ជាតិ
ក្រសួង​អប់រំ វាយតម្លៃថា ទោះ​មាន​បញ្ហា​ខ្លះ តែ​ការប្រឡង ដំណើរ​ដោយ​រលូន​
21, Aug 2017 , 6:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ថ្ងៃទី​១ បាន​ដំណើរ​ទៅដោយ​រលូន​។ ក្រសួង​អប់រំ បាន​វាយតម្លៃ​យ៉ាង​ដូច្នេះ បន្ទាប់ពី​ការប្រឡង បានបញ្ចប់​នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២0១៧​នេះ​។

 


​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ ថ្ងៃទី​១​នេះ មិនមាន​បាតុភូត​អ្វី កើតឡើង ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការប្រឡង នោះទេ​។ ក្រសួង​អប់រំ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាពស្ងប់ស្ងាត់ និង​មាន​របៀបរៀបរយ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈកម្មការ មេ​ប្រយោគ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​»​។​



​យ៉ាង​ក៏ដោយ ភាពមិនប្រក្រតី​ខ្លះ បាន​កើតឡើង​ក្នុងអំឡុង​នៃ​ការប្រឡង​។ ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា បេក្ខជន​មួយចំនួន​តូច បាន​ប្រព្រឹត្ត​កំហុសឆ្គង ដូចជា​ការប្រើ​ទូរ​សព្ទ​ដៃ និង​ការលួចចម្លង ជាដើម​។ 

​ក្រៅពីនេះ បេក្ខជន​ខ្លះទៀត មាន​បញ្ហា​សុខភាព ក្នុងពេល​ប្រឡង​។ បើតាម​ការបញ្ជាក់​ក្រសួង​អប់រំ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បេក្ខជន ដែលមាន​បញ្ហា​សុខភាព មាន​ចំនួន ២៣​ករណី ដោយ​ក្នុងនោះ ២១​ករណី អាច​បន្ត​ការប្រឡង បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ ប៉ុន្តែ ២​ករណី​ទៀត មិនអាច​បន្ត​ការប្រឡង នោះទេ​។

​ក្រសួង​អប់រំ អះអាង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៀតថា មណ្ឌល​មួយចំនួន ក្នុង​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ រួមទាំង​មណ្ឌល​មួយចំនួនទៀត ក្នុង​ខេត្តបាត់ដំបង ខេត្តកណ្ដាល និង​ខេត្តក្រចេះ មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការប្រឡង​ឡើយ​។

​សូមបញ្ជាក់ថា ការប្រឡង​ថ្ងៃនេះ មាន​បេក្ខជន​ជាង ១​សែន​នាក់​។ ហើយ​បេក្ខជន ដែល​អវត្តមាន មាន​ជាង ១​ពាន់​នាក់​៕


Tag:
 ​ប្រឡង​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com