ជាតិ
គ​.​ជ​.​ប ត្រៀម​ថវិកា​ប្រមាណ ៥២​លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​
22, Aug 2017 , 7:59 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត​ កាលពីកន្លងទៅ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត​ កាលពីកន្លងទៅ។
​ភ្នំពេញ​៖ ថវិកា​ប្រមាណ ៥២​លាន​ដុល្លារ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាននៅ​ក្នុង​ដៃ ដើម្បី​ចំណាយ​ទាំងស្រុង លើ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។​



​លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថវិកា​ប្រមាណ ៥២​ដុល្លារ​នេះ គឺ​បានមកពី​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ពី​បណ្តា​ប្រទេស​ជា​ម្ចាស់ជំនួយ ដូចជា​សហភាព​អឺរ៉ុប ជប៉ុន និង​ចិន រួមទាំង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត ដូចជា​អង្គការ​របស់​សហរដ្ឋ​អាមេរិក ជាដើម​។ លោក បញ្ជាក់ថា គ​.​ជ​.​ប មិន​ខ្វះខាត​ផ្នែក​ថវិកា​ឬក៏​សម្ភារ​បច្ចេកទេស សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ នោះទេ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ សង្កត់ធ្ងន់ថា​៖«​ថវិកា​ប៉ុណ្ណឹង គឺ​គ្រប់គ្រាន់​ហើយ​។ ហើយ​សម្ភារ​បច្ចេកទេស​ខ្លះ យើង​កំពុង​ជួសជុល​។ យើង​បាន​ត្រៀម​អស់ហើយ មិនមាន​បញ្ហា​អ្វី​ទេ​»​។​
​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ជាង​២៥​លាន​ដុល្លារ សម្រាប់​ការចាយវាយ​លើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កន្លងទៅ​។ ហើយ​ថវិកា​ទាំងនេះ បានមកពី​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ជា​ម្ចាស់ជំនួយ ដូចគ្នា​៕


Tag:
 បោះឆ្នោតជាតិ​
  គជប​
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com