កីឡាជាតិ
ជាតិ
ពេជ្រ ម្ទេសខ្មាំង ប៉ះ​កីឡាករ​ហ្វីលីពីន ម្ចាស់​មេដាយមាស​ពីរ​ជំនាន់​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
22, Aug 2017 , 9:00 am        
រូបភាព
​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង ដែលមាន​ឈ្មោះ​ដើម​ថា ណាត សៀក​និ​ន ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ហ្វីលីពីន Mario Fernandez នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​សង្វៀន​នៃ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែសីហា នេះ​។​

 
​នា​ការប្រកួត​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ ពេជ្រ ម្ទេសខ្មាំង បាន​យកឈ្នះ​កីឡាករ​សិង្ហ​បុរី Danial Abdul Jalil មុន​ពេលដែល​កីឡាករ​ហ្វីលីពីន Mario Fernandez ទម្លាក់​កីឡាករ​វៀតណាម Tran Phu Cuong ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម​ដូចគ្នា​។​
 
Mario Fernandez គឺជា​ម្ចាស់​មេដាយមាស​ពីរ​ជំនាន់​ជាប់ៗ​គ្នា (​ឆ្នាំ​២០១៣​នៅ​មី​យ៉ាន់​ម៉ា និង​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី​) ហើយក៏​ជា​ម្ចាស់​មេដាយប្រាក់​កីឡា Asian Games កាលពី​ឆ្នាំ​២០១៤​ផងដែរ​។ Fernandez ស្ថិតក្នុង​ចំណោម​កីឡាករ​ហ្វីលីពីន​៥​នាក់ ដែល​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​អង្គារ​នេះ តាម​ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា​។​
 
​ពេជ្រ ម្ទេសខ្មាំង ជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុងចំណោម​៥​នាក់​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ឈានចូល​តំបន់​មេដាយ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ម៉ាឡេស៊ី​នេះ​។ កាលពី​ថ្ងៃអាទិត្យ កីឡាករ សាន តុលា កីឡាករ ហង្ស រ៉ា​ម៉ន និង​កីឡាករ ផល សុ​ភ័​ណ្ឌ សុទ្ធតែ​រង​នូវ​ការខកចិត្ត​រៀងៗ​ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន​។​
 
​ជាមួយគ្នានេះ​ផងដែរ កីឡាករ​ដើមកំណើត​គុយបា ហ្វី​លី​ក ម៉ឺ​លីន ម៉ា​ទីន បាន​រង​បរាជ័យ​ក្រោម​កណ្តាប់ដៃ​របស់​កីឡាករ​ហ្វីលីពីន​ដើមកំណើត​អង់គ្លេស Marvin John Noble Tupas នាវ​គ្គមួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​នៃ​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម​។ 

កីឡាករដើមកំណើតគុយបា ហ្វីលីក របស់កម្ពុជា រងការបង្គ្រប់ពី Marvin កីឡាករហ្វីលីពីនដើមកំណើតអង់គ្លេស។ រូបថត NOCC/NagaWorld
 
Marvin បានធ្វើ​ឲ្យ ហ្វី​លី​ក បាន​បាត់​ជំហរ​ជាច្រើនលើក រហូតដល់​អាជ្ញាកណ្តាល​រាប់​ដល់​៨​ចំនួន​២​លើក​ផងដែរ​។ បើទោះបីជា​ស្ទើរតែ​បាត់បង់​ជំហរ​ក៏ដោយ ក៏ ហ្វី​លី​ក តស៊ូ​រហូតដល់​បញ្ចប់​ទឹក​ទី​៣ មុនពេល​អាជ្ញាកណ្តាល​ប្រកាស​ជ័យជម្នះ​សម្រាប់​កីឡាករ​ហ្វីលីពីន​។​
 
​រីឯ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត​ក្នុង​ទម្ងន់​៥៦​គីឡូក្រាម កីឡាករ​ថៃ Chatchai Butdee​ ប្រកួត​ជាមួយ​កីឡាករ​ឡាវ Chansamone Vilaysack​។ កីឡាករ​ដែល​ឈ្នះ​ត្រូវ​បន្តដំណើរ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ​ដែល​រង​បរាជ័យ ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន​៕

 

Tag:
 SEA Games 2017
  ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com