងត្បូង ធ្វើឡើង​បន្ទាប់​ក្រសួងកសិកម្ម​ប្រទេស​នេះ​ប្រកាស​ពី​ការរកឃើញ​ស៊ុតមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចំនួន​បី ដែល​ធ្វើ​ឲ្យ​ចំនួន​កសិដ្ឋាន​ប្រើប្រាស់​ថ្នាំ​គីមី​កើន​ដល់​៥២​ហើយ​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ប្រកាស​ហើយ​ថា ស៊ុត​ទាំងអស់​ដែល​មកពី​កសិដ្ឋាន​ទាំង​៥២​កន្លែង នឹងត្រូវ​រឹបអូស ហើយ​បំផ្លាញចោល​តែម្ដង​។ បន្ទាប់ពី​ការ​បែកធ្លាយ​រឿងអាស្រូវ​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏​ចាត់វិធានការ​ត្រួតពិនិត្យ​កសិដ្ឋាន​ទាំងអស់​។​

​រដ្ឋាភិបាល​លោក មូ​ន ចេ​អ៊ី​ន រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កូរ៉េខាងត្បូង ព្រោះ​គ្មាន​សមត្ថភាព​ទប់ស្កាត់​ការ​សាយភាយ​ស៊ុតមាន​ផ្ទុក​ជាតិគីមី​បាន ក៏ដូចជា​មិនបាន​ត្រួតពិនិត្យ​គុណភាព​ស៊ុត​ឲ្យ​បាន​ដិតដល់​ផងដែរ​។ យ៉ាងណាក្ដី ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​ក៏​បញ្ជាក់ដែរថា សារធាតុ​គីមី​ដែល​រកឃើញ​ក្នុង​ស៊ុត​ទាំងនោះ អាច​បង្ក​គ្រោះថ្នាក់​តិចតួច​សម្រាប់​សុខភាព​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ការប្រមូល​ស៊ុតមាន​ថ្នាំ​គីមី​នឹង​នៅតែ​បន្តធ្វើ​ដើម្បី​កម្ទេចចោល​៕ 


Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com