កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកជាប់សែរាជវង្សបីប្រទេសមានវត្តមាននៅស៊ីហ្គេម
×
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះលើកនេះ មានអត្តពលិកសរុបជិត៥០០០នាក់ មកពី១១ប្រទេសចូលរួមប្រកួតប្រជែង។ ក្នុងចំណោមអត្តពលិកទាំងអស់មានអត្តពលិកបួនអង្គមកពីបីប្រទេសផ្សេងគ្នាដែលជាប់សែរាជវង្ស មានវត្តមានក្នុងកម្មវិធីប្រកួតកីឡាប្រចាំតំបនអាស៊ាននេះដែរ។
ព្រះអង្គម្ចាស់ក្សត្រី Sirivannavari Nariratana និងសេះរបស់ព្រះនាងឈ្មោះ Prince Charming កំពុងប្រកួតប្រជែងក្នុងកីឡាជិះសេះ។ ម្ចាស់ក្សត្រីដែលមានអាយុ ៣០ ឆ្នាំនេះជាបុត្រីរបស់ស្តេចថៃបច្ចុប្បន្ន Vajiralongkorn។ ព្រះនាងក៏ធ្លាប់បានទទួលមេដាយមាសក្នុងការប្រកួតវិញ្ញាសាវាយសីជាក្រុមផងដែរក្នុងការប្រកួត Sea Game កាលពីឆ្នាំ២០០៥ ដែលថៃធ្វើជាម្ចាស់ផ្ទះនោះ។
ម្ចាស់ក្សត្រី Sirivannavari Nariratana
សែរាជវង្សម្នាក់ទៀតគឺជាកីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិព្រុយណេ គឹព្រះអង្គម្ចាស់ Faiq Bolkiah។ ព្រះអង្គជាបុត្ររបស់ព្រះអង្គម្ចាស់ Jefri Bolkiah និងជាក្មួយប្រុសរបស់ស្តេចព្រុយណេ Hassanal Bolkiah។
ព្រះអង្គម្ចាស់ Faiq Bolkiah
Faiq មានអាយុ ១៩ឆ្នាំ ជាកីឡាករបម្រុងរបស់ក្រុម Leicester City នៃក្របខ័ណ្ឌ Premier League ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡានេះកាលឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី។
Faiq ក៏មានបងប្រុសជីដូនមួយម្នាក់ទៀតឈ្មោះ Abdul Mateen ដែលជាបុត្ររបស់ស្តេចព្រុយណេ Hassanal Bolkiah ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះដែរ។ Mateen មានអាយុ ២៦ឆ្នាំ ជាកីឡាករជិះសេះវាយកូនបាល់ (Polo) របស់ក្រុមជម្រើសជាតិព្រុយណេ។
Abdul Mateen ដែលជាបុត្ររបស់ស្តេចព្រុយណេ Hassanal Bolkiah
ចំណែកសែរាជវង្សមួយអង្គទៀតជាអត្តពលិករបស់ម៉ាឡេស៊ី គឺស៊ុលតង់ Mizan Zainal Abidin ជាស៊ុលតង់មកពីរដ្ឋ Terengganu និងជាកីឡាករប្រណាំងសេះ ។ ស្ដេចស៊ុលតង់ Mizan មានវ័យ ៥៥ ឆ្នាំ បានឈ្នះមេដាយមាសមួយរួចហើយពីព្រឹត្តិការណ៍កីឡាអាស៊ានលើកទី២៩នៅក្នុងផ្ទះខ្លួននេះ ពីការប្រកួតប្រណាំងសេះចម្ងាយ ៨០ គីឡូម៉ែត្រនៃវិញ្ញាសាTeam Endurance។
ស៊ុលតង់ Mizan Zainal Abidin
សូមបញ្ជាក់ថា កីឡារស៊ីហ្គេមប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ហើយព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានលើកទី២៩នេះ មានវិញ្ញាសាជាង៤០០ នៃប្រភេទកីឡាចំនួន៣៨ ដោយមានអត្តពលិកសរុបជិត៥០០០នាក់ មកពី១១ប្រទេស ដើម្បីប្រកួតប្រជែងគ្នាដណ្តើមមេដាយចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហាខាងមុខនេះ៕
Tag:
SEA Games 2017
ម៉ាឡេស៊ី
សែរាជវង្ស
© រក្សាសិទ្ធិដោយ thmeythmey.com