ជាតិ
សេដ្ឋកិច្ច
កម្ពុជាជាប់ចំណាត់ថ្នាក់ ១៨០ ដែលជាប្រទេសលំបាកបំផុតក្នុងការចុះបញ្ជីប្រកបអាជីវកម្ម
× ភ្នំពេញ៖ កម្ពុជាក្លាយជាប្រទេសមួយ ដែលពិបាកបំផុតក្នុងការចុះបញ្ជីប្រកបអាជីវកម្ម ដោយជាប់ចំណាត់ថ្នាក់លេខ ១៨០ ក្នុងចំណោម ១៨៩ ប្រទេស។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែលបានប្រកាសនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះ។
កម្ពុជាប្រើរយៈពេល ៨៧ថ្ងៃ ដើម្បីចុះបញ្ជីប្រកបរបរអាជីវកម្ម ខណៈប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រើតែរយៈពេល២៥ថ្ងៃប៉ុណ្ណោះ។ ការយឺតយ៉ាវនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសពិបាកបំផុតក្នុងការចុះបញ្ជីប្រកបរបអាជីវកម្ម ដោយទទួលបានចំណាត់ថ្នាក់លេខ ១៨០ ក្នុងចំណោមប្រទេស ១៨៩ប្រទេស។
ដោយឡែក ការចុះបញ្ជីពាណិជ្ជកម្ម តាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ជាភារកិច្ចរបស់ក្រសួង ពាណិជ្ជកម្ម ដែលបានដំណើរការការចុះបញ្ជីពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលអាចចុះបញ្ជីពាណិជ្ជកម្មបាន ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវចំណាយពេលពី ៣ ទៅ៥ ថ្ងៃ។
លោក Miguel Eduardo Sanchez អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោក បានថ្លែងថា មុននឹងចាប់ផ្តើមដំណើរអាជីវកម្ម វិនិយោគិនត្រូវសុំច្បាប់ពីអាជ្ញាធរ និងក្រសួងច្រើនកន្លែង ដែលធ្វើឲ្យប្រទេសកម្ពុជា ត្រូវប្រើរយៈពេលយូរទម្រាំទទួលបានអាជ្ញាប័ណ្ណ។
លោកថា បញ្ហានេះអាជ្ញាធរ និងក្រសួង គួរតែរកវិធីសម្រួលក្នុងការចុះបញ្ជីប្រកបអាជីវកម្ម ឲ្យងាយស្រួលជាងនេះ និងប្រើពេលវេលាខ្លីជាងនេះ៕
Tag:
ធនាគារពិភពលោក
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com