ជាតិ
អភិបាលខេត្ត​សៀមរាប​នឹង​ផ្តល់​ម៉ូតូ​ម្នាក់​មួយគ្រឿង​ដល់​សិស្ស​ប្រឡង​ជាប់​និ​ន្ទេ​ស A​ឆ្នាំនេះ​
22, Aug 2017 , 8:59 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង
រូបភាព៖ ហ្វេសប៊ុក អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង មានប្រសាសន៍ថា លោក​នឹង​ផ្តល់ជូន​ម៉ូតូ​ម្នាក់​មួយគ្រឿង ដល់​បេក្ខជន ដែល​ប្រឡង​ជាប់​និ​ន្ទេ​ស A នៅ​ឆ្នាំនេះ​។ ការ​ថ្លែង​បែបនេះ​របស់​អភិបាលខេត្ត​សៀមរាប នៅក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ នៅ​ព្រឹក​ថ្ងៃទី​២១ សីហា​។​



​ក្រៅពី​ប្រកាស​ផ្តល់ជូន​ម៉ូតូ​ម្នាក់​មួយគ្រឿង ដល់​សិស្ស​ប្រឡង​ជាប់​និ​ន្ទេ​ស​A ហើយ​នោះ លោក ឃឹម ប៊ុន​សុង បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព ដើម្បី​ទទួលបាន​ពិន្ទុ​ល្អ​។ លោក​ក៏បាន​កោតសរសើរ​ចំពោះ​ដំណើរ​ការរៀបចំ​ការប្រឡង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។​

​តាម​របាយការណ៍​រប​ស់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​ចំនួន ៧១១៣​នាក់ ក្នុងនោះ​ស្រី ៣៩៦៤​នាក់​។ សម្រាប់​មណ្ឌល​ប្រឡង​មាន​ចំនួន ១១ មាន​បន្ទប់ ២៨៦​បន្ទប់ ក្នុងនោះ​ផ្នែក​វិទ្យាសាស្ត្រ ៦​មណ្ឌល ស្មើនឹង ១៥១​បន្ទប់ និង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ៥​មណ្ឌល ស្មើនឹង ១៣៥​បន្ទប់​៕

Tag:
 ឃឹម ប៊ុន​សុង
© រក្សាសិទ្ធិដោយ thmeythmey.com