អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ព្រួយបារម្ភ​ខ្លាំង​ដែល​ប្រជាជន​ខ្លួន​កើត​ជម្ងឺ​ទឹកនោមផ្អែម
22, Aug 2017 , 8:39 am        
រូបភាព
រូបភាព៖ គណនីហ្វេសប៊ុកផ្លូវការលោកនាយករដ្ឋមន្ត្រី លី សៀនឡុង
រូបភាព៖ គណនីហ្វេសប៊ុកផ្លូវការលោកនាយករដ្ឋមន្ត្រី លី សៀនឡុង
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​សុខភាព​របស់​ប្រជាជន​ខ្លួន ជាពិសេស​នៅពេល ពួកគេ​ចូលដល់​វ័យ​ចំណាស់ ។ ជា​នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជឿនលឿន​របស់​ពិភពលោក លោក លី ក៏បាន​សុំ​ឲ្យ​ប្រជាជន​ខ្លួន រៀបចំ​របៀប​រស់នៅ​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស ដើម្បី​ជៀសវាង​ជម្ងឺ​ទឹកនោមផ្អែម ដែលជា​ជម្ងឺ​ដែល​លោក​មាន​ក្តីបារម្ភ​បំផុត​។



​នាឱកាស​នៃ​ពិធីបុណ្យ​ជាតិ​សិង្ហ​បុរី ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ សីហា លោកនាយក​រដ្ឋមន្ត្រី លី បានលើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ប្រទេស​និង​ប្រជាជន និង​ដំណោះស្រាយ​ដែល​រដ្ឋាភិបាល​របស់លោក ត្រូវធ្វើ​ដើម្បី​ផលប្រយោជន៍​ជាតិ​រយៈពេល​វែង​។ ជម្ងឺ​ទឹកនោមផ្អែម ក៏​ស្ថិតនៅក្នុង​ក្តី​បា​ម្ត​ធំ​របស់លោក លី​ផងដែរ​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​មូល​ហេតុដែល​លោក ត្រូវផ្តោត​សំខាន់​លើ​ជម្ងឺ​ទឹកនោមផ្អែម​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​ប្រជាជន​ជាច្រើន មិនបាន​ចាត់ទុក​ជម្ងឺ​ផ្អែម​ជា​រឿង​ធ្ងន់ធ្ងរ ទើប​វា ក្លាយជា​រឿង​ដ៏​ធ្ងន់ធ្ងរ​បែបនេះ​»​។

​តាម​ការអះអាង​របស់​លោក លី ប្រជាជន​សិង្ហ​បុរី ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រជាជន​ពិភពលោក ដែល​រស់នៅ​បានយូរ​ជាងគេ​ផងដែរ ពោលគឺ ប្រជាជន​សិង្ហ​បុរី អាច​រស់នៅ​បានជា​អាយុ​មធ្យម​៨២​ឆ្នាំ​ឯនោះ​។ យ៉ាងណាក៏ដោយ ការណ៍​ដែល​ធ្វើ​ឲ្យ​លោក មិនទាន់​អាច​ទទួលយកបាន​ពី​ស្ថានភាព​បច្ចុប្បន្ន​ទាំងស្រុង​នោះ​គឺ មុនពេល​ប្រជាជន​វ័យ​ចំណាស់​ទទួលមរណភាព ពួកគេ មាន​ជម្ងឺ​ដែល​ត្រូវ​អូសបន្លាយ​យ៉ាងតិច​៨​ឆ្នាំ​ដែរ​។ ហើយ​ជម្ងឺ​ទឹកនោមផ្អែម ក៏​ស្ថិតនៅក្នុង​ហេតុផល​មួយ​ដ៏​ធំ​ផងដែរ​។

​ខណៈ​បើកចំហរ​ទទួលយក​រា​ល់​ដំណោះស្រាយ​នានា​ដើម្បី​ស្រាវជ្រាវ និង​អនុវត្ត​លើ​ជម្ងឺ​ទឹក​ផ្អែម កូនប្រុស​ស្ថាបនិក​សិង្ហ​បុ​រិ​រូបនេះ ក៏បាន​លើក​ពី​វិធីសាស្ត្រ​មួយចំនួន​ដែល​ប្រទេស​អឺរ៉ុប និង​ប្រទេស​ជឿនលឿន បាន​យកមកអនុវត្ត​ដូចជា បន្ថែម​ពន្ធ​លើ​ស្ករ​ជាដើម​។ តែ​លោក អះអាងថា វិធីសាស្ត្រ​នេះ ក៏​មិនទាន់មាន​ប្រសិទ្ធភាព​។
​លោក បាន​អះអាងថា នៅពេលនេះ សិង្ហ​បុរី បាន​សម្រេចបាន​ដំណោះស្រាយ​មួយ​ជំហាន​ហើយ​។ នោះ​គឺ រដ្ឋាភិបាល​អាចមាន អ្នក​ផលិត​ភេសជ្ជៈ ដែល​បាន​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ទំនិញ​របស់គេ​ដែល​ដាក់លក់​នៅក្នុង​ប្រទេស​សិ​ង្ហ​បុរី​រួចទៅហើយ​។

​ជុំវិញ​បញ្ហា​ជម្ងឺ​ទឹកនោមផ្អែម​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សុំ​ឲ្យ​ប្រជាជន​សិង្ហ​បុរី​មានការ​ទទួលខុសត្រូវ​ទៅលើ​ការផ្លាស់ប្តូរ​ការរស់នៅ​របស់​ពួកគេ ជាពិសេស​លើ​ផ្នែក​ចំណីអាហារ ដើម្បី​ទប់ស្កាត់​ជម្ងឺ​មួយ​នេះ ។ លោក ប្រាប់​ប្រជាជន​ឲ្យ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ធ្វើ​លំ​ហាត់ប្រាណ និង​គិតគូ​ឲ្យ​បានល្អ​ពី​ការបរិភោគ ក៏ដូចជា​កាត់បន្ថយ​ជាតិ​ស្ករ​ផងដែរ​៕

Tag:
 សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com