កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ក្រុម​បាល់ទះ​កម្ពុជា ប៉ះ​ក្រុម​ខ្លាំង​ថៃ​រសៀល​នេះ បន្ទាប់ពី​ចាញ់​ម្ចាស់​ម៉ាឡេស៊ី ៣-០
22, Aug 2017 , 9:27 am        
រូបភាព
ក្រុមកីឡាបាល់ទះកម្ពុជា (ក្រហម) នាជំនួបជាមួយម្ចាស់ផ្ទះ។ រូបថត NOCC/NagaWorld
ក្រុមកីឡាបាល់ទះកម្ពុជា (ក្រហម) នាជំនួបជាមួយម្ចាស់ផ្ទះ។ រូបថត NOCC/NagaWorld
​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​រង​នូវ​ការ​ចិត្ត​នា​ការប្រកួត​បើកឆាក​ពូ​ល A ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ដោយ​ចាញ់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ៣-០ ។ នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែសីហា នេះ កម្ពុជា បន្ត​ជួប​ក្រុម​ខ្លាំង​ថៃ នៅ​តារាង​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC ក្រុង​គូ​ឡា​ឡាំ​ពួរ ដដែល​។​

 
​ការប្រកួត​បើកឆាក​ពូ​ល A កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២១ ខែសីហា ម៉ាឡេស៊ី មាន​អ្នកគាំទ្រ​ជាច្រើន​នាក់ ដោយ​អ្នកគាំទ្រ​រាប់រយ​នាក់ បង្ខំចិត្ត​ឈរ​តម្រង់​ជួរ​នៅ​ខាងក្រៅ ដើម្បី​បាន​កៅអី​ចូល​ទស្សនា​លើកទឹកចិត្ត​ក្រុម​របស់ខ្លួន​នា​ជំនួប​បើកឆាក​ជាមួយ​កម្ពុជា​។​
 
​ម៉ាឡេស៊ី បាន​យកឈ្នះ​សិត​ទីមួយ ក្នុង​លទ្ធផល ២៥-១៨ ហើយ​សិត​ទី​ពីរ​ជាការ​ប្រកួត​ដ៏​តឹងតែង​បំផុត មុនពេល​ម្ចាស់ផ្ទះ​សម្រេច​ជ័យជម្នះ​ក្នុង​លទ្ធផល ៣០-២៨ ហើយ​សិត​ទី​បី ឈ្នះ ២៥-១៧ ។ បញ្ចប់​ការប្រកួត ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ឈ្នះ ៣​សិត​ទល់នឹង ០ ជាមួយនឹង​លទ្ធផល​សរុប ៨០-៦៣ ។​
 
​នៅវេលា​ម៉ោង​៤​រសៀល​នេះ កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ថៃ ដែល​បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ៣-០ នៅ​ថ្ងៃ​បើកឆាក​។ រីឯ​ការប្រកួត​បន្ទាប់ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ត្រូវ​ស្វាគមន៍​មី​យ៉ាន់​ម៉ា​។​
 
​សមាសភាព​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា រួមមាន​កីឡាករ លុច គឹម​សៀន កីឡាករ រ៉ា​ត រ៉ុង កីឡាករ ឌឿ​ន ភា​រិ​ន កីឡាករ សួន ចាន់ណា​រ៉ូ កីឡាករ ពិន សារ៉ុន កីឡាករ អាត វុត្ថា កីឡាករ មា ប៊ិន​យ៉ា កីឡាករ ស៊ូ ម៉េង​ឃាង កីឡាករ ម៉ាច រដ្ឋា កីឡាករ ជុក សោភា កីឡាករ សាធ រដ្ឋា កីឡាករ មី រស្មី​។ 
 
​លោក ខៀវ ភា​រិ​ទ្ធ ជា​អ្នកដឹកនាំ​ក្រុម ដោយមាន​លោក សាន សុ​ក្រិត ជា​គ្រូបង្វឹក លោក គាំ ស៊ា​ង​ហ៊ី​ន និង​លោក ពៅ ប៊ុន​ណាន ជា​គ្រូ​ជំនួយ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com